អន្តរជាតិ
របបយោធាមីយ៉ាន់ម៉ា ស្នើ Interpol ជួយចាត់ការក្រុមភេរវករក្នុងស្រុក តែស្ថាប័ននេះតបថា មិនជ្រៀតជ្រែកឡើយ
10, Feb 2022 , 9:29 pm        
រូបភាព
សមាជិកកម្លាំងការពារប្រជាជន ដែលតស៊ូប្រឆាំងរបបយោធាមីយ៉ាន់ម៉ា។ រូបថត AFP
សមាជិកកម្លាំងការពារប្រជាជន ដែលតស៊ូប្រឆាំងរបបយោធាមីយ៉ាន់ម៉ា។ រូបថត AFP
ដោយ:
ស្ថាប័នប៉ូលិសអន្តរជាតិ (Interpol) បាននិយាយនៅថ្ងៃទី១០ខែកុម្ភៈថា ខ្លួននឹងមិនផ្តល់ជំនួយដល់បណ្តាប្រទេសណាដែលស្ថិតក្នុងវិបត្តិនយោបាយកក្នុងស្រុកឡើយ។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីក្រសួងការបរទេសមីយ៉ាន់ម៉ា ប្រកាសស្វែងរកការអន្តរាគមន៍ពីអន្តរជាតិដើម្បីជួយទប់ទល់អំពើភេរវកម្មបង្កដោយក្រុមបះបោរ។


កាលពីថ្ងៃទី៨ ខែកុម្ភៈ ក្រសួងការបរទេសរបស់យោធាមីយ៉ាន់ម៉ា បានអំពាវនាវទៅកាន់អង្គការអន្តរជាតិធ្វើការលើការងារសន្តិសុខជាច្រើន ដើម្បីជួយជ្រោមជ្រែងប្រឆាំងអំពើភេវរកម្មដែលបង្កើតឡើងដោយសំណាក់ក្រុមប្រឆាំងរបបសឹកមានរដ្ឋាភិបាលរួបរួមជាតិដែលជារដ្ឋាភិបាលស្រមោលជាដើម។
 
ជុំវិញបញ្ហានេះ​ អ្នកនាំពាក្យរបស់ស្ថាប័នប៉ូលិសអន្តរជាតិបានប្រាប់ទូរទស្សន៍​ CNA ថា ខ្លួនមិនធ្វើអត្ថាធិប្បាយលើករណី​ ឬសកម្មភាពជាក់លាក់ណាមួយទេ។ ប៉ុន្តែអ្នកនាំពាក្យដដែលបានបញ្ជាក់ថា៖ «ប៉ូលិសអន្តរជាតិ នឹងមិនផ្តល់ជំនួយសម្រាប់ការស្នើសុំណាមួយដែលអាចអូសទាញស្ថាប័នខ្លួនមកជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយ ដូចជា​ជម្លោះនយោបាយ​ ក្រុមរិះគន់រដ្ឋាភិបាល ឬក្នុងបរិបទរដ្ឋប្រហារឡើយ។‍»
 
នៅថ្ងៃទី៨ ខែកុម្ភៈដដែល រដ្ឋមន្រ្តីការបរទេសរបបយោធាមីយ៉ាន់ម៉ា​ Wunna Maung Lwin ជំនួបជាមួយទូតបរទេស និងអង្គការអន្តរជាតិនៅមីយ៉ាន់ម៉ា បានចោទរដ្ឋាភិបាលរួបរួមជាតិ​ (NUG) គណៈកម្មាធិការតំណាងសភា (CRPH) និងកងកម្លាំងការពាររបស់ប្រជាជន (PDF) ថា បានបង្កសកម្មភាពភេវរកម្មដូចជាសម្លាប់ប្រជាជនស៊ីវិល បុគ្គលិករដ្ឋាភិបាល ​និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈដូចជា ​មន្ទីរពេទ្យ ​សាលារៀន និងស្ពានជាដើម។
 
រដ្ឋមន្រ្តីការបរទេសរូបនេះ បានបញ្ជាក់ទៀតថា​ ខ្លួនបានជូនដំណឹងទៅកាន់ស្ថាប័នប្រឆាំងភេវរកម្មរបស់អង្គការសហប្រជាជាតិនិងអាស៊ាន​ ព្រមទាំងប្រធានប៉ូលិសអន្តរជាតិប្រចាំអាស៊ាន និងអង្គការប៉ូលិសអន្តរជាតិ ដោយបានស្នើឱ្យមានការសហការវិជ្ជមានលើការជួយដោះស្រាយនិង​ប្រឆាំងពួកភេរវកម្មក្នុងប្រទេសខ្លួន។
 
គួរបញ្ជាក់ថា​ CRPH ជាក្រុមមួយដែលបង្កើតឡើងដោយសមាជិកសភាជាប់ឆ្នោតក្រោយពីរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១។ ចំណែក NUG ជារដ្ឋាភិបាលរបស់ពួកគេ។ ចាប់តាំងពីរបបយោធាមីយ៉ាន់ម៉ាឡើងកាន់កាប់អំណាចមក ប្រជាជនស៊ីវិលច្រើនជាង១៥០០នាក់ ត្រូវជឿថា បានបាត់បង់ជីវិត៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com