កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ថា មិនទាន់សម្រេចចិត្តរឿងរកក្លិបថ្មី ខណៈប្តេជ្ញាជួយក្រុមឈ្នះ Real Madrid
07, Feb 2022 , 11:29 am        
រូបភាព
ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយថា គេ​មិនទាន់សម្រេចចិត្តនៅឡើយរឿងទៅកាន់ក្លិបថ្មី ក្រោយពេលជួយ Paris Saint Germain ឈ្នះ Lille ក្នុងលទ្ធផល ៥-១ កាលពី​ថ្ងៃទី៦ ខែមករា។

 
ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ ត្រូវបានកាសែតជាច្រើនរាយការណ៍ថា បានព្រមព្រៀងក្នុងការផ្ទេរទៅក្លិបយក្ស Real Madrid ក្រោយពេលចប់រដូវកាល។ អនាគតរបស់ Mbappe នៅតែស្រពេចស្រពិលនៅឡើយ បើទោះបីជា Real Madrid មិនបានលាក់លៀមពីបំណងចង់បានកីឡាករវ័យ២៣ឆ្នាំ ទៅចូលរួមតាំងពីដើមរដូវកាលមក។
 
កិច្ចសន្យារបស់ Mbappe ជាមួយក្លិប PSG នឹងផុតកំណត់នៅខែមិថុនាឆ្នាំ២០២២នេះ ហើយនឹងចាកចេញពីក្លិប ដោយក្លាយជាកីឡាករគ្មានតម្លៃខ្លួន។ PSG ក៏ព្យាយាមបញ្ចុះបញ្ចូលខ្សែប្រយុទ្ធបារាំងរូបនេះ ឱ្យបន្តកិច្ចសន្យា។ 
 
ឆ្លើយតបទៅការសាកសួរពីសំណាក់គេហទំព័រ Amazon Prime Sport Video ថាតើខ្សែប្រយុទ្ធបារាំងបានសម្រេចចិត្តឬនៅ រឿងផ្ទេរទៅកាន់ Real Madrid របស់អេស្ប៉ាញ Mbappe និយាយថា មិនទាន់សម្រេចចិត្តនៅឡើយចំពោះរឿងទៅក្លិបថ្មី។ 
 
«តាមពិតយើងត្រូវជួប Real Madrid ខ្ញុំមានសិទ្ធិអាចធ្វើគ្រប់យ៉ាងបាន ប៉ុន្តែខ្ញុំក៏មិននិយាយរឿងអ្វីឡើយជាមួយក្រុមគូប្រកួត ហើយខ្ញុំកំពុងផ្តោតអារម្មណ៍ ជួយក្រុមយកឈ្នះលើ Real Madrid នៅ UCL។»Mbappe ប្តេជ្ញាបែបនេះ។
 
ជំនួបក្នុងពានរង្វាន់ UEFA Champions League របស់ក្រុមយក្សក្នុងតំបន់អឺរ៉ុបទាំងពីរ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈជើងទីមួយ នៅទីក្រុងម៉ាឌ្រីដ និងជើងទីពីរនៅថ្ងៃទី៩ ខែមីនាដែលប្រកួតនៅទីក្រុងប៉ារីសវិញម្តង៕
 

Tag:
 Kylian Mbappe
  PSG
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com