ជាតិ
ACU ប្រកាសហៅមន្ត្រី​៩នាក់ឲ្យ​ទៅប្រកាសទ្រព្យសម្បត្តិ និងបំណុល
07, Feb 2022 , 5:59 pm        
រូបភាព
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
ដោយសារ​មិនអាចទំនាក់ទំនងបាន អង្គភាពប្រឆាំងអំពើពុក​រលួយ (ACU) នា​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០២២ បាន​ផ្សព្វផ្សាយឈ្មោះមន្ត្រី​៩នាក់ជាសាធារណៈ ដោយអញ្ជើញអ្នកទាំងនោះ ឲ្យ​ចូល​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល។

 
បើតាម ACU រយៈពេលពេញមួយ​ខែមករា កន្លងមក ACU បានទទួល​ឯកសារប្រកាសទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២ឆ្នាំរហូតដល់ទៅ ៩៩,៨១ភាគរយ​នៃចំនួន​ត្រូវប្រកាសសរុប។ ស្ថាប័ន​ប្រឆាំងអំពើពុករលួយ​បាន​បញ្ជាក់ថា៖ «ទោះបីជាយ៉ាងណាក៏ដោយ គិតត្រឹមម៉ោង​១២យប់ថ្ងៃទី​៣១ ខែមករា នៅមាន​បុគ្គល​ជាប់កាតព្វកិច្ច​៩រូប មានទាន់​មកបំពេញ​កាតព្វកិច្ច ទោះបីជាក្រុម​បង្គោល និងក្រុមការងារ ACU ព្យាយាមទំនាក់ទំនងជាច្រើន​លើក​ច្រើនសារ ប៉ុន្តែនៅតែមិនអាច​ទំនាក់ទំនងបាន»។
 
មន្ត្រីទាំង​៩រូប​ដែលបង្ខំឲ្យ ACU ប្រកាសឈ្មោះជាសាធារណៈនោះរួមមាន  លោក ទឹម សន ទីប្រឹក្សាក្រសួងព័ត៌មាន, លោក ណយ ណុន នាយរងប៉ុស្តិ៍នគរបាល អាកាសយានដ្ឋានអន្តរជាតិ ព្រះសីហនុ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, លោកស្រី យិន រស្មី ប្រធានផ្នែកផ្សព្វផ្សាយ និងព័ត៌មាន នៃក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់, លោក លឹម ឡោកពិសិដ្ឋ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម។
 
 អ្នកផ្សេងទៀតមានដូចជា លោក សោម សាបាន និង លោក សេរី ម៉ាណុប  ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, លោកស្រី ទិត្យរ៉ា ឬទ្ធិនី ជំនួយការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច , លោក សំ សេរីរ័ត្ន អគ្គនាយករង នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និង​លោក ហេង ពិសាល នាយករងខុទ្ទកាល័យ នៃក្រសួងក្រសួងមុខងារសាធារណៈ។
 
មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានចែងថា ជនណាដែលមិនបានប្រកាស ទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ២លាន​រៀល ហើយត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណីរឹងរូសមិនព្រម ប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង៕
 

Tag:
 ACU
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com