អន្តរជាតិ
ទីប្រឹក្សាសន្តិសុខអាម៉េរិក៖ រុស្ស៊ីអាចនឹងឈ្លានពានអ៊ុយក្រែននៅប៉ុន្មានថ្ងៃខាងមុខ
07, Feb 2022 , 12:29 pm        
រូបភាព
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan ។ រូបថត AFP
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan ។ រូបថត AFP
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក Jake Sullivan នៅថ្ងៃទី៦ ខែកុម្ភៈ ព្រមានថា ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន អាចនឹងបញ្ជាឱ្យកងទ័ពវាយប្រហារអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍​ខាងមុខនេះ ប្រសិនបើរុស្ស៊ីមិនព្រមដោះស្រាយតាមការទូត។ យ៉ាងណាមិញ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអឺរ៉ុប កំពុងញាប់ដៃជើងព្យាយាមជំរុញឱ្យលោក ពូទីន ជ្រើសរើសផ្លូវមួយដែល​នឹង​មិន​បង្ក​ជាសង្គ្រាម។

 
«នៅប៉ុន្មានថ្ងៃទៀត រុស្ស៊ីអាចចាត់វិធានការយោធាប្រឆាំងនឹងអ៊ុយក្រែន ឬវាអាចមានរយៈពេលពីរ​ទៅ​បី​សប្តាហ៍ចាប់ពីពេលនេះទៅ ឬរុស្ស៊ីអាចជ្រើសរើសផ្លូវការទូតជំនួសវិញ»។ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាម៉េរិក លោក Jake Sullivan បានបញ្ជាក់បែបនេះអំឡុងបទសម្ភាសតាមទូរទស្សន៍ក្នុ ងកម្មវិធី Fox News Sunday នៅ​ថ្ងៃទី៦ ខែកុម្ភៈ។
 
បន្ថែមពីនេះ ទីប្រឹក្សាសន្តិសុខអាម៉េរិក បង្ហាញផែនការប្រតិបត្តិការយោធារុស្ស៊ីផងដែរ។ លោកសង្កត់ធ្ងន់ថា ប្រសិនបើលោក វ៉្លាឌីមៀ ពូទីន មិនជ្រើសរើសផ្លូវចរចាការទូតនោះទេ សកម្មភាព​របស់​រុស្សីនឹងរួមមានការវាយក្ដោបក្ដាប់ និងបញ្ចូលតំបន់ Donbass របស់អ៊ុយក្រែនមកដាក់ក្រោម​ការ​គ្រប់​គ្រងរបស់រុស្ស៊ី ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ឬការឈ្លានពានពេញលេញតែម្ដង។ តំបន់ Donbass ជាតំបន់ដែលមានពួកបំបែកខ្លួនគាំទ្រដោយរុស្ស៊ីត្រួតត្រាតាំងពីឆ្នាំ២០១៤។
 
លោក Sullivan បានលើកឡើងបែបនេះ បន្ទាប់ពីមន្ត្រីអាម៉េរិកពីររូបនៅថ្ងៃទី៥ ខែកុម្ភៈ អះអាងថា រុស្ស៊ី​រៀបចំកម្លាំងប្រហែល៧០ភាគរយនៃកម្លាំងប្រយុទ្ធសរុបដែលត្រូវជឿជាក់ថា គ្រប់គ្រាន់សម្រាប់​ការ​លុកលុយអ៊ុយក្រែនយ៉ាងពេញលេញ។
 
ខណៈស្ថានការណ៍នៅតែក្ដី អាម៉េរិក និងសម្ព័ន្ធមិត្តកំពុងធ្វើសកម្មភាពការទូតកាន់តែខ្លាំងដែរ។ មុន​ចេញដំណើរទៅទីក្រុងមូស្គូដើម្បីបន្ធូរបន្ថយភាពតានតឹង ប្រធានាធិបតីបារាំង​ អេម៉ានុយអែល ម៉ាក្រុង បានជួបជជែកតាមទូរសព្ទជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ដើម្បី​សម្រប​សម្រួល​ជំហរ​រួម​ ហើយក៏បានពិភាក្សាអំពីកិច្ចខិតខំផ្នែកការទូត និងវិធានការនានាដើម្បីឆ្លើយតប​ការបន្ត​បង្កើន​កម្លាំង​យោធារបស់រុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន។ នេះបើតាមសេចក្ដីប្រកាសរបស់សេតវិមាន។
 
ចំណែកឯអ៊ុយក្រែនឯណោះ ប្រទេសនេះក៏បានព្យាយាមរម្ងាប់ការភ័យខ្លាច​របស់ប្រ​ជាជន​ជុំវិញលទ្ធភាពនៃការឈ្លានពានពីសំណាក់រុស្ស៊ីផងដែរ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba បាន​ជំរុញឱ្យប្រជាជនកុំព្យាករទុកជាមុនពីផលវិបាកអាក្រក់ៗ។ លោក អះអាងថា អ៊ុយក្រែនរឹងមាំ និង​មាន​ការគាំទ្រពីអន្តរជាតិដែលមិនធ្លាប់មានពីមុនមក។
 
ទាក់ទងការគាំទ្រកម្លាំងអ៊ុយក្រែននេះ ទីក្រុងវ៉ាស៊ីនតោនធ្លាប់បានបញ្ជាក់ច្បាស់ថា អាម៉េរិក នឹង​មិន​បញ្ជូនទ័ពទៅប្រទេសនេះដើម្បីការពារសន្តិសុខនោះឡើយព្រោះអ៊ុយក្រែនមិនមែនជាសមាជិកសម្ព័ន្ធណាតូ។ យ៉ាងណាមិញ ថ្មីៗនេះអាម៉េរិកបានបញ្ជូនទ័ពជាង៣០០០នាក់ទៅប៉ូឡូញ និងរូម៉ានី​ដើម្បី​ការពារតំបន់អឺរ៉ុបខាងកើតពីការរាលដាលនៃសង្គ្រាម។
 
រីឯរឿងដាក់ទណ្ឌកម្មវិញ អាម៉េរិកនិង​សម្ព័ន្ធមិត្ត​របស់​ខ្លួនបាន​គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​ទូលំ​ទូលាយ​លើ​រុស្ស៊ី ប្រសិន​បើ​មានការឈ្លានពាន។ អនុរដ្ឋមន្ត្រីក្រសួង​រតនាគារអាម៉េរិក Wally Adeyemo នៅថ្ងៃទី៦ ខែកុម្ភៈ និយាយថា ទណ្ឌកម្មទាំង​នេះនឹង​ប៉ះពាល់ដល់លោក ពូទីន និងឥស្សរជនរុស្ស៊ី ខ្លាំងដោយសារតែពួកគេពឹងផ្អែក​លើអឺរ៉ុបដែលជាដៃគូពាណិជ្ជកម្ម​ដ៏ធំបំផុតរបស់រុស្ស៊ី។ លោក Adeyemo ក៏បញ្ជាក់ថា ការបែរទៅចិន ក៏មិនអាចស្រោចស្រង់ផលវិបាកបានដែរ ព្រោះចិន​មិន​មាន​បច្ចេកវិទ្យាសំខាន់ៗដែលអាម៉េរិក និងសម្ព័ន្ធមិត្តមាននោះឡើយ៕
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com