រថយន្ត
អន្តរជាតិ
ឧស្សាហកម្ម​យានយន្ត​តួកគី រកចំណូល​បាន​២,២ពាន់លាន​ដុល្លារ កាលពីខែមករា
07, Feb 2022 , 7:39 pm        
រូបភាព
ដោយ: ធីតា
ឧស្សាហកម្មយានយន្ត​តួកគី បាន​ធ្លាក់ចុះ ១,៦ភាគរយលើការនាំ​ចេញនា​ខែមករា កន្លងមក ប៉ុន្តែ​ចំណូល ២,២ពាន់លាន​ដុល្លារអាម៉េរិក​នៅតែជាការរួមចំណែក​ដ៏ធំនៃ​សេដ្ឋកិច្ចរបស់ប្រទេសមួយនេះ រយៈពេល​១៦​ឆ្នាំជាប់គ្នា។ នេះ​បើតាមទិន្នន័យ​ដែលផ្សព្វផ្សាយ​សមាគម​ឧស្សាហកម្មនាំចេញយានយន្ត Uludag (OIB)។

 
របាយការណ៍​បាន​បង្ហាញថា ទោះបីមាន​ការធ្លាក់ចុះ ប៉ុន្តែ​ចំណូល ២,២ពាន់លាន​ដុល្លារអាម៉េរិក​ ពីការនាំចេញ​យានយន្ត​របស់តួកគី នៅតែ​ឈរ​លំដាប់ថ្នាក់ទីមួយ លើ​ការនាំ​ចេញផលិត​ផលទាំងអស់ទូទាំងប្រទេស ពោល​គឺ​រួមចំណែក​ដល់ទៅ​ ១២,៧ភាគរយឯណោះ។
 
លោក Baran Celik ប្រធាន​សមាគម OIB បាន​បញ្ជាក់ថា ខែ​ដំបូងនៃឆ្នាំ២០២២ ពិភពលោក​នៅ​តែ​បន្ត​ប្រឈម​នឹង​វិបត្តិ​ផ្សេងៗ​ទាក់ទង​ បន្ទះឈីបរថយន្ត និងគ្រឿងបន្លាស់នានា ជាពិសេស​ការដំឡើង​ថ្លៃខ្ពស់។ លោកបាន​បញ្ជាក់ថា៖ «យើងមាន​កំណត់ត្រានាំ​ចេញ​ខ្ពស់​ជាង​៤០ភាគរយ​ទៅបណ្តា​ប្រទេសមួយចំនួន ដូចជា ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក និងអេហ្ស៊ីប»។ 
 
របាយការណ៍​បាន​បញ្ជាក់ថា ការនាំ​ចេញឧស្សាហកម្មផ្គត់ផ្គង់ កើន៧ភាគរយ នៅ​ខែមករា ខណៈ​ការនាំចេញរថយន្តដឹកអ្នក​ដំណើរ ថយ​ចុះ​ ២១ភាគរយ ។ រីឯការនាំ​ចេញយានយន្ត​សម្រាប់​ដឹកទំនិញ កើន​៣ភាគរយ  និង​ការនាំ​ចេញរថយន្ត Bus, Minibus និង Midibus កើនដល់​ទៅ​ ៣៩ភាគរយផងដែរ។
 
ឧស្សាហកម្ម​ផ្គត់ផ្គត់យានយន្ត​តួកគី ក៏មាន​កំណើន​លក់ចេញទៅ​កាន់ទីផ្សា​រ រុស្ស៊ី ប៉ូឡូញ ស្លូវេនី ហូឡង់ និងអាល្លឺម៉ង់ ផងដែរ ប៉ុន្តែ​បាន​ធ្លាក់ចុះនៅទីផ្សារម៉ារុក និងហុងគ្រី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com