អន្តរជាតិ
​អាម៉េរិក និង​កាណាដា​បារម្ភ​ពី​ការ​ខូច​ខាត​សេដ្ឋកិច្ច ​​ខណៈការតវ៉ានៅកាណាដារាលដាលដល់ព្រំដែន
10, Feb 2022 , 8:29 pm        
រូបភាព
បាតុករកាណាដា ចតឡានលើផ្លូវនៅព្រំដែនជាមួយអាម៉េរិក។ រូបថត AFP
បាតុករកាណាដា ចតឡានលើផ្លូវនៅព្រំដែនជាមួយអាម៉េរិក។ រូបថត AFP
សេតវិមាននៅថ្ងៃទី៩ ខែកុម្ភៈ បង្ហាញការព្រួយបារម្ភពីរប៉ះពាល់លើវិស័យឧស្សាហកម្មរថយន្ត និងកសិកម្ម ខណៈធ្វើបាតុកម្មប្រឆាំងការចាក់វ៉ាក់សាំងនៅកាណាដារាលដាលដល់ការបិទច្រកព្រំដែនអា។ បាតុកម្មជាង១៣ថ្ងៃនៅកាណាដា បានផ្តើមចេញពីការតម្រូវឱ្យអ្នកបើកបរចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុនឆ្លងកាត់ព្រំដែន។ 


​ប្រទេសជាច្រើនបានដាក់ចេញវិធានការរឹតបន្តឹងដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបន្តរាលដាលនៅឡើយ។ យ៉ាងណាមិញ ការប្រឆាំងនឹងវិធានការទាំងនេះក៏បានផ្ទុះឡើងតាមវិធីផ្សេងៗគ្នាដូចជានៅ អូស្ត្រាលី នូវែលសេឡង់ និងបារាំងជាដើម ខណៈវីរុសបង្កជំងឺកូវីដ-១៩អូមីក្រុងកំពុងពុះកញ្ជ្រោលនៅក្នុងប្រទេសជាច្រើន។
 
មិនខុសពីប្រទេសខាងលើ ការតវ៉ាក៏បានផ្ទុះឡើងនៅកាណាដាផងដែរ។ អ្នកបើកបររថយន្តដឹកទំនិញបានបិទផ្លូវនៅក្នុងរដ្ឋធានីអូតាវ៉ា ចាប់តាំងពីចុងខែមករាមកដែលបង្កការកកស្ទះពាសពេញទីក្រុង។ បាតុកម្មនេះបានផ្ទុះឡើងក្រោយមានច្បាប់តម្រូវឱ្យអ្នកអ្នកបើកបរឡានដឹកទំនិញចាក់វ៉ាក់សាំងឱ្យបានពេញលេញដើម្បីអាចឆ្លងកាត់ព្រំដែនអាម៉េរិក-កាណាដា។ ការតវ៉ា ក៏មាននៅចំណុចឆ្លងកាត់ព្រំដែន ដែលធ្វើឱ្យអាម៉េរិកបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ច។
 
ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៩ ខែកុម្ភៈ អ្នកនាំពាក្យសេតវិមាន Jen Psaki បានបង្ហាញពីការព្រួយបារម្ភពីការរំខានដែលអាចកើតមានចំពោះការនាំចេញកសិផលរបស់អាម៉េរិកពីរដ្ឋ Michigan ទៅកាន់កាណាដា។
 
«ខ្ញុំគិតថាវាមានសារសំខាន់សម្រាប់មនុស្សគ្រប់គ្នានៅកាណាដា និងអាម៉េរិកស្វែងយល់ពីផលប៉ះពាល់នៃការស្ទះនេះដែលអាចជះឥទ្ធិពលដល់កម្មករ និងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលជាអ្វីដែលយើងយកចិត្តទុកដាក់បំផុត»។ អ្នកនាំពាក្យសេតវិមានលើកឡើងបែបនេះ មុនបន្តថាទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការជាមួយទីក្រុងអូតាវ៉ា ដើម្បីប្តូរផ្លូវនាំចេញចូលទំនិញ ដ្បិតព្រួយបារម្ភថា ការតវ៉ាអាចទៅជាហិង្សា។
 
ទន្ទឹមនេះដែរ ទេសាភិបាលធនាគារកាណាដា Tiff Macklem ក៏បានអំពាវនាវឱ្យមានដំណោះស្រាយយ៉ាងឆាប់រហ័ស ព្រោះព្រួយបារម្ភពីការប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេស។
 
នៅថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ អ្នកបើកបររថយន្តដឹកទំនិញបានបិទផ្លូវនៅចំណុចស្ពាន Ambassador ដែលជាច្រកសំខាន់សម្រាប់ក្រុមហ៊ុនផលិតរថយន្ត និងផលិតផលកសិកម្មឆ្លងកាត់ពីកាណាដាទៅអាម៉េរិក។ លើសពីនេះដែរ ច្រកព្រំដែនមួយផ្សេងទៀតនៅក្នុងខេត្ត Alberta ក៏ត្រូវបានបិទនៅថ្ងៃទី៨ ខែកុម្ភៈកន្លងទៅ។
 
ចាប់ផ្តើមចេញពីបាតុកម្មប្រឆាំងនឹងកាតព្វកិច្ចចាក់វ៉ាក់សាំង និងការធ្វើចត្តឡីស័ក បាតុកម្មនេះបានបន្តប្រែក្លាយជាការតវ៉ាពន្ធកាបូន និងច្បាប់ផ្សេងទៀត​នៅកាណាដា។ ក្រោយផ្ទុះការតវ៉ា អភិបាលក្រុងអូតាវ៉ា ថ្មីៗនេះបានប្រកាសដាក់ទីក្រុងទាំងមូលក្នុងភាពអាសន្ន ដើម្បីដោះស្រាយបញ្ហា៕
 
 
 

Tag:
 អាម៉េរិក
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com