ជាតិ
ចម្ការមៀនប៉ៃលិនរបស់អ្នកស្រី សំណាង បានជួយជំរុញកសិ-ទេសចរណ៍ក្នុងសុ្រកបន្ទាយស្រី
06, Feb 2022 , 10:59 pm        
រូបភាព
ចម្ការមៀនប៉ៃលិន អ្នកស្រី ដួង សំណាង
ចម្ការមៀនប៉ៃលិន អ្នកស្រី ដួង សំណាង
ដោយ៖ ហេង ស្រីលីន
 
អ្នកស្រី ដួង សំណាង ជាម្ចាស់«ចម្ការតាង៉ែនជើងភ្នំគូលែន» ដែលស្ថិតក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ដើមតាង៉ែនចំនួន៤០០ដើម ដែលអ្នកស្រីដាំដុះនៅលើផ្ទៃដី៣ហិកតា កំពុងចូលរួមចំណែកនៅក្នុងការជំរុញ វិស័យកសិ-ទេសចរណ៍ ក្នុងស្រុកបន្ទាយស្រី។ បើតាមអ្នកស្រី ដួង សំណាង ភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅចម្ការរបស់អ្នកស្រី អាចដើរលេងក្នុងចម្ការ និងកាច់តាង៉ែនទទួលទានដោយសេរី។ មិនតែប៉ុណ្ណោះ ទេសចរក៏អាចសម្រាកលំហែជាមួយនឹងបរិយាកាសធម្មជាតិ នៅក្នុងរមណីយដ្ឋានដែលអ្នកស្រីបានរៀបចំឡើងផងដែរ។

 
អ្នកស្រី ដួង សំណាង ជាម្ចាស់«ចម្ការតាង៉ែនជើងភ្នំគូលែន» ដែលស្ថិតក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ អ្នកស្រី បានចាប់ផ្តើមដាំមៀនប៉ៃលិន ចំនួន៤០០ដើម ដែលដាំដុះលើផ្ទៃដីទំហំ៣ហិកតា តាំងពីឆ្នាំ២០២១៦មក ក្នុងបំណងប្រមូលផលដូចកសិករដទៃទៀត។ ប៉ុន្តែនៅដើមឆ្នាំ២០២១  ម្ចាស់កសិដ្ឋាន បានចាប់ផ្តើមសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ក្នុងការជំរុញវិស័យកសិ-ទេសចរណ៍ក្នុងស្រុករបស់ខ្លួន។
 
តាមរយៈកិច្ចសហការនេះ អ្នកស្រី សំណាង បានអនុញ្ញាតឱ្យភ្ញៀវទេសចរ ចូលដើរលេងកម្សាន្តនៅក្នុងចម្ការតាង៉ែនរបស់ខ្លួន និងអាចកាច់ទទួលទានដោយសេរី តែទេសចរត្រូវជួយទិញតាង៉ែនរបស់អ្នកស្រីចាប់ពី១០គីឡូក្រាមឡើង ជាមួយនឹងតម្លៃ៥ ០០០រៀល ក្នុងមួយគីឡូក្រាម។ ម្ចាស់ចម្ការរូបនេះ  បានប្រាប់សារព័ត៌មានថ្មីៗ ពីមូលហេតុដែលអ្នកស្រីសហការជាមួយរដ្ឋបាលស្រុកថា៖ «ខ្ញុំធ្វើបែបនេះគឺចង់ឱ្យភ្ញៀវបានញាំផ្លែឈើធម្មជាតិស្រស់ៗ និងមានរសជាតិឆ្ងាញ់។ មួយវិញទៀត ពួកគាត់អាចបេះបានតាមចិត្ត និងដើរលំហែក្នុងចម្ការយ៉ាងសប្បាយចិត្ត។ ទាំងនេះហើយដែលខ្ញុំចង់បាន»។ នេះជាការបញ្ជាក់បន្ថែមពីអ្នកស្រី។


ខាងឆ្វេងជាអ្នកស្រី ដួង សំណាង ម្ចាស់ចម្ការមៀ~ងស្ដាំ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី
 
ក្រៅពីអនុញ្ញាតឱ្យទេសចរចូលកម្សាន្ត នៅក្នុងចម្ការមៀនប៉ៃលិនរបស់ខ្លួនហើយ អ្នកស្រី ដួង សំណាង ក៏មានរៀបចំជារមណីយដ្ឋាន សម្រាប់ទទួលភ្ញៀវទេសចរសម្រាកលំហែ ជាមួយនឹងបរិយាកាសធម្មជាតិផងដែរ។
 
នេះជាឆ្នាំទី២ហើយ ដែលរដ្ឋបាលស្រុកបន្ទាយស្រី បានសហការ ជាមួយនឹងម្ចាស់ចម្ការតាង៉ែននេះ ក្នុងបំណងជំរុញវិស័យកសិ-ទេសចរណ៍ក្នុងស្រុក និងផ្តល់បទពិសោធន៍ថ្មីៗដល់ភ្ញៀវទេសចរ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងប្រាប់សារព័ត៌មានថ្មីៗដូច្នេះ ជាមួយនឹងពន្យល់បន្ថែមថា ភ្ញៀវទេសចរ នឹងទទួលបាននូវការចែករំលែកបទពិសោធន៍ដាំដុះ និងថែទាំដំណាំពីកសិករផ្ទាល់ ក៏ដូចជាបទពិសោធន៍ដើរកម្សាន្តក្នុងចម្ការផ្លែឈើផ្ទាល់។ មិនតែប៉ុណ្ណោះ គម្រោងនេះ ក៏នឹងរួមចំណែកបង្កើនតម្លៃផលិតផលកសិកម្មរបស់កសិករ និងផ្តល់ប្រាក់ចំណូលបន្ថែមដល់សហគមន៍។
 
អភិបាលស្រុករូបនេះ ក៏ចង់ឱ្យកសិករផ្សេងទៀត ងាកមកចាប់អារម្មណ៍ផ្នែកកសិទេសចរណ៍នេះឱ្យកាន់តែច្រើនដែរ ដើម្បីផលប្រយោជន៍រួមសម្រាប់សហគមន៍។ គួរបញ្ជាក់ផងថា ក្រៅពីចម្ការមៀនប៉ៃលិននេះ រដ្ឋបាលស្រុកបន្ទាយស្រី ក៏បានសហការជាមួយម្ចាស់ចម្ការផ្លែឈើជាច្រើនមុខទៀត ដើម្បីបម្រើដល់វិស័យកសិ-ទេសចរណ៍ និងកសិ-ឧស្សាហកម្មផងដែរ៕


មៀនប៉ៃលិន ក្នុងចម្ការអ្នកស្រី ដួង សំណាង

 

Tag:
 អ្នកស្រី ដួង សំណាង
  ចម្ការមៀនប៉ៃលិន
  កសិទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com