ជាតិ
បរិញ្ញាបត្រ «នាវាចរណ៍» ជាជំនាញថ្មីនៅកម្ពុជា ខណៈធនធានមនុស្សជំនាញនេះកំពុងខ្វះខាត
06, Feb 2022 , 7:59 am        
រូបភាព
ដោយ៖ ហេង ស្រីលីន
 
ភ្នំពេញ៖ ធនធានមនុស្សជំនាញនាវាចរណ៍ នឹងរួមចំណែកជំរុញការអភិវឌ្ឍ វិស័យដឹកជញ្ជូននៅកម្ពុជា។ អ្នកជំនាញបើកនាវាកំពុងមានតម្រូវការខ្លាំង នាពេលបច្ចុប្បន្ន និងអនាគត ខណៈវិស័យដឹកជញ្ជូនកំពុងមមាញឹក ក្នុងប្រទេសកម្ពុជា។

 
កម្ពុជាកំពុងរីកចម្រើន ផ្នែកកសិកម្ម សេដ្ឋកិច្ច និងវិស័យមួយចំនួនទៀត ដែលតម្រូវឱ្យមានភាពសម្បូបែបនៃការដឹកជញ្ជូនទាំងផ្លូវទឹក និងផ្លូវគោក។ តម្រូវការផ្នែកដឹកជញ្ជូនតាមផ្លូវទឹក កំពុងកើនឡើងយ៉ាងខ្លាំងទាំងផ្នែកសេវាកម្មទេសចរណ៍ និងទំនិញ។ ជាមួយគ្នានោះ ធនធានមនុស្ស ជំនាញនាវាចរណ៍ កំពុងខ្វះខាត ដើម្បីបម្រើវិស័យដឹកជញ្ជូនផ្លូវទឹក។
 
លោក សយ សេរីសុវឌ្ឍនៈ អ្នកសម្របសម្រួលកម្មវិធីសិក្សាជំនាញនាវាចរណ៍ លើកឡើងថា វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន បានបើក ជំនាញនាវាចរណ៍ ក្នុងប្រទេសកម្ពុជាដំបូងគេបង្អស់នៅឆ្នាំ២០២១។ ការបើកជំនាញនេះ ក្នុងគោលបំណងបណ្ដុះបណ្ដាលធនធានមនុស្ស និងផ្ដល់ឱកាសឱ្យនិស្សិតកម្ពុជា ចូលរួមជំរុញវិស័យដឹកជញ្ជូននៅកម្ពុជា។
 
លោក សយ សេរីសុវឌ្ឍនៈ បញ្ជាក់ថា៖ « ជំនាញបើកនាវា កំពុងមានតម្រូវការខ្លាំង។ នេះក៏ជាលើកទីមួយហើយ ដែលសាលាផ្តល់ឱកាសឱ្យនិស្សិតខ្មែរ សិក្សាលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក។ ចំពោះនិស្សិតភាគច្រើនជាសិស្សប្រុស មិនសូវមានសិស្សស្រីនោះទេ »។


 
ជំនាញនាវាចរណ៍ ចែកចេញជាពីរផ្នែកសំខាន់ គឺជំនាញអ្នកបើកនាវា និង ពិនិត្យគ្រឿងម៉ាស៊ីន ប្រព័ន្ធភ្លើង រួមទាំងបច្ចេកទេសនៅលើកប៉ាល់។ និស្សិតត្រូវចំណាយពេលសិក្សារយៈពេល៤ឆ្នាំ ពោលគឺដូចទៅនិងជំនាញសិក្សាផ្សេងៗដែរ។ អំឡុងពេលសិក្សា និស្សិតក៏មានឱកាសហាត់ការ នៅកំពង់ផែភ្នំពេញ និងកំពង់ផែខេត្តព្រះសីហនុជាដើម។ និស្សិតអាចបន្តការសិក្សា ឬធ្វើការនៅក្រៅប្រទេស ។
 
លោក សយ សេរីសុវឌ្ឍនៈ បានបន្ថែមថា៖ « ជំនាញនេះមិនត្រឹមតែជួយឱ្យនិស្សិតទទួលបានការងារផ្នែកបើកនាវានេះ នៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏អាចទទួលបានមុខងារជាអ្នកបើកនាវាអន្តរជាតិថែមទៀតផង »។
 
សូមបញ្ជាក់ផងដែរ ការសិក្សាជំនាញ នាវាចរណ៍ នៅ វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ជ្រើសរើសនិស្សិតតែ២៥នាក់ក្នុងមួយឆ្នាំ។ ចំណែកតម្លៃសិក្សាគឺប្រមាណ ៦០០ដុល្លារក្នុងមួយឆ្នាំ៕

Tag:
 ThmeyThmey
  ជំនាញនាវាចរណ៍
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com