អន្តរជាតិ
កូរ៉េខាងត្បូង អាម៉េរិកនិងជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងការគំរាមរបស់មីស៊ីលកូរ៉េខាងជើង
10, Feb 2022 , 2:20 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន នៅថ្ងៃទី១០ ខែកុម្ភៈ បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហការជិតស្និទ្ធក្នុងការប្រឆាំងនឹងការគំរាមពីសំណាក់មីស៊ីលនិង អាវុធនុយក្លែអ៊ែររបស់កូរ៉េខាងជើង។ នាជំនួបតាមទូរស័ព្ទ ប្រមុខការពារជាតិទាំង៣ ក៏ឯកភាពគ្នាបន្តជំរុញការលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េផងដែរ។

 
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Suh Wook រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ឡយ អូស្ទីន និងរដ្ឋមន្ត្រីការពារជាតិជប៉ុន Nobuo Kishi បានជជែកតាមទូរស័ព្ទនៅថ្ងៃទី១០ ខែកុម្ភៈ ដោយមានបញ្ហាកូរ៉េខាងជើងជារបៀបវារៈសំខាន់។ ជំនួបនេះបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានចាប់ផ្ដើមបាញ់សាកល្បងមីស៊ីលយ៉ាងញឹកញាប់បំផុតមិនធ្លាប់មានពីមុនមកក្នុងខែមករាកន្លងទៅ។
 
«រដ្ឋមន្ត្រីទាំងបីបានឯកភាពនឹងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រឈមមុខនឹងការគំរាមដោយមីស៊ីលកូរ៉េខាងជើង ហើយពួកគេនឹងបន្តការខិតខំដើម្បីសម្រេច បានគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ»។នេះបើតាមសេចក្ដីថ្លែងការណ៍ក្រសួងការពារជាតិកូរ៉េខាងត្បូងចេញកិច្ចប្រជុំខាងលើ។ ក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បញ្ជាក់ថា អំឡុងជំនួបនោះ លោក Suh បានហៅការតេស្តមីស៊ីលថ្មីៗនេះរបស់កូរ៉េខាងជើងជាការគំរាមយ៉ាងធ្ងន់ធ្ងរ និងដោយផ្ទាល់លើកូរ៉េខាងត្បូង ហើយបំពានដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ។ 
 
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងរូបនេះក៏បានសង្កត់ធ្ងន់ថា ទីក្រុងសេអ៊ូលនឹងពង្រឹងទាំងកម្លាំងការពារដោយខ្លួនឯង ព្រមទាំងកម្លាំងការពាររួមគ្នាជាមួយសម្ព័ន្ធមិត្តអាម៉េរិកក្នុងការទប់ទល់នឹងការគំរាមពីទីក្រុងព្យុងយ៉ាង។
 
ចំណែកអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John F. Kirby បានលើកឡើងថា លោក អូស្ទីន បានសន្យាជាថ្មីពីការបេជ្ញាចិត្តរបស់អាម៉េរិកក្នុងការការពារកូរ៉េខាងត្បួង និងជប៉ុនដែលមិនប្រែប្រួលនោះឡើយ។ 
 
 ក្រៅពីនេះ ភាគីទាំងបីក៏បានសន្យាជួបមុខពិភាក្សាគ្នាដោយផ្ទាល់នាពេលខាងមុខផងដែរ។ ប៉ុន្តែកាលបរិច្ឆេទច្បាស់លាស់ មិនទាន់ត្រូវបានកំណត់នៅឡើយ។ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិត្រីភាគីដោយផ្ទាល់រវាងប្រទេសទាំងបី ធ្វើឡើងតាំងពីឆ្នាំ២០១៩។ ប៉ុន្តែប្រមុខការទូតប្រទេសទាំងបីគ្រោងជួបគ្នានៅថ្ងៃទី១២ ខែកុម្ភៈខាង មុខនេះនៅកោះហាវ៉ៃដើម្បីពិភាក្សាជុំវិញរឿងកូរ៉េខាងជើងនេះ៕
 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com