កីឡាជាតិ
ជាតិ
មុនស៊ីហ្គេម គុនខ្មែរព្យាយាមបង្កើនសមត្ថភាពខ្លួនក្នុងកម្មវិធីប្រកួតតាមទូរទស្សន៍ រូបការចុះហត្ថលេខា របស់សហព័ន្ធប្រដាល់គុនខ្មែរ និង CBS រូបពីសហព័ន្ធគុនខ្មែរ
× សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសហការជាមួយក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា CBS ក្នុងការបង្កើតកម្មវិធីប្រកួតគុនខ្មែរថ្មីមួយទៀត ក្នុងគោលបំណងលើកកម្ពស់គុនខ្មែរ និងផ្តល់ឱកាសឲ្យអ្នកប្រដាល់បង្កើនសមត្ថភាព មុនពេលដែលកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។
«កីឡាកសាងមនុស្ស មនុស្សកសាងសង្គម»។ នេះជាការគូសបញ្ជាក់របស់ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា នាពិធីចុះហត្ថលេខាស្តីពីកិច្ចសហការរវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង CBS កាលពីថ្ងៃសុក្រ ទី៤ ខែកុម្ភៈ កន្លងមក ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
លោក អ៊ុក សិទ្ធិជាតិ បានលើកឡើងពីសារសំខាន់របស់វិស័យកីឡាក្នុងការកសាងធនធានមនុស្ស ដែលស្របតាម ដែល ស្របតាម គោលនយោបាយជាតិ កាយ និងកីឡា ជាពិសេសផែនការក្នុងការឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។
ជាមួយគ្នានេះដែរ លោក ខៀវ កាញារីទ្ធ បានក្រើនរំលឹកពីការណែនាំរបស់សម្តេច ហ៊ុន សែន ទាក់ទងនឹងការដាក់រូប Mascots នៅរាល់កម្មវិធី និងសកម្មភាពកីឡាទាំងអស់ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយបន្ថែម និងបញ្ជ្រាបការយល់ដឹង ពីដំណើរឆ្ពោះ ទៅស៊ីហ្គេម២០២៣ ។
កីឡាប្រដាល់គុនខ្មែរ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា កំណត់ថាជាប្រភេទកីឡាមួយដែលមានសក្ដានុពល សម្រាប់ព្រឹត្តិ ការណ៍កីឡាស៊ីហ្គេម លើកទី៣២។
ព្រឹត្តិការណ៍ CBS គុនខ្មែរ ជាការប្រកួតដណ្ដើមខ្សែរក្រវាត់ ពីរប្រភេទទម្ងន់ផ្សេងគ្នា គឺទម្ងន់៥៤គីឡូក្រាម និង៥៧គីឡូក្រាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ខែមិនា ដល់ថ្ងៃទី១ ខែកក្កដា រៀងរាល់ល្ងាចថ្ងៃសុក្រ។ កីឡាករចូលរួមមានសរុប១៦នាក់លើ២ វិញ្ញាសាទម្ងន់ផ្សេងគ្នា ដោយប្រភេទទម្ងន់នីមួយៗ ត្រូវចែកចេញជា២ពូល ក្នុងមួយពូល៤ នាក់ ។
កីឡាករ ត្រូវប្រកួតវិលជុំសន្សំពិន្ទុនៅក្នុងពូល ហើយក្នុងមួយពូល គឺយកពីរនាក់ ដើមបន្ដមកវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ ។ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តម្រូវឲ្យកីឡាករលេខ១ក្នុងពូល A ប្រកួតជាមួយ លេខ២ ក្នុងពូល B និង លេខ១ក្នុងពូល B ប្រកួតជាមួយ លេខ២ ក្នុងពូល A ហើយកីឡាករ ដែលឈ្នះនៅវគ្គនេះ ត្រូវប្រកួតគ្នាយកចំណាត់ថ្នាក់លេខ១ និងលេខ២ ខណៈ អ្នកចាញ់ទាំងពីរអ្នកវិញ ត្រូវប្រកួត យកចំណាត់ថ្នាក់លេខ៣ ៕
© រក្សាសិទ្ធិដោយ thmeythmey.com