កីឡាអន្តរជាតិ
អន្តរជាតិ
Zouma រងពិន័យពីក្លិបជុំវិញការប្រើហិង្សាលើសត្វឆ្មារបស់ខ្លួន
10, Feb 2022 , 3:29 pm        
រូបភាព
រូបភាព៖ New York Post
រូបភាព៖ New York Post
ក្លិប West Ham United បានបញ្ជាក់ថា កីឡាករ Kurt Zouma ត្រូវរងពិន័យជាប្រាក់ជុំវិញការប្រើហិង្សាលើឆ្មារបស់ខ្លួន។ ក្លិបមួយនេះ ក៏សហការជាមួយអង្គការសប្បុរសធម៌សុខុមាលភាពសត្វអង់គ្លេស (RSPCA) ក្នុងការស៊ើបអង្កេតលើករណីទះ និងទាត់ឆ្មា ក្នុងវីដេអូបានបង្ហោះលើបណ្តាញសង្គម។​​​



តាមរយៈវីដេអូដែលបង្ហោះនៅថ្ងៃទី៧ ខែកុម្ភៈ ខ្សែការពារ​ Kurt Zouma បានយកដៃទះ និងជើងទាត់លើសត្វឆ្មាមួយក្បាល។ ក្រោយមួយថ្ងៃខ្សែការពារសញ្ជាតិបារាំង ក៏បានចេញសេចក្តីប្រកាស សុំទោសជាសាធារណៈ។
 
ថ្ងៃទី៩ខែកុម្ភៈ ក្លិប West Ham United ក៏បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថា ​ក្លិបរួមជាមួយ Zouma បានសហការយ៉ាងជិតស្និទ្ធ ចំពោះការស៊ើបអង្កេតករណីនេះ ពីសំណាក់អង្គការសប្បុរសធម៌សុខុមាលភាពសត្វអង់គ្លេស (RSPCA)។
 
«រឿងនេះ ពិតជាកំពុងតែបន្តពិតមែន ហើយក្លិបក៏កំពុងតែដោះស្រាយចំពោះបញ្ហានេះ។» លោក David Moyes បានបញ្ជាក់ប្រាប់អ្នកកាសែតបែបនេះ។
 
RSPCA បញ្ជាក់ថា សត្វឆ្មាពីរក្បាលនោះ ត្រូវបានយកទៅមើលថែ ខណៈ Zouma ត្រូវរងពិន័យ។ បើតាមសេចក្តីរាយការណ៍នានា Zouma ត្រូវរងពិន័យប្រមាណជា ៣៤០ ០០០ ដុល្លារដែលនឹងត្រូវបរិច្ចាគឱ្យអង្គការ RSPCA តែម្ដង៕
 

Tag:
 Kurt Zouma
  West Ham United
© រក្សាសិទ្ធិដោយ thmeythmey.com