អន្តរជាតិ
ការសិក្សា៖ បម្រែបម្រួលអាកាសធាតុ នឹងធ្វើឱ្យកាហ្វេឡើងថ្លៃ
07, Feb 2022 , 9:19 am        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
នៅពេលអនាគត ការប្រែប្រួលអាកាសធាតុ នឹងធ្វើឱ្យតម្លៃកាហ្វេកើនឡើង ដោយសារដំណាំកាហ្វេ នឹងពិបាកដាំ ហើយខ្វះខាតដីដាំ។ ពិភពលោកអាចបាត់បង់ផ្ទៃដីស័ក្តិសមសម្រាប់ដាំកាហ្វេប្រមាណពាក់កណ្ដាល ព្រោះកម្តៅផែនដីកើនឡើង។ ជាក់ស្ដែង ប្រេស៊ីលជាប្រទេសដែលដាំកាហ្វេបានច្រើនជាងគេ នឹងបាត់បង់ដីដាំកាហ្វេប្រមាណ៧៩ភាគរយ។

 
បច្ចុប្បន្ន កាហ្វេជាទំនិញសំខាន់ដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារ ប៉ុន្តែនៅថ្ងៃអនាគតមនុស្សអាចនឹងជួបបញ្ហាកង្វះខាតកាហ្វេប្រើប្រាស់។ តាមការសិក្សាថ្មីរបស់អ្នកវិទ្យាសាស្ត្រស្វ៊ីស ចុះផ្សាយលើទិនានុប្បវត្តិ Plos One ការប្រែប្រួលអាកាសធាតុនឹងធ្វើឱ្យកាហ្វេពិបាកដាំ ហើយខ្វះខាតដីដាំ។ ដូច្នេះ ការបំពេញតម្រូវការទីផ្សារមិនគ្រប់គ្រាន់ នឹងធ្វើឱ្យកាហ្វេមានតម្លៃថ្លៃជាងមុន។
 
បម្រែបម្រួលអាកាសធាតុធ្វើឱ្យកម្តៅផែនដីកើនឡើង ដែលប៉ះពាល់ដល់គុណភាពដីដាំដំណាំ ពិសេសដំណាំកាហ្វេ។ តាមការសិក្សា ពិភពលោកអាចនឹងបាត់បង់ផ្ទៃដីស័ក្តិសមចំពោះការដាំកាហ្វេប្រហែលពាក់កណ្តាល ព្រោះកម្តៅផែនដីកើនឡើង។ ជាក់ស្តែង ប្រេស៊ីលដែលជាប្រទេសដាំកាហ្វេធំជាងគេក្នុងពិភពលោក ក៏នឹងត្រូវបាត់បង់ផ្ទៃដីដាំកាហ្វេប្រហែល ៧៩ភាគរយនៅពេលអនាគត។
 
យ៉ាងណាមិញ ការប្រែប្រួលអាកាសធាតុ មិនបានជះឥទ្ធិពលក្នុងកម្រិតស្មើគ្នាទៅគ្រប់តំបន់ទូទាំងពិភពលោកនោះទេ។ តំបន់ខ្លះនៃពិភពលោក អាចទទួលបានអត្ថប្រយោជន៍ពីការប្រែប្រួលអាកាសធាតុដូចជាតំបន់ខ្លះនៃចិន អាហ្សង់ទីន និងអាម៉េរិក ដែលនឹងមានស្ថានភាពដីសមស្របសម្រាប់ដំណាំកាហ្វេ ជំនួសឱ្យការបាត់បង់ដីនៅប្រេស៊ីល និងកូឡុំប៊ី បានមួយចំណែកវិញ។ 
 
វានឹងជួយឱ្យដំណាំកាហ្វេនៅតែមានវត្តមានក្នុងទីផ្សារ តែទន្ធឹមនឹងនេះ វាក៏ជាបញ្ហាដែលធ្វើឱ្យមនុស្សត្រូវផ្លាស់ប្តូរដំណាំដាំឱ្យត្រូវតាមអាកាសធាតុក្នុងតំបន់។ ទាំងអស់នេះហើយដែលជាហេតុនាំឱ្យដំណាំកាហ្វេឡើងថ្លៃនាពលអនាគត។
 
លើសពីនេះ ការសិក្សាក៏បានបង្ហាញពីការប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុទៅលើដំណាំស្វាយចន្ទី និងផ្លែប័រផងដែរ។ គ្រាប់កាហ្វេ ស្វាយចន្ទី និងផ្លែប័រ គឺជាដំណាំពាណិជ្ជកម្មដ៏សំខាន់ក្នុងទីផ្សារសកលលោក ខណៈវាមានកសិករតិចតួចប៉ុណ្ណោះរស់នៅតំបន់ត្រូពិចដែលអាចដាំបាន។ 
 
ប្រសិនបើកម្ដៅផែនដីធ្វើឱ្យកាន់តែខ្វះខាតដីដាំទៀតនោះការផ្គត់ផ្គង់តម្រូវការនាពេលអនាគតនឹងកាន់តែពិបាក ដែលជាហេតុនាំឱ្យតម្លៃកើនឡើងខ្ពស់។ តាមពិតការឡើងថ្លៃកាហ្វេអាចជារឿងល្អសម្រាប់អ្នកដាំកាហ្វេលក់ ប៉ុន្តែវាក៏ជាវិបត្តិសម្រាប់អ្នកប្រើប្រាស់មួយភាគធំនៃពិភពលោក៕
 

Tag:
 កាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com