អន្តរជាតិ
ទាហានប៉ាគីស្ថានយ៉ាងតិច៥នាក់ស្លាប់ដោយសារការបាញ់ប្រហារពីទឹកដីអាហ្វហ្គានីស្ថាន
07, Feb 2022 , 2:41 pm        
រូបភាព
ដោយ:
យ៉ាងហោចណាស់ទាហានប៉ាគីស្ថាន៥នាក់ស្លាប់ដោយសារការបាញ់ប្រហារពីទឹកដីអាហ្វហ្គានីស្ថាន។ នេះបើតាមការប្រកាសរបស់ទីក្រុងអ៊ីស្លាម៉ាបាដនៅថ្ងៃទី​៦​​ ខែកុម្ភៈ។

 
ជាលើកទីពីរក្រោយក្រុមតាលីបង់ឡើងកាន់អំណាចជាថ្មី ការបាញ់ប្រហារពីក្នុងទឹកដីអាហ្វហ្កានីស្ថាន បណ្ដាលឱ្យយោធាប៉ាគីស្ថានយ៉ាងហោចណាស់៥នាក់បាត់បង់ជីវិត។ បើតាមអង្គភាពព័ត៌មានរបស់យោធាប៉ាគីស្ថាន ក្រុមសកម្មប្រយុទ្ធនៅអាហ្វហ្គានីស្ថាន បើកការបាញ់ប្រហារឆ្លងកាត់ព្រំដែនទៅលើកងកម្លាំងប៉ាគីស្ថាននៅក្នុងស្រុក Kurram ។
 
បើតាមសេចក្តីថ្លែងការណ៍ចេញថ្ងៃទី៦ ខែកុម្ភៈ យោធាប៉ាគីស្ថាន បានថ្កោលទោសចំពោះការប្រើទឹកដីអាហ្វហ្គានីស្ថានដោយពួកភេរវករប្រឆាំងប៉ាគីស្ថាន។ ប៉ាគីស្ថានក៏រំពឹងថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្គានីស្ថាននឹងមិនអនុញ្ញាតឱ្យមានសកម្មភាពបែបនេះទៀតនៅពេលអនាគត។ រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន Sheikh Rasheed Ahmad លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោងទៅតាមការសន្យារបស់ខ្លួន រដ្ឋាភិបាលតាលីបង់គួរតែបញ្ឈប់ការវាយប្រហារឆ្លងដែនបែបនេះ។
 
ក្រុមប្រដាប់អាវុធ Tehreek-e-Taliban (TTP) ដែលត្រូវស្គាល់ថា ជាក្រុមតាលីបង់ប៉ាគីស្ថាន ប្រកាសនៅពីក្រោយការវាយប្រហារនេះ ដោយអះអាងថា បានសម្លាប់ទាហានប៉ាគីស្ថាន៦នាក់ក្នុងប្រតិបត្តិការយប់ថ្ងៃទី៥ ខែកុម្ភៈ។ ប៉ុន្តែទីភ្នាក់ងារព័ត៌មានរបស់យោធាប៉ាគីស្ថាន ISPR  លើកឡើងថា សមាជិកកម្លាំងព្រំដែន៥នាក់បានស្លាប់។ បន្ថែមពីនេះ ទាហានប៉ាគីស្ថានបញ្ជាក់ថា ខ្លួនបានវាយប្រហារសងសឹកទៅវិញដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។
 
រដ្ឋាភិបាលតាលីបង់វិញ ចេញមុខបដិសេធចំពោះការចោទថា ការបាញ់ប្រហារនេះចេញមកពីទឹកដីអាហ្វហ្គានីស្ថាន។ លោក Bilal Karimi អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់រងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា អាហ្វហ្គានីស្ថានធានាដល់ប្រទេសផ្សេងៗ ជាពិសេសប្រទេសជិតខាងអាហ្វហ្គានីស្ថានថា គ្មាននរណាម្នាក់នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានប្រឆាំងនឹងប្រទេសទាំងនោះឡើយ។
 
ការបាញ់ប្រហារចុងសប្ដាហ៍មុននេះ កើតឡើងមួយថ្ងៃបន្ទាប់ពីកងកម្លាំងប៉ាគីស្ថានប្រកាសថា យ៉ាងហោចណាស់ពួកឧទ្ទាម២០នាក់ និងទាហាន៩នាក់ស្លាប់ក្នុងរយៈពេល៣ថ្ងៃនៃការវាយប្រហារដោយក្រុមឧទ្ទាមទៅលើបន្ទាយកងទ័ព២កន្លែងនៅក្នុងខេត្ត Balochistan ។ ការវាយប្រហារផ្ទួនៗគ្នា២កន្លែងនេះ ត្រូវបានអះអាងថា ជាស្នាដៃកងទ័ពរំដោះបាលូជីស្ថាន( Balochistan Liberation Army) ដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន៕
 

Tag:
 ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com