ជាតិ
វីដេអូ
«ប្រហុកខ្មែរទំនើប»ត្រៀមនាំចេញទៅក្រៅប្រទេសជាផ្លូវការ
07, Nov 2023 , 2:43 pm        
រូបភាព
ភ្នំពេញ៖ ប្រហុក គឺជាអាហារមូលដ្ឋាន និងជាអាហារប្រពៃណីរបស់​ខ្មែរតាំងពីច្រើន​រយពាន់ឆ្នាំមកហើយ។ គ្មានកូនខ្មែរណាម្នាក់មិនស្គាល់ប្រហុកនោះទេ។ ប្រហុកអាច​ត្រូវបានគេប្រើប្រាស់ និងពិសាសុទ្ធតែម្តង ឬត្រូវបានគេ​ប្រើប្រាស់ជាគ្រឿង​ផ្សំ​គាំទ្រ​សម្រាប់ធ្វើម្ហូបអាហារផ្សេងៗទៀត។



ដើម្បីទទួលបានព័ត៌​មានលម្អិតបន្ថែម សូម​អញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោក ហៃ លីអ៊ាង ស្ថាបនិកសហគ្រាស Confirel ដូចតទៅ៖ 
 

អស់រយៈពេលជាច្រើនរយពាន់ឆ្នាំមកហើយ ដែល​ប្រហុកបុរាណខ្មែរ​មានទម្រង់ ក្លិន និងរសជាតិនៅដដែល។ ប្រហុកខ្មែរ​បែប​បុរាណ​នៅតែមានតម្លៃ​ប្រវត្តិ​សាស្រ្ត​របស់វាដដែល​។ ប៉ុន្តែ​ដើម្បីឆ្លើយតប​ទៅនឹងតម្រូវការ​នៃ​សម័យទំនើប សហគ្រាស Confirel (ខនហ្វីរេល) ដែលជំនាញ​ខាង​ផលិត​ផលិតផលខ្មែរ បានសម្រេចចិត្ត​ផលិតប្រហុក​ខ្មែរទំនើប ឬប្រហុកស្ងួតខ្មែរ។ អ្នកប្រើប្រាស់អាចយក​ប្រហុកខ្មែរ​ទំនើបនេះ ទៅធ្វើជាប្រហុកខ្ទិះ ទឹកប្រហុក បាយឆាប្រហុកបានភ្លាមៗដោយ​មិនចាំ​បាច់ចំណាយពេលយូរឡើយ។ 
 
លោក ហៃ លីអ៊ាង ស្ថាបនិករោងចក្រឱសថ PPM និងសហគ្រាស Confirel សង្ឃឹមថា ប្រហុកខ្មែរទំនើបនេះ នឹងអាចទទួលបានកម្មសិទ្ធិ​បញ្ញាអន្តរជាតិ​នាពេល​អនាគត​ដ៏ខ្លី​ខាងមុខនេះ។ ស្របពេលជាមួយគ្នា ប្រហុកខ្មែរទំនើប ក៏បានចាប់ផ្តើម​ចរាចរ​នៅលើទីផ្សារក្នុងប្រទេស និងក្រៅប្រទេស​បន្តិចម្តងៗផងដែរ។ លោក លីអ៊ាង បាន​បញ្ជាក់ថា ប្រហុកខ្មែរបែបប្រពៃណីនៅតែមានតម្រូវការដដែល។ ប៉ុន្តែ ប្រហុក​ខ្មែរទំនើប គឺជាផលិតផលខ្មែរចេញពីគំនិតច្នៃប្រឌិត​ថ្មីមួយទៀតដើម្បីឆ្លើយតបទៅនឹង​តម្រូវ​ការនៃ​អតិថិជនជាតិ និងអន្តរជាតិមួយចំណែកផ្សេងទៀត។ លោក បន្ថែម​ទៀតថា លោកមិនចង់ឃើញប្រទេសដទៃទិញត្រីពីស្រុកខ្មែរ ផលិតប្រហុក​នៅស្រុកគេ រួចហើយនាំចេញទៅទីផ្សារក្រៅប្រទេសឡើយ៕ 
 

Tag:
 ប្រហុក
 ​លោក ហៃ លីអ៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com