ជាតិ
វីដេអូ
ហាងកាហ្វេមួយកន្លែង យកម៉ាស៊ីនឈូសទឹកកកបុរាណ៦គ្រឿង មកតាំងលម្អ
× ភ្នំពេញ៖ ហាងកាហ្វេ TEMPLE ផ្លូវម៉ៅសេទុង រាជធានីភ្នំពេញ បានដាក់តាំងម៉ាស៊ីនឈូសទឹកកកបុរាណ សញ្ញាសត្វហង្ស ៦គ្រឿង ដើម្បីលម្អក្នុងហាង។ ម៉ាស៊ីនទាំងអស់ នៅមានសភាពរឹងមាំនៅឡើយ។ ម៉ាស៊ីនឈូសទឹកកក សញ្ញាសត្វហង្ស ដែលប្រើកម្លាំងដៃនេះ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ។ បើទោះបីជាវាចាស់ណាស់ហើយ ក៏មានអ្នកលក់បង្អែម ឬលក់ទឹកកកឈូសជាច្រើននាក់ នៅប្រើម៉ាស៊ីនប្រភេទនេះនៅឡើយ។ វាជាម៉ាស៊ីនដែលផលិតពីដែកសុទ្ធ គ្មានម៉ូទ័រ គ្មានអគ្គិសនី គ្មានអេឡិចត្រូនិក ដែលធ្វើឱ្យវាងាយជួសជុល និងនៅតែមានសភាពរឹងមាំ មិនងាយខូច ទោះជាម៉ាស៊ីនឈូសទឹកកកទាំងនោះ មានអាយុកាល៦០ឆ្នាំហើយក្តី។ ជាធម្មតា ម៉ាស៊ីនឈូសទឹកកកបែបនេះ មានបញ្ហាតែមួយ គឺទឹកកកធ្វើឱ្យវាសើម ហើយកើតជាច្រែះ។ នេះជាមូលហេតុដែលម៉ាស៊ីនភាគច្រើន ត្រូវបានលាបថ្នាំពណ៌ឡើងវិញជាច្រើនដង ដោយប្រើ៤ពណ៌ ពណ៌លឿង ពណ៌ក្រហម ពណ៌ខៀវ និងពណ៌ស ខណៈពណ៌ដើមរបស់វា គឺបៃតង និងក្រហមបន្តិច។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
បើសិនជាមិនត្រូវការឈូសទឹកកកពេញមួយថ្ងៃ ឬបើមិនមានអគ្គិសនីប្រើ គេនៅតែប្រើម៉ាស៊ីនឈូសទឹកកកបុរាណ។ នៅតាមទីផ្សារ បើសិនជាម៉ាស៊ីនឈូសទឹកកកនោះស្អាតដូចនៅថ្មី វាអាចមានតម្លៃរហូតដល់ ៤០០ដុល្លារអាម៉េរិក។
បារាំងបានចាប់ផ្ដើមផលិតទឹកកកមុនគេបង្អស់ ដោយលោក CARRÉ Ferdinand បង្កើតទូទឹកកក នាឆ្នាំ១៨៦២។ ពេលនោះ គាត់បង្កើតទូទឹកកកមួយ ដែលអាចបង្កើតទឹកកកបាន។ ចាប់ពីពេលនោះមក ទោះបីជាមិនមានទឹកកកធម្មជាតិក៏ដោយ អាចធ្វើបង្អែមទឹកកកបាន។ មិនយូរប៉ុន្មានក្រោយមក ក៏គេបង្កើតម៉ាស៊ីនឈូសទឹកកក ដែលប្រើកម្លាំងដៃ។ បន្ទាប់ពីសង្គ្រាមពិភពលោកលើទី២ គេបង្កើតម៉ាស៊ីនឈូសទឹកកក ដែលមានម៉ូទ័រអគ្គិសនីវិញ។
យ៉ាងណាក៏ដោយក្រុមហ៊ុនអាម៉េរិកាំង SWAN (សញ្ញាសត្វហង្ស) បានបន្តផលិតម៉ាស៊ីនឈូសទឹកកក ប្រភេទប្រើកម្លាំងដៃ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៨០ ជាពិសេសនៅប្រទេសជប៉ុន។ ពេលបច្ចុប្បន្ននេះវិញ ក្រុមហ៊ុន SWAN ដាក់លក់តែម៉ាស៊ីនឈូសទឹកកកទំនើបបុណ្ណោះ៕
Tag:
ម៉ាស៊ីនឈូសទឹកកក
ហាងកាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com