ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សង្គមស៊ីវិលជាង១០០ បន្តទាមទារឲ្យដោះលែងសកម្មជនព្រៃឈើ ឆន ផល្លា ដែលត្រូវជាប់ពន្ធនាគារ៥ឆ្នាំ លោក ឆន ផល្លា ស្ថិតក្នុងសន្និសីទកាសែតមួយពាក់ព័ន្ធបញ្ហាដីធ្លី និងព្រៃឈើ កាលពីខែកក្កដា ឆ្នាំ២០២០។
× ជាថ្មីម្តងទៀត អង្គការសង្គមស៊ីវិល១១៣នៅកម្ពុជា បានរួមគ្នាទាមទារឲ្យតុលាការខេត្តរតនគិរី ទម្លាក់បទចោទចេញពីលោក ឆន ផល្លា ដែលជាកម្មជនការពារព្រៃឈើ និងជាសកម្មជនដីធ្លី ហើយដោះលែងលោកឲ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ។ ការទាមទារជាលើកទី២របស់អង្គការសង្គមវិលស៊ីល ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួម ដែលចេញនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
កាលពីចុងឆ្នាំ២០២១ តុលាការខេត្តរតនគិរី បានប្រកាសសាលក្រមផ្តន្ទាទោសលោក ឆន ផល្លា ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទកាប់គាស់រុករាន ឆ្ការដុត និង ឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ។ មកដល់ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ជាប់ពន្ធនាគារអស់រយៈពេលជាង៤ខែហើយ។
ក្រុមអង្គការសង្គមស៊ីវិលទាំង១១៣នោះ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា៖«ការសម្រេចសេចក្តីរបស់សាលាដំបូងខេត្តរតនគិរីយ៉ាងអយុត្តិធម៌លើលោក ឆន ផល្លា គឺជាការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងគោលបំណងគំរាមកំហែង បំភិតបំភ័យ និងបំបាក់ស្មារតីរបស់លោក ក៏ដូចជាសកម្មជនបរិស្ថានផ្សេងទៀត ដែលសកម្មក្នុងការចូលរួមការពារព្រៃឈើ និងធនធានធម្មជាតិ»។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បន្តថា៖«យើងខ្ញុំទាំងអស់គ្នា ក៏សង្ឃឹមដែរថា រាជរដ្ឋាភិបាល នឹងចងចាំកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិកម្ពុជា និងធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងជីវភាពសង្គមជាតិ»។
ក្រុមអង្គការសង្គមស៊ីវិល អះអាងថា លោក ឆន ផល្លា ដែលធ្វើជាសកម្មជនកាពារព្រៃឈើ ការពារដីធ្លីអស់ជាង១០មកហើយនោះ ពុំបានទៅកាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិអ្វីឡើយ។ ក្រុមអង្គការសង្គមស៊ីវិល បន្ថែមថា ផ្ទុយមកវិញ លោក តែងតែធ្វើសកម្មភាពឃ្លាំមើល តាមដានជនខិលខូច ដែលធ្វើសកម្មភាពបំផ្លិចបំផ្លាញព្រៃឈើ និងធនធានធម្មជាតិ។
ពេលតុលាការខេត្តរតនគិរី ប្រកាសសាលក្រមកាត់ទោសលោក ឆន ផល្លា ក្រុមអង្គការសង្គមស៊ីល បានចេញសេចក្តីថ្លែងម្តងរួចមកហើយ ដើម្បីទាមទារឲ្យទម្លាក់បទចោទចេញពីលោក និងដោះលែងលោកវិញ។ ពេលនោះ មានអង្គការសង្គមស៊ីវិល៨៥ ដែលរួមគ្នាចេញសេចក្តីថ្លែងការណ៍។
លោក សំ ទិត្យសីហា មេធាវីការពារក្តីឲ្យលោក ឆន ផល្លារ ប្រាប់សារព័ត៌មានថ្មីៗថា ក្រោយតុលាការខេត្តរតនគិរីកាត់ទោសលោក ឆន ផល្លា ភ្លាម លោក ក៏បានដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីប្តឹងជំទាស់។ បើតាមលោកមេធាវី សំណុំរឿងនេះ កំពុងស្ថិតក្នុងដៃសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុះ។ យ៉ាងណា មកដល់ពេលនេះ សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ ពុំទាន់កំណត់កាលបរិច្ឆេទអំពីការបើកសវនាការនោះទេ។
លោកមេធាវី មានប្រសាសន៍ថា៖«ខ្ញុំ បានចុះទៅដល់កន្លែងលោក ឆន ផល្លា រស់នៅ ឃើញថា គាត់ មិនទន្ទ្រានយកដីព្រៃអីធ្វើជាកម្មសិទ្ធិទេ។ ផ្ទុយមកវិញ គាត់ តែងសកម្មក្នុងសកម្មភាពទប់ស្កាត់ការទន្ទ្រានដីព្រៃលក់។ គាត់ ជាសកម្មជនការពារព្រៃឈើ គួរតែទទួលបានការលើកទឹកចិត្ត តែបែរជាត្រូវចោទប្រកាន់ទៅវិញ»៕
© រក្សាសិទ្ធិដោយ thmeythmey.com