អន្តរជាតិ
ឥណ្ឌូណេស៊ី ហាមអ្នកដំណើរបរទេសចូលតាមអាកាសយានដ្ឋានហ្សាការតា​ ខណៈករណីឆ្លងអូមីក្រុងហក់ឡើង
07, Feb 2022 , 4:09 pm        
រូបភាព
ដោយ:
ឥណ្ឌូណេស៊ី ផ្អាកទទួលអ្នកដំណើរបរទេសតាមច្រកអាកាសយានដ្ឋានហ្សាកាតា​ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់សន្ទុះករណីឆ្លងជំងឺកូវីដ-១៩​ បង្កដោយវីរុសអូមីក្រុងកើនឡើងក្នុងប្រទេស។ នេះបើតាមការប្រកាសរបស់ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ីនៅថ្ងៃទី៦ ខែកុម្ភៈ។


ឥណ្ឌូណេស៊ី ជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងចំណោមបណ្តាប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយក៏ស្ថិតក្នុងលំដាប់ទី១ដែលមានអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេក្នុងតំបន់ដែរ។ នៅថ្ងៃទី៦ខែកុម្ភៈ ប្រទេសនេះបានរាយការណ៍ករណីឆ្លងប្រចាំថ្ងៃច្រើនជាង៣៦០០០នាក់ ខណៈអត្រាគ្រែនៅតាមមន្ទីរពេទ្យក្នុងទីក្រុងសម្រាប់ដាក់អ្នកជំងឺឈានដល់៦៣ភាគរយ។
 
ដើម្បីទប់ស្កាត់សន្ទុះឆ្លង ឥណ្ឌូណេស៊ី ប្រកាសបិទទទួលអ្នកដំណើរបរទេសតាមច្រកអាកាសយានដ្ឋានក្នុងរដ្ឋធានីហ្សាការតា។ បើតាមក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី ​​​​​បទបញ្ញត្តិថ្មីនេះ នឹងអនុវត្តទៅលើអ្នកទេសចរបរទេស និងប្រជាជនឥណ្ឌូណេស៊ីដែលបានធ្វើដំណើរទៅក្រៅប្រទេសសម្រាប់វិស្សមកាលរបស់ពួកគេ។
 
«ការសម្រេចចិត្តរឹតបន្តឹងការមកដល់នៃអ្នកដំណើរអ​ន្តរជាតិជាបណ្តោះអាសន្ន គឺក្រោមគោលបំណងបន្ថយល្បឿនការរីករាលដាលនៃករណីឆ្លងជំងឺកូវីដ-១៩។» អគ្គនាយកអាកាសចរណ៍ស៊ីវិលក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី Novie Riyanto បានបញ្ជាក់បែបនេះ មុនបន្តថា អ្នកទេសចរនៅតែអាចជ្រើសរើសជើងហោះហើរពីបរទេសទៅកាន់ព្រលានយន្តហោះបាលី​​ ,​ Batam និង​ Tanjung Pinang នៅកោះ​ Riau ក្បែរសិង្ហបុរីបានធម្មតា។
 
ខណៈករណីឆ្លងបន្តកើនឡើង ​ប៉ូលិសក៏បានដាក់ចេញបម្រាមគោចរនៅកណ្តាលក្រុងហ្សាកាតាចាប់ពីពាក់កណ្តាលអធ្រាត្រទៅដល់ម៉ោង៤ព្រឹក។ គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឥណ្ឌូណេស៊ី បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩សរុបជាង៤លានករណី និងស្លាប់ជាង១៤ម៉ឺននាក់៕
 
 
 
 
 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com