ជាតិ
អាជ្ញាធរខេត្តកែប អំពាវនាវឱ្យពលរដ្ឋរួមគ្នាអភិរក្សសត្វសមុទ្រកម្រ និងងាយរងគ្រោះថ្នាក់
04, May 2023 , 9:59 pm        
រូបភាព
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប
ដោយ:
លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន លើក ឡើងថា ការអភិរក្សសត្វសមុទ្រ គឺជាតួនាទីរបស់អាជ្ញាធរ និង ប្រជាពលរដ្ឋទាំងអស់ គ្នា មិនមែនសម្រាប់តែសមត្ថកិច្ច មន្ត្រីជំនាញនោះទេ។ ពលរដ្ឋទូទៅ អាចចូលរួមការពារ តាម រយៈការលើកទឹកចិត្តមិនឱ្យមានចរាចរសត្វទាំងនោះលើទីផ្សារ អប់រំផ្សព្វផ្សាយអំពី​សារសំខាន់​នៃ​ ធនធានសមុទ្រកម្រ និងកំពុងរងគ្រោះថ្នាក់បន្តដល់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន។



ខេត្តជាប់តំបន់ឆ្នេរសមុទ្រចំនួនបួនរបស់កម្ពុជា គឺជាខេត្តគោលដៅទេសចរណ៍តារារះទិសនិរតី ដូច្នេះគ្រប់ភាគីពាន់ព័ន្ធ ប្រជាពលរដ្ឋក្នុងខេត្តនីមួយៗ ត្រូវចូលរួមអភិរក្សធនធានសមុទ្រទាំងអស់នោះ ពិសេសប្រភេទសត្វសមុទ្រកម្រ និងកំពុងរងគ្រោះថ្នាក់។ លោក ហាស់ សារ៉េត បានថ្លែងក្នុងពិធីបើក សិក្ខាសាលាថ្នាក់ខេត្ត ស្តីអំពីការអភិរក្សប្រទេសសត្វសមុទ្រកំពុងរង់គ្រោះថ្នាក់ ដើម្បីទេសចរណ៍ធម្មជាតិ នៅថ្ងៃទី២ ខែឧសភា។
 

លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
 
រដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់ថា៖«ការអភិរក្សសត្វសមុទ្រកម្រ និងកំពុងរងគ្រោះថ្នាក់ គឺការអភិរក្ស ក៏ដូចការអភិវឌ្ឍ។ ដើម្បីអ្នកណា គឺដើម្បីប្រជានេសាទ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងដើម្បីយើងទាំងអស់គ្នា។ បើយើងរួមគ្នាការពារប្រភេទសត្វកម្របានហើយ ភ្ញៀវទេសចរនឹងទៅលេងតាមកោះច្រើន»។
 
លោក ហាស់ សារ៉េត បានបន្ថែមថា បច្ចុប្បន្នខេត្តកែប មានវត្តមានសត្វសមុទ្រកម្រ និងកំពុងរងគ្រោះថ្នាក់មួយចំនួនដូចជា សត្វផ្សោត ជ្រូកទឹក អណ្តើក សេះសមុទ្រ ផ្កាថ្ម និងប្រភេទផ្សេងៗទៀត។
 
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា ការអភិរក្សជីវចម្រុះក្នុងសសមុទ្រពិតជាសំខាន់ណាស់ ដើម្បីជួយដល់ប្រជាពលរដ្ឋ ប្រជានេសាទ និងបង្ហាញពីសក្ដានុពលធនធានសត្វក្នុងសមុទ្រ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់ដែលអភិរក្សមានត្រី ក្ដាម បង្គារ សត្វកម្រ និងងាយរងគ្រោះ ដែលវាទៅសម្ងំពងកូន។ លោក ពិសិដ្ឋ បញ្ជាក់យ៉ាងដូច្នេះ៖«បើយើងមិនរួមគ្នាអភិរក្ស គិតតែពីចាប់ វានឹងផុពពូជ ថ្ងៃក្រោយមានអ្វីចាប់ទៀត»។
 
ដើម្បីកែប្រែមុខមាត់ថ្មីរបស់ខេត្តកែប លោក សោម ពិសិដ្ឋ បានណែនាំដល់មន្រ្តីពាក់ព័ន្ធជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសត្វកម្រ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប្រសិនបើមានជនណាលួចនេសាទខុសច្បាប់។
 
នាយកប្រតិបត្តិអង្គការអភិរក្សសមុទ្រកម្ពុជា កញ្ញា ថាប់ រចនា បានលើកឡើងថា ខេត្តកែបមានផ្សោតសមុទ្រក្បាលត្រឡោក ៣២ក្បាល ដែលបានធ្វើអត្តសញ្ញាណរួច(Photo ID ) ក្នុងចំណោមសត្វផ្សោតសរុបជាង៧០ក្បាល។ ជ្រូកទឹកសមុទ្រ “Dugong Dugong” មានប្រមាណ ៤ក្បាល និងបានជួយសង្គ្រោះល្មិចសមុទ្រ(អណ្តើកសមុទ្រ)ជាង ៧០ក្បាល។ ក្រៅពីនេះ​ ក៏មានសេះសមុទ្រ និងផ្កាថ្មនៅតំបន់អភិរក្សកោះអាចម៌សេះផងដែរ។
 
បើតាមលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប តំបន់អភិរក្សជលផលសមុទ្រខេត្តកែបមាន ៣កន្លែងគឺ នៅកោះអង្ក្រង និងកោះអាចម៍សេះ មានទំហំ ១០៩ហិកតា សម្រាប់សត្វ ឬរុក្ខជាតិពង និងលូតលាស់ និងតំបន់ជម្រកសុវត្ថិភាពក្ដាមសេះ នៅកោះពោធិ៍ មានទំហំ ៤១៦ហិកតា សម្រាប់ការពារ ប្រភេទវារីសត្វក្នុងដំណាក់កាលនៃវដ្ដជីវិត៕
 

សត្វងាយរងគ្រោះ
 

សត្វសមុទ្រ
 

ស្មៅសមុទ្រ
 

Tag:
 ខេត្តកែប
  អភិរក្សសត្វសមុទ្រកម្រ
© រក្សាសិទ្ធិដោយ thmeythmey.com