អន្តរជាតិ
ចិន ឱ្យនាវាមុជទឹកប្រើរួច២គ្រឿងទៅថៃសិន ខណៈការសាងសង់នាវាថ្មីដែលថៃទិញជួបបញ្ហា
07, Feb 2022 , 10:59 pm        
រូបភាព
គម្រូនាវាចម្បាំង S26T ដែលថៃបញ្ជាទិញពីចិន។ រូបថតបាងកកប៉ុស្តិ៍
គម្រូនាវាចម្បាំង S26T ដែលថៃបញ្ជាទិញពីចិន។ រូបថតបាងកកប៉ុស្តិ៍
មេទ័ពជើងទឹកថៃ ឧត្តមនាវី Somprasong Nilsamai នៅថ្ងៃទី៦ ខែកុម្ភៈ អះអាងថា ទីក្រុងប៉េកាំងចង់ការផ្តល់ជូននាវាមុជទឹក២គ្រឿងដែលបានប្រើរួចឱ្យទៅកងទ័ពជើងទឹកថៃដើម្បីបណ្តុះបណ្តាលសមត្ថភាព និងកម្លាំង ខណៈនាវាមុជទឹកដែលថៃទិញពីក្រុមហ៊ុនចិន នៅមិនទាន់រួចរាល់។ បើតាមកាសែតបាងកកប៉ុស្តិ៍ ការសាងសង់នាវាមុជទឹកថ្មី កំពុងជួបបញ្ហា។

 
នាវាមុជទឹកដែលថៃបញ្ជាទិញចិន នឹងមិនទាន់អាចទៅដល់ថៃតាមកំណត់ឡើយ។ ឧត្តមនាវី Somprasong Nilsamai បញ្ជាក់ថា ទីក្រុងប៉េកាំងបានស្នើសុំក្រៅផ្លូវការដើម្បីផ្ដល់ជូននាវាមុខទឹក ចិនពីរគ្រឿងដែលប្រើហើយ ដើម្បីជួយជ្រោមជ្រែងកម្លាំងកងទ័ពជើងទឹក ខណៈដែលនាវាដែលស្ថិត ក្រោមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន កំពុងបន្តសាងសង់នៅឡើយ។ យ៉ាងណាមិញ មេទ័ពជើងទឹករូបនេះ បដិសេធមិនអធិប្បាយបន្ថែមទៀតពីរឿងមួយនេះឡើយ។
 
បើតាមកាសែតបាងកកប៉ុស្តិ៍ដែលប្រភពពីកងទ័ពជើងទឹកថៃ ការផ្តល់ជូននេះត្រូវបានធ្វើឡើងក៏ព្រោះ តែចិនបានជួបប្រទះបញ្ហាក្នុងការទិញម៉ាស៊ីននាវាមុជទឹកពីក្រុមហ៊ុនអាល្លឺម៉ង់ MTU សម្រាប់នាវាមុជទឹកធុន S26T ដែលកំពុងត្រូវបានដំឡើងនៅទីក្រុងវូហានមុនបញ្ជូនទៅថៃ។ ប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុនអាល្លឺម៉ង់ បដិសេធមិនលក់ម៉ាស៊ីននាវាមុជទឹករបស់ខ្លួនទៅឱ្យចិន បន្ទាប់ពីដឹងថាចិននឹងប្រើម៉ាស៊ីននោះសម្រាប់ដំឡើងនាវាមុជទឹកថ្មីសម្រាប់លក់ទៅប្រទេសមួយផ្សេងទៀត។
 
ខណៈការចរចាទិញម៉ាស៊ីននាវាមុជទឹកនេះនៅតែបន្ត ការបញ្ជូននាវាថ្មីមកថៃដែលបានគ្រោងនឹងធ្វើនៅខែកញ្ញាឆ្នាំ២០២៣ ប្រហែលជាត្រូវពន្យារពេលរហូតដល់ខែមេសា ឆ្នាំ២០២៤ វិញ។
 
សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រីថៃ Prawit Wongsuwan បានផ្តួចផ្តើមការទិញ នាវាមុជទឹកពីចិនអំឡុងពេលលោកនៅជារដ្ឋមន្ត្រីការពារជាតិ។ ឆ្លើយទៅសំណួរនៃដំណើរការសាងសង់នាវានៅថ្ងៃទី៦ ខែកុម្ភៈ លោក Prawit មិនបានអធិប្បាយព័ត៌មានលម្អិតអ្វីនោះទេក្រៅពីលើកឡើងថា លោកសង្ឃឹមឱ្យទទួលបានដំណឹងល្អ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com