អន្តរជាតិ
ក្រុងអូតាវ៉ា ប្រកាសភាពអាសន្ន ក្រោយអាជ្ញាធរមិនអាចគ្រប់គ្រងការតវ៉ាប្រឆាំងកាតព្វកិច្ចចាក់វ៉ាក់សាំង
07, Feb 2022 , 6:29 pm        
រូបភាព
អ្នកបើកឡានដឹកទំនិញ តវ៉ាក្នុងរដ្ឋធានីអូតាវ៉ារបស់កាណាដា។ រូបថត Xinhua
អ្នកបើកឡានដឹកទំនិញ តវ៉ាក្នុងរដ្ឋធានីអូតាវ៉ារបស់កាណាដា។ រូបថត Xinhua
អភិបាលក្រុងអូតាវ៉ា Jim Watson នៅថ្ងៃទី៦ ខែកុម្ភៈ ប្រកាសដាក់ទីក្រុងទាំងមូលក្នុងភាពអាសន្ន ដើម្បីដោះស្រាយការតវ៉ាជាង១០ថ្ងៃពីក្រុមអ្នកបើកបររថយន្តដឹកទំនិញដែលជំទាស់កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ការតវ៉ា បានធ្វើឱ្យកកស្ទះតំបន់ជាច្រើននៅកណ្តាលរដ្ឋធានីរបស់កាណាដា។


ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយថ្ងៃទី៦ ខែកុម្ភៈ លោក Jim Watson បានលើកឡើងថា ការតវ៉ារបស់អ្នកបើកឡានដឹកទំនិញ ឆ្លុះបញ្ចាំងពីគ្រោះថ្នាក់ និងការគំរាមធ្ងន់ធ្ងរដល់សុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋ។ ដោយសារហេតុនេះ រដ្ឋធានីអូតាវ៉ា ត្រូវដាក់ក្រោមភាពអាសន្នដើម្បីទប់ទល់ស្ថានការណ៍ តែលោក Watson មិនបញ្ជាក់វិធានការត្រូវឡើយ។ ប៉ុន្តែលោក Watson ធ្លាប់អះអាងថាក្រុមបាតុករមានចំនួនច្រើនជាងប៉ូលិសកំពុងគ្រប់គ្រងស្ថានការណ៍ទៅទៀត។ 
 
ក្រុមបាតុករដែលបានទៅដល់រដ្ឋធានីកាណាដាដំបូង នៅថ្ងៃទី២៩ ខែមករា ហើយបានចតរថយន្តដឹកទំនិញនៅតាមដងផ្លូវក្នុងទីក្រុង​ និងដាក់តង់​បណ្តោះអាសន្នដែលធ្វើឱ្យកកស្ទះពេញរដ្ឋធានី។ ដើមហេតុនៃការតវ៉ា បណ្ដាលមកពីច្បាប់តម្រូវឱ្យអ្នកអ្នកបើកបរឡានដឹកទំនិញចាក់វ៉ាក់សាំងឱ្យបានពេញលេញដើម្បីអាចឆ្លងកាត់ព្រំដែនអាម៉េរិក-កាណាដា។ ការតវ៉ា ក៏វិវត្តទៅជាកាប្រឆាំងនឹងវិធានការរឹតបន្តឹងពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលកាណាដា។ 
 
ទោះជាយ៉ាងណា រដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈកាណាដា Marco Mendicino នៅថ្ងៃទី៦ ខែមករា បានលើកឡើងថា រដ្ឋាភិបាលនឹងមិនបន្ធូរបន្ថយចំពោះបញ្ហានេះទេ។ លោកប្រាប់ទូរទស្សន៍ CBC ថាវិធានការរឹតបន្តឹងនេះ ត្រូវបានលើកឡើងតាំងពីក្នុងអំឡុងពេលបោះឆ្នោត ហើយរដ្ឋាភិបាលគ្រាន់តែអនុវត្តតាមការសន្យាដែលមានការគាំទ្រពីប្រជាជនកាណាដាភាគច្រើនតែប៉ុណ្ណោះ។
 
នៅក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយមន្ត្រីអូតាវ៉ា នៅថ្ងៃទី៥ ខែកុម្ភៈកន្លងទៅ មេប៉ូលិសក្រុងអូតាវ៉ា Peter Sloly បានត្អូញត្អែរថា លោកខ្វះខាតធនធាន និងកម្លាំងដើម្បីបញ្ចប់បញ្ហានេះ ហើយស្នើសុំការគាំទ្របន្ថែមផងដែរ។ ​
 
ទាក់ទិននឹងក្រុមអ្នកតវ៉ា លោក Diane Deans សមាជិកក្រុមប្រឹក្សាក្រុងនៅថ្ងៃទី៥ ខែកុម្ភៈ​បាននិយាយថា ការតវ៉ានេះជាការគំរាមដល់លទ្ធិប្រជាធិបតេយ្យកាណាដា។ លោកមើលឃើញថា បញ្ហានេះគឺមិនត្រឹមតែជាបញ្ហារបស់​ទីក្រុង​អូតាវ៉ាទេ តែជា​ការ​បះបោរ​ទូទាំង​ប្រទេស។
 
ក្រៅតែពីបាតុកម្មនៅអូតាវ៉ា កន្លងទៅទីក្រុង Toronto ទីក្រុង Quebec និង Winnipeg ក៏បានជួបប្រទះបាតុកម្ម​ស្រដៀង​គ្នា​នេះដែរ។ ក្រុមបាតុករនៅទីក្រុង Winnipeg បានបញ្ឈប់សកម្មភាព ក្រោយអាជ្ញាធរ​គំរាមផាកពិន័យ៕
 

Tag:
 កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com