រថយន្ត
អន្តរជាតិ
បុរសអង់គ្លេសម្នាក់បើករថយន្តដោយគ្មានបណ្ណបើកបរអស់រយៈពេល៧២ឆ្នាំ ហើយទើបត្រូវបានប៉ូលិសចាប់លើកដំបូង
07, Feb 2022 , 8:59 pm        
រូបភាព
ដោយ: ធីតា
ប៉ូលិសក្រុង Nottingham ប្រទេសអង់គ្លេស កាលពីពេលថ្មីៗកន្លងមកនេះ បានឃាត់ខ្លួនបុរសអាយុ៨៤ឆ្នាំម្នាក់ ពីបទបើកបរដោយគ្មានបណ្ណបើកបរ និងធានារ៉ាប់រងអស់រយៈពេល៧២ឆ្នាំ។

 
ជារឿងដ៏ភ្ញាក់ផ្អើលសម្រាប់ប៉ូលិសនៅតំបន់ប្រជុំជន Bulwell ក្រុង Nottingham នៅពេលដែលឃាត់ខ្លួនអ្នកបើកបរចំណាស់ម្នាក់ ហើយគាត់ឆ្លើយមិនដែលមានលិខិតស្នាមអ្វីទាល់តែសោះ តាំងពីចេះបើកបរអាយុ១២ឆ្នាំ។
 
ប៉ូលិសមូលដ្ឋាន Bulwell, Rise Park និង Highbury Vale បានបញ្ជាក់នៅក្នុងហ្វេសប៊ុករបស់ខ្លួនថា បុរសឈ្មោះ Taquin បានចាប់ផ្តើមបើកបរតាំងពីអាយុ១២ឆ្នាំមកម្ល៉េះ ហើយគាត់មិនត្រូវបានប៉ូលិសត្រួតពិនិត្យនោះឡើយ។
 
«អ្វីដែលគួរឲ្យកត់សម្គាល់នោះ  គាត់មិនដែលបង្កគ្រោះថ្នាក់ចរាចរណ៍ មិនដែលធ្វើឲ្យមនុស្សរងរបួស និងមិនដែលខាតបង់ប្រាក់កាសទៅអ្នកណាម្នាក់នោះឡើយ»។ នេះជាការបញ្ជាក់របស់ប៉ូលិស។
 
គាត់ត្រូវបានឃាត់ខ្លួនជាមួយរថយន្ត Mini One ពណ៌ខៀវ, ប៉ូលិសមិនបានបញ្ជាក់បន្ថែមទាក់ទងនឹងការពិន័យនោះឡើយ ប៉ុន្តែបានអំពាវនាវដល់ពលរដ្ឋនាំគ្នាគោរពច្បាប់ចរាចរណ៍ ជាពិសេសនៅក្នុងក្រុង Nottingham ដែលមានបំពាក់កាមេរ៉ាសុវត្ថិភាពតាមដាន ដោយសរសេរថា៖ «ត្រូវដាក់ឯកសារតាមខ្លួនជានិច្ច ពីព្រោះនៅថ្ងៃណាមួយ លោកអ្នកច្បាស់ជាត្រូវគេសួររក»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com