កីឡាជាតិ
ជាតិ
ការ៉ាតេកម្ពុជាពង្រឹងសមត្ថភាព និងបច្ចេកទេសចៅក្រម-អាជ្ញាកណ្ដាលសម្រាប់ស៊ីហ្គេម២០២៣
08, Feb 2022 , 7:59 am        
រូបភាព
រូបការបិទវគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាល និងចៅក្រម រូបពី Camsoc
រូបការបិទវគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាល និងចៅក្រម រូបពី Camsoc
វគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល ចៅក្រមការ៉ាតេថ្នាក់ជាតិ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវបានបញ្ជប់ទៅ ក្រោមអធិបតីភាព លោក សាយ ណូរ៉ា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ។ វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួមចំនួន ២៥នាក់ (នារី១២នាក់) មកពីសាលាគុន សមាគម និងក្លិបចំនួន៩ ដោយធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ សមត្ថភាពអាជ្ញាកណ្ដាល ចៅក្រមការ៉ាតេថ្នាក់ជាតិ ដើម្បីត្រៀមរៀបចំការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ។


ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ វគ្គបណ្ដុះបណ្ដាលនេះ មានសារសំខាន់ណាស់ ដោយសម្រួច ក៏ដូចជាអភិវឌ្ឍបន្ថែម នូវសមត្ថភាព និងបច្ចេកទេស មន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួត ។ ម្យ៉ាងវិញទៀត ក៏ជាការប្រមែលប្រមូលនូវធនធានអាជ្ញាកណ្ដាល ចៅក្រមឱ្យមានសក្តានុពល ដើម្បីត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍លើកទី៩ នៅខែមីនា ឆ្នាំ២០២២ ផងដែរ ។ 
 
បើតាម លោក ដែក ភារៈ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាម ទទួលបានចំណេះដឹងច្បាស់លាស់ និងមានភាពរីកចម្រើនខ្លាំង ។ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាលចៅក្រមការ៉ាតេ ថ្នាក់ជាតិ ឆ្នាំ២០២១នេះ សិក្ខាកាមមានការចេះដឹងច្បាស់លាស់ល្អ មានការវិវឌ្ឍ និងរីកចម្រើនទាំងផ្នែកបរិមាណ និងគុណភាព ។
 
គួរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល ចៅក្រមកីឡាការ៉ាតេថ្នាក់ជាតិ មានការបង្ហាត់បង្រៀនពីគ្រូឧទ្ទេស អ្នកគ្រូ ថា ថារី អាជ្ញាកណ្តាល-ចៅក្រមការ៉ាតេអាស៊ីកម្រិត A និងគ្រូជំនួយ លោក ថាំង វិបុល លោកគ្រូ យ៉េក លីអេង ដែលជាអាជ្ញាកណ្តាល-ចៅក្រម ការ៉ាតេអាស៊ី កម្រិត B ផងដែរ។ ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ គឺសិក្ខាកាមចំនួន១៧នាក់ ទទួលបាននិទ្ទេសល្អ និង៤នាក់ ល្អបង្គួរ និង៤នាក់ទៀត ទទួលបាននិទ្ទេសមធ្យម៕
 

Tag:
 ការ៉ាតេ
© រក្សាសិទ្ធិដោយ thmeythmey.com