ជាតិ
ដ្បិតមានពិការភាពភ្នែក លោក សូ សៀមសុខឃីម ខំសិក្សាឥតរួញរា និងមានឆន្ទៈចូលរួមអភិវឌ្ឍសង្គម
07, Feb 2022 , 9:59 am        
រូបភាព
សូ សៀមសុខឃីម ថតរូបជាមួយ លោកស្រី Pauline Tamesis ដែលជាអ្នកសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា
សូ សៀមសុខឃីម ថតរូបជាមួយ លោកស្រី Pauline Tamesis ដែលជាអ្នកសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា
ដោយ៖ លិវ លីម៉ឹង
 
ភ្នំពេញ៖ លោក សូ សៀមសុខឃីម បានពិការភ្នែកទាំងគូចាប់តាំងពីមានអាយុ១៣ឆ្នាំមក។ ទោះមានពិការភាពតាំងវ័យក្មេងក៏ពិតមែន ប៉ុន្តែបុរសម្នាក់នេះ ប្រឹងប្រែងរៀនសូត្រឥតមានរួញរាឡើយ។ បច្ចុប្បន្ន សុខឃីម កំពុងសិក្សាថ្នាក់បរិញ្ញបត្រ ជំនាញទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យមួយ នៅរាជធានីភ្នំពេញ។ យុវជនវ័យ២៤ឆ្នាំរូបនេះ តាំងចិត្តសិក្សាបន្តទៀតក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ ដើម្បីក្លាយជាចំណែកមួយ ចូលរួមអភិវឌ្ឍសង្គមជាតិ។

 
សុខឃីម មានបញ្ហាជំងឺបាយបាតភ្នែក តាំងពីកំណើតមក។ រហូតដល់ជួបគ្រោះថ្នាក់ចរាចរណ៍មួយ ក៏បានធ្វើឱ្យភ្នែកទាំងគូរបស់លោក មិនអាចមើលឃើញមកទល់បច្ចុប្បន្ន។ ដ្បិតពិការភាពភ្នែកក៏ពិតមែន ប៉ុន្តែ សុខឃីម ត្រូវបានឪពុកម្តាយបញ្ជូនទៅរៀនភាសាអង់គ្លេស។ ក្រោយមក លោកបានចូលរៀននៅសាលាអប់រំពិសេស សម្រាប់អ្នកមានពិការភាពភ្នែក របស់អង្គការគ្រួសារថ្មី។ បច្ចុប្បន្នសាលារៀននេះ បានក្លាយជាសាលារដ្ឋ។
 
លោកសូ សៀមសុខឃីម បានលើកឡើងថា៖«ខ្ញុំបានចូលរៀនអង់គ្លេសខ្លះ។ បន្ទាប់មកទៀត ខ្ញុំបានចូលរៀននៅសាលាពិសេស សម្រាប់អ្នកពិការភ្នែក នៅអង្គការគ្រួសារថ្មី...។ ចាប់ពីថ្នាក់ទី៣ទៅ ខ្ញុំបានចូលរៀនជាមួយអ្នកធម្មតា។ មានន័យថា ខ្ញុំរៀនពីរពេល ដោយរៀននៅសាលាពិសេសមួយពេល និងរៀនជាមួយអ្នកធម្មតាមួយពេល»។


 
មិនថាសិក្សាជាមួយអ្នកមានពិការភាពភ្នែកដូចគ្នា ឬជាមួយមិត្តរួមថ្នាក់ដែលមានកាយសម្បទាគ្រប់គ្រាន់នោះទេ សុខឃីម គឺអាចសម្របខ្លួនបានយ៉ាងល្អ ក្នុងការសិក្សា។ មកទល់សព្វថ្ងៃ យុវជនរូបនេះ កំពុងសិក្សាឆ្នាំទី៣ ជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យកម្ពុជា។ ក្នុងដំណើរនៃការសិក្សានេះ សុខឃីម បានទទួលបានការគាំទ្រជាខ្លាំង ពីឪពុកម្តាយ គ្រូបង្រៀន និងមិត្តភក្តិ ដែលលើកទឹកចិត្ត សុខឃីម ក្នុងការឆ្ពោះទៅមុខជានិច្ច។ 
 

ក្រៅពីការសិក្សា សុខឃីម ថែមទាំងបានចូលរួមសកម្មភាពការងារស្ម័គ្រចិត្តនានា ដែលពាក់ព័ន្ធនឹងយុវជន និងកុមារទៀតផង។ យុវជនរូបនេះ បាននិយាយថា៖«តាមពិតទៅ ការចូលរួមការងារសង្គមដំបូងរបស់ខ្ញុំ ផ្តើមចេញពីការងារក្នុងសាលាសិន[...]។ បន្ទាប់មកទៀត ខ្ញុំមានឱកាស Exchange Study [ផ្លាស់ប្តូរការសិក្សា] នៅក្រៅ»។ 
 
បើតាម សុខឃីម ការងារស្ម័គ្រចិត្ត បានធ្វើឱ្យលោកស្គាល់មនុស្សកាន់តែច្រើន បានរៀនសូត្រអ្វីថ្មីៗ និងជំរុញឲ្យមានគំនិតចង់ក្លាយជាចំណែកជួយសង្គមវិញ។  លោក បានបញ្ជាក់ដូច្នេះថា ៖«បើសិនយើងអង្គុយយកតែពីសង្គម ក៏អត់កើតដែរ ព្រោះយើងក៏បានរៀនដែរ។ អ៊ីចឹង យើងគួរតែយកអ្វីដែលយើងបានរៀន យកទៅបំពេញនៅក្នុងសង្គមទៅតាមលទ្ធភាព និងសមត្ថភាពដែលយើងអាចធ្វើបាន»។ 
 
សម្រាប់ សុខឃីម ការងារស្ម័គ្រចិត្តនៅក្នុងសង្គម និងការសិក្សា គឺជាផ្នែកអាទិភាពមួយ នៃការអភិវឌ្ឍចំណេះដឹងរបស់លោក។ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លោក សុខឃីម នឹងបន្តការសិក្សាទៀត ដើម្បីក្លាយជាចំណែកមួយចូលរួមអភិវឌ្ឍសង្គម។ លោក បានលើកឡើងថា ៖«អ្វីដែលខ្ញុំ គិតថាអាចក្លាយទៅបាន គឺខ្ញុំចង់ធ្វើជាមន្រ្តីរដ្ឋ...ហើយខ្ញុំចង់បន្តការសិក្សាបន្ថែមទៀត ទៅដល់កម្រិតខ្ពស់បំផុតដែលអាចធ្វើទៅបាន និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម ជាមួយរដ្ឋាភិបាលតាមលទ្ធភាពដែលអាចធ្វើទៅបាន តាមរយៈចំណេះដឹងដែលបានពីការរៀនសូត្រ»៕ 

Tag:
 យុវជន
  ពិការភាព
  សែម សុឃីម
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com