អន្តរជាតិ
ម្ចាស់ក្សត្រិយ៍អេលីហ្សាបេតទី២ គ្រងរាជ្យបាន៧០ឆ្នាំហើយ
06, Feb 2022 , 10:19 am        
រូបភាព
ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ជាខួបទី៧០ឆ្នាំនៃការឡើងគ្រងរាជ្យរបស់ម្ចាស់ក្សត្រិយ៍អង់គ្លេស អេលីហ្សាបេតទី២ ។ ទ្រង់ជាស្ដេចដែលអង្គុយលើរាជបល្ល័ង្កយូរជាងគេរបស់អង់គ្លេស ហើយជាប្រមុខរដ្ឋយូរជាងគេដែលនៅមានព្រះជន្មផងដែរ។ ក្នុងសារអបបអរ ម្ចាស់ក្សត្រិយ៍អង់គ្លេសមានបន្ទូលថា នឹងបន្តបម្រើប្រទេសដូចដែលបានសន្យាកាលពី៧០ឆ្នាំមុនដដែល។

 
ព្រះនាងអេលីហ្សាបេត ឡើងគ្រងរាជ្យបន្តពីបិតាស្ដេចចចទី៦ ដែលបានចូលទិវង្គតនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៥២ ដោយយកព្រះនាមក្នុងរាជ្យថា អេលីហ្សាបេតទី២ ។ តាមច្បាប់អង់គ្លេស ព្រះនាងអេលីហ្សាបេត ត្រូវគ្រងរាជ្យភ្លាមៗតែម្ដង ព្រោះជារជ្ជទាយាទស្រាប់។ ចំណែកពិធីសោយរាជ្យសម្បត្តិវិញ ធ្វើនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៥២។
 
«ខណៈយើងប្រារព្ធពិធីនេះ វាផ្ដល់ឱ្យខ្ញុំនូវក្ដីសោមនស្សដើម្បីបញ្ជាក់ជាថ្មីការតាំងសច្ចាដែលខ្ញុំបានធ្វើក្នុងឆ្នាំ១៩៤៧ ថា ជីវិតរបស់ខ្ញុំតែងតែបូជាសម្រាប់អ្នក។» ម្ចាស់ក្សត្រិយ៍អេលីហ្សាបេតទី២ សរសេរបែបនេះក្នុងរាជសាររបស់ទ្រង់ថ្ងៃទី៥ ខែកុម្ភៈ។ 
 
ជាស្ដេចអង់គ្លេស ម្ចាស់ក្សត្រិយ៍អេលីហ្សាបេតទី២ ក៏ជាប្រមុខរដ្ឋប្រទេសសមាជិកអង្គការ Commonwealth និងប្រទេសមួយចំនួនទៀតមានកាណាដា អូស្ត្រាលី និងនូវែលសេឡង់ជាដើម។ មកទល់ឆ្នាំ២០២២ ព្រះអង្គមាននាយករដ្ឋមន្រ្តីដល់ទៅ១៤នាក់មកហើយដែរ។
 
ស្ដេចស្រីអង់គ្លេសអង្គនេះ រៀបអភិសេកជាមួយព្រះអង្គម្ចាស់ហ្វីលីពនៅឆ្នាំ១៩៤៧ និងមានបុត្រាបុត្រី៤អង្គ។ ព្រះអង្គម្ចាស់ឆាល ដែលជាបុត្រាច្បង ជារជ្ជទាយាទផងដែរ។ ក្នុងព្រះរាជសារមុនថ្ងៃគម្រប់ខួបទី៧០ឆ្នាំ ម្ចាស់ក្សត្រិយ៍អេហ្សាបេតទី២ ក៏ប្រកាសគាំទ្រព្រះអង្គម្ចាស់ក្សតិយ៍ Camilla ដែលជាជាយាព្រះអង្គម្ចាស់ឆាល ទទួលងារជាព្រះរាជិនីផងដែរ ពេលព្រះស្វាមីឡើងគ្រងរាជ្យនោះ៕

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com