ជាតិ
លោក លាង ដឺលុច អ្នក​ដឹកនាំសារព័ត៌មានឌីជីថល​ដែលចង់រក្សាគុណតម្លៃសំណេរ
29, Dec 2023 , 4:44 pm        
រូបភាព
ដោយ៖ Pierre Gillette
 
ក្រោម​ក្រសែភ្នែកងឿងឆ្ងល់​របស់ស្ត្រីទាំង​ពីរនាក់នោះ ដឺលុច និង​វិចិត្រ ដែលអង្គុយ​នៅពីក្រោយ​​តុ​មួយ​លើ​ចិញ្ចើមផ្លូវក្បែរច្រក​ចូល​​​សារមន្ទីរជាតិ កំពុងសម្ភាស​អ្នក​រត់​ស៊ីក្លូម្នាក់។ គ្រាន់តែ​ជាអ្នក​ធាក់ស៊ីក្លូ​សាមញ្ញម្នាក់​សោះ តើ​មាន​អ្វី​គួរឱ្យ​ចាប់អារម្មណ៍ទៅ? ជឿជាក់ថា ស្ត្រីទាំងពីររូប​ច្បាស់ជាមាន​ពិភាល់ក្នុង​ចិត្ត​បែបនេះ។

ទិដ្ឋភាពនេះបាន​កើតឡើង​នៅ​ឆ្នាំ​១៩៩៨ ជា​ពេល​ដែល​ខ្ញុំ​បានជួប​ដឺលុច លើក​ដំបូង ដែលនៅពេលនោះ គាត់ជានិស្សិតរៀននៅ​ដេប៉ាតឺម៉ង់​សិក្សា​ភាសាបារាំងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញលើ​ជំនាញគ្រូបង្រៀន និង​សារព័ត៌មាន។ ពេលនោះដែរ ខ្ញុំជានិពន្ធនាយក​កាសែត​ភាសាបារាំងកំបូដស័រ (Cambodge Soir) ហើយខ្ញុំ​បាន​ចាប់អារម្មណ៍​លើ​ការងារ​​ដែល​ដឺលុច ​ធ្វើ​​សម្រាប់​មជ្ឈមណ្ឌល​វប្បធម៌​បារាំង ដែល​បច្ចុប្បន្នក្លាយជាវិទ្យាស្ថានភាសា​បារាំង។



ជាការងារហាត់​ការមួយ​សម្រាប់និស្សិត​ដែល​រៀនភាសាបារាំង ​ដឺលុច បាន​សម្រេច​ជ្រើស​រើស​យក​ការ​សរសេរជីវព័ត៌មាន​របស់អ្នករត់ស៊ីក្លូ។ ​លំហាត់នេះ ជាការអនុវត្ត​​ជំនាញ​សារព័ត៌មានផង និង​ជាតិពន្ធុវិទ្យា​ផង ហើយ​នៅ​កាលណោះ បណ្តាញ​សារព័ត៌មាន​កម្ពុជា​មិន​សូវ​ចាប់​អារម្មណ៍​មនុស្ស​តាម​ចិញ្ចើម​ផ្លូវនោះឡើយ ដោយ​នាំគ្នា​ផ្តោត​តែ​លើ​អ្នក​មាន​អំណាច​ប៉ុណ្ណោះ។ បច្ច័យនេះហើយ ដែល​បាន​ទាញ​ចំណាប់អារម្មណ៍​ខ្ញុំ សម្រេច​ចិត្តយក​អត្ថបទនោះ ទៅចុះ​ផ្សាយ​ក្នុងកាសែត។
 
ខ្ញុំ​ស្រឡាញ់​រូបនេះណាស់ ព្រោះ​វាបង្កប់នូវ​ខ្លឹមសារគន្លឹះ​នៃវិជ្ជាជីវៈសារព័ត៌មាន៖ ការជួបសម្ភាសផ្ទាល់ ពោលគឺ​គ្រប់មនុស្សទាំងអស់ មិនថា សាមញ្ញជន​ ឬបុគ្គល​មានអំណាចនោះឡើយ គឺ​ដើម្បី​នាំពាក្យ​ពេចន៍ បទពិសោធន៍​ក្នុង​ជីវិត​របស់ពួកគេទៅកាន់សាធារណជន តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ នេះជាការ​រួមចំណែកឱ្យ​បុគ្គ​លគ្រប់​រូបអាចបញ្ចេញ​សំឡេង​ក្នុងសង្គមដែល​ខ្លួន​រស់នៅ។
 


២៥​ឆ្នាំក្រោយមក យុវជន​វ័យក្មេងដ៏ឈ្លាសវៃ​រូបនេះ នៅតែមិន​ទាន់ទម្លាក់ប៊ិច​របស់ខ្លួននោះឡើយ ហើយ​បច្ចុប្បន្ន ក្លាយជា​លោក លាង ដឺលុច ឬលោកគ្រូ លាង ដឺលុច ដែល​ជាបុគ្គ​ល​ដ៏គួរឱ្យគោរព​ម្នាក់​ក្នុងពិភពអ្នកប្រឡូកអាជីព​សារព័ត៌មាន ជាមួយនឹង​ការ​បន្ត​ដើរតាម​លំអានវិជ្ជាជីវៈ ដូចក្នុង​រូបថតជានិមិត្តរូបស្រាប់។
 
«នៅ​ឆ្នាំ​២០០០ ខ្ញុំ​បាន​បញ្ចប់ការសិក្សានៅ​ដេប៉ាតឺម៉ង់​សិក្សាភាសាបារាំង ជាមួយនឹងជំនាញ​គ្រូបង្រៀនភាសាបារាំង និងសារព័ត៌មាន។ ក្រោយ​ឆ្លងកាត់កម្ម​សិក្សា២ខែ ខ្ញុំ​បាន​ចាប់ផ្តើម​ប្រឡូក​ការងារ​នៅ​កាសែតកំបូដស័រ។ ទីនោះហើយ ដែល​ខ្ញុំបាន​រៀនសូត្រពីសហការីជន​ជាតិ​បារាំង ដែល​ថាការងារអ្នក​កាសែត​មិនមែន​ត្រឹមតែរាយការណ៍អំពី​រឿងរ៉ាវ​នយោបាយ ដកស្រង់សម្តីអ្នកនយោបាយ ឬសរសេរតែរឿងសន្តិសុខ​សង្គម ទៅ​តាមទម្លាប់​អ្នកកាសែតខ្មែរភាគច្រើននា​សម័យកាលនោះឡើយ។»។



ពិតមែនហើយ ដឺលុច បានចាប់ផ្តើម​មើលឃើញវែងឆ្ងាយជាងនេះ ពោលគឺ ការប្រឡូក​ក្នុង​​អាជីពនេះ អ្នក​កាសែតមាន​ឱកាស​ជួបប្រាស្រ័យ​មនុស្ស​គ្រប់​លំដាប់​ថ្នាក់នៅ​ក្នុងសង្គម មនុស្ស​គ្រប់ជំនាញ​វិជ្ជាជីវៈ ហើយពេល​ខ្លះ ស្នាដៃ​អត្ថបទក៏បានជះឥទ្ធិពល​ទៅ​លើ​សង្គម​ផងដែរ។
ដឺលុច​ បន្ថែមថា៖ «នៅ​កំបូដស័រ ខ្ញុំ​មិន​ត្រឹមតែ​ផ្តោតលើ​បច្ចេក​ទេស​សារព័ត៌មាន​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏យក​ចិត្ត​ទុក​ដាក់​ផងដែរ​ទៅលើ​ក្រម​សីលធម៌វិជ្ជាជីវៈ របៀបនៃការពិចារណា​ទៅលើព្រឹត្តិការណ៍មួយ លើហេតុផលនៃដំណើរសាច់រឿង​មួយជាដើម។ ខ្ញុំ​អាចនិយាយបាន​ថា កន្លែងការងារគឺជា​សាកលវិទ្យាល័យ​របស់ខ្ញុំ ព្រោះនៅពេលនោះ ឱកាស​រៀន​សូត្រជំនាញ​សារព័ត៌មាន មិន​សម្បូរបែបឡើយ។»។



ពេល​ដែល​កំពុង​ធ្វើការ​ជាអ្នក​រាយការណ៍ព័ត៌មាន​ខេមរភាសា​សម្រាប់​វិទ្យុបារាំង​អន្តរជាតិ RFI ផងដែរនោះ លោក លាង ដឺលុច រួមជាមួយ​សហសេវិក​កាសែត​កំបូដស័រ​២រូបទៀត គឺ​លោក គី សុខលីម​ និង​លោក ប៉ែន បូណា បានពិភាក្សាគ្នាពីគម្រោង​ដ៏ធំមួយ។ នោះ គឺ​ការ​បង្កើត​សារព័ត៌មានអាជីព​មួយ ដោយ​មិនមាន​វត្តមានជន​បរទេសចូលរួម ឬនៅពីក្រោយឡើយ។
 
លោក​រំលឹកថា៖ «រហូត​ដល់ទសវត្សរ៍​​ឆ្នាំ​២០០០ មហាជនទូទៅតែងនិយាយថា ប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ និងឯករាជ្យរួមមាន Cambodge Soir, Cambodia Daily, Phnom Penh Post, RFI, VOA, RFA  ដែលដឹកនាំដោយផ្ទាល់ និងដោយប្រយោលដោយបរទេស។ ផ្ទុយទៅវិញ ខ្ញុំ​មើលឃើញថា អ្នកកាសែតដែលកំពុង​បំពេញការងារ​ ហើយធ្វើឱ្យអង្គភាពនោះ​មានប្រជាប្រិយភាព និងត្រូវបានទទួលស្គាល់នោះ សុទ្ធតែជាយុវជនខ្មែរ។ ដូច្នេះ ន័យរបស់ពួកខ្ញុំ គឺថា អ្នកកាសែត​ខ្មែរ ក៏អាចបង្កើត និងដឹកនាំ​ក្រុមហ៊ុនសារព័ត៌មានអាជីពមួយបានដែរ។»។



ការមកដល់នៃយុគសម័យអ៊ីនធ័រណិត ​បានធ្វើ​ឱ្យ​សហសេវិក​ទាំងបី​រូប មាន​មហិច្ឆតា​កាន់តែធំធេង ដោយមិន​ចាំបាច់​រង់ចាំ​ការវិនិយោគ​រាប់​ពាន់ម៉ឺន​ដុល្លារនោះឡើយ។ ការបង្កើត​គេហទំព័រ​សារព័ត៌មានជាមធ្យោបាយ​ដ៏ងាយស្រួល​បំផុត។ ពេលនោះហើយ Thmeythmey.com ក៏បាន​ចាប់កំណើត​ឡើង​នៅ​ឆ្នាំ២០១២។
 
ពីមួយ​ថ្ងៃទៅមួយថ្ងៃ ក្រោយ​ការ​ចុះផ្សាយ​ជាច្រើនរយពាន់អត្ថបទ គេហទំព័រ​សារព័ត៌មាន​ដ៏តូចនេះ បង្កើតបាន​ជា​​​ក្រុម​ការងារ​ដ៏តូចមួយក្រោម​ការ​ដឹកនាំរបស់សហស្ថាបនិកទាំងបី ហើយ​មិនយូរ​ប៉ុន្មាន លោក អ៊ឹង ចំរើន អតីត​អ្នក​កាសែតមួយរូបទៀត​នៅកំបូដស័រ បាន​ចូលរួមក្នុងក្រុម ដោយ​រួម​ចំណែក​ពង្រីក​វិសាលភាព​ទៅជាសារព័ត៌មានឌីជីថលថ្មីៗ។ ក្រៅពីគេហទំព័រ ThmeyThmey.com សារព័ត៌មាន​ឌីជីថល​នេះ មាន​បុត្រសម្ព័ន្ធ​២ទៀត គឺ Themythmey25 ដែលផ្តោតលើ​កសិកម្ម ទេសចរណ៍ និងផលិតផលនៅ​តាម​បណ្តាខេត្ត និង Cambodianess ជាភាសាអង់គ្លេស។ លើសពី​ការផ្តល់ព័ត៌មានប្រចាំថ្ងៃ សារព័ត៌មានឌីជីថល​ថ្មីៗ មាន​សកម្មភាព​ផ្សេងទៀត ដូចជា បោះពុម្ពសៀវភៅ, រៀបចំវគ្គ​បណ្តុះបណ្តាល​សារព័ត៌មាន, ផលិតវីដេអូឯកសារ ជាពិសេសស៊េរី​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយអាជ្ញាធរជាតិអប្សរា «លើសពីអង្គរ» ជាដើម។



ទីស្នាក់ការ​សារព័ត៌មានឌីជីថល​ថ្មីៗ ស្ថិតក្នុងអគារផ្ទះល្វែងមួយ ដែល​មាន​បីជាន់ ដោយមាន​បុគ្គលិក ជាថ្នាក់ដឹកនាំ អ្នក​កាសែត អ្នកទទួល​បន្ទុកព័ត៌មាន​វិទ្យា រដ្ឋបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត ជាង​៥០នាក់ ដោយ​ភាគច្រើន​បំផុតមាន​អាយុ​ក្រោម​៣០​ឆ្នាំ។
«យើងជ្រើស​​រើស​អ្នកកាសែត​ក្មេង​ៗដែល​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗ​គ្នា និងជា​អ្នកដែលមានឆន្ទៈខ្ពស់​ចង់ក្លាយជាអ្នកសារព័ត៌មាន។ លោក គី សុខលីម, លោក អ៊ឹង ចំរើន និងខ្ញុំ យើង​តែងតែ​ចំណាយ​ពេល​វេលា​ជាច្រើន​លើ​ការ​បណ្តុះបណ្តាល​បុគ្គលិក​​ក្មេងៗ​របស់​យើង។ ​យើងបញ្ជ្រាបពួក​គេឱ្យ​យល់​ពី​តម្លៃវិជ្ជាជីវៈសារព័ត៌មាន ដែល​ត្រូវ​អនុវត្ត​ដោយភាព​ម៉ត់ចត់ ​ពិចារណាខ្ពស់​លើគុណ​តម្លៃ​សង្គម និង​ការអប់រំ រួមទាំងការ​ចង់ចេះចង់ដឹងផ្សេងៗ។»។
 
អ្វីដែលជាក់ច្បាស់​មិន​អាច​ប្រកែកបាននោះ យុវជន​ទាំងនេះ មាន​ទូរសព្ទទំនើប​គ្រប់ដៃ​ ហើយថែមទាំងមានជំនាញ​ប្រើ​ប្រាស់​កម្ម​វិធី​ផ្សេង​ៗ សម្រាប់​ការ​ផលិត​វីដេអូ និង​មាតិកាទាន់ហេតុការណ៍ ដែល​ទាក់ទាញ​ការ​ចូល​ទស្សនា​រាប់​ពាន់​រាប់​ម៉ឺន​ដង​នៅ​លើ​បណ្តាញ​សង្គមក្នុង​រយៈពេល​ដ៏​ខ្លី។ នេះអាចជួយ​កាត់បន្ថយ​ក្តី​បារម្ភ​របស់​លោក លាង ដឺលុច បាន​ខ្លះ។
 
តែទោះយ៉ាងណាក៏ដោយ​ ចាងហ្វាង​ការផ្សាយ​រូបនេះ លើ​កឡើងថា៖ «វាមិនមែនជា​រឿង​ល្អឡើយ ដែល​អ្នក​កាសែត​វ័យ​ក្មេង​ម្នាក់​ផលិត​វីដេអូ​ព័ត៌មាន​៣នាទី ដោយនិយាយ​​​តែពី​ខ្លួនឯង ជា​ជាង​អត្ថន័យ​ ខ្លឹម​សារនៃប្រធានបទ។ ត្រូវជាក់ច្បាស់ថា ផលិត​ផល​ព័ត៌មាន​ដែល​ចេញផ្សាយ​ មិន​មែនតែដើម្បី​ Like, Share នោះឡើយ ប៉ុន្តែ​ត្រូវ​ផ្តោត​លើ​ជំនាញ​វិជ្ជាជីវៈដែល​បម្រើ​ផល​ប្រយោជន៍។»។
 


​ពិតហើយ សំណេរ​ខ្លីៗ គឺ​​ស្រប​តាមបរិបទ​ជាក់​ស្តែង ប៉ុន្តែអ្នក​កាសែត​ក៏ត្រូវចេះ​សរសេរ​ប្រធាន​វែងៗផងដែរ ក្នុង​នោះ​មាន​ដូច​ជា​បទយកការណ៍ ជីវព័ត៌មាន ការ​វិភាគ រួម​ទាំង​ការ​សរសេរ​សៀវភៅ ជាដើម។
«ខ្ញុំ​លើក​ឧទាហរណ៍អំពីភាព​រីក​រាយ​របស់​ខ្ញុំ ក្នុង​ការ​សរសេរ​សៀវភៅអំពី​លោក ហ៊ុន ម៉ានី។ ការងារនេះ នាំឱ្យ​ខ្ញុំយល់​ដឹង​កាន់តែស៊ីជម្រៅ​អំពី​នយោបាយ​កម្ពុជា និង​បាន​វិល​ត្រឡប់ទៅកាន់ព្រឹត្តិការណ៍​ជាច្រើន ដែល​ខ្ញុំ​ធ្លាប់​បាន​រាយការណ៍​ក្នុងនាមជាអ្នក​សារព័ត៌មាន​។» ។
 
ក្លាយជាស្ថាប័ន​សារព័ត៌មាន​មួយ​ដែល​មាន​ការទទួល​ស្គាល់ខ្លាំង ThmeyThmey ទាក់ទាញប្រិយមិត្ត​របស់ខ្លួន តាមរយៈការ​ផ្តល់ព័ត៌មាន​ដ៏សម្បូរបែបពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ធំៗ ដូចជាស៊ីហ្គេម ឬបុណ្យអុំទូក កន្លងមកជាដើម។ លោក លាង ដឺលុច ថា នេះហើយ​ជា​គោលដៅ​ដើម​របស់​សហស្ថាបនិក។
 
ទោះដំណើរ​ការជាង​១០​ឆ្នាំ​ក្នុង​វិស័យសារព័ត៌មាន​ ដោយចាប់ផ្តើម​ពី​សូន្យ តាមរយៈស្មារតី​សាមគ្គីគ្នាក្នុងក្រុម ប៉ុន្តែ​អ្វីៗក៏មិន​រលូន​ទៅ​មុខ​ទាំងស្រុងនោះដែរ។ លោក លាង ដឺលុច គូស​បញ្ជាក់ថា៖ «យើង​ធ្វើ​ការនៅក្នុងបរិយាកាសមួយដែល​មាន​ការ​ប្រកួត​ប្រជែងយ៉ាងខ្លាំង ពោល​គឺ​ក្នុងសម័យ​កាលដែល​បច្ចេក​វិទ្យា​បន្ត​រីកចម្រើនទៅមុខ​ឥតឈប់ឈរ។ ពេលធ្វើការនៅកំបូដស័រ យើង​សរសេរតែមួយ​អត្ថបទ បន្ទាប់មក​ក៏ចប់។ ប៉ុន្តែបច្ចុប្បន្ន អ្នកកាសែតត្រូវសរសេរផង ថតរូបផង និង​បង្ហោះវីដេអូ​ផង ហើយ​ស្នាដៃទាំងនោះ ត្រូវតែមាន​ភាព​ខុសប្លែកពី​ស្ថាប័ន​សារព័ត៌មានផ្សេងទៀត»។
 


ចំណុចព្រួយបារម្ភ​មួយ​ផ្សេងទៀត​សម្រាប់​លោក លាង ដឺលុច ដែលជានាយក​ប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា ផងដែរនោះ គឺ ពេល​ខ្លះ​អាជ្ញាធរ ហាក់​ដូចជា​មិនសូវ​ផ្តល់​តម្លៃ​ចំពោះអ្នក​សារព័ត៌មាន។
 
«ពួកយើងជាញឹកញាប់​ត្រូវបាន​គេ​ចាត់ទុក​ថា ជាអ្នក​ធ្វើឱ្យ​ខូច​សណ្តាប់ធ្នាប់​សង្គម ជាមនុស្ស​គ្មាន​វិជ្ជាជីវៈ និងមិនគោរពក្រមសីលធម៌​អាជីព​របស់ខ្លួន។ មិនប្រាកដនោះឡើយ»។ លោក​សម្តែងការសោកស្តាយ ប៉ុន្តែជាមួយស្នាមញញឹម ដោយស្ថានភាពខ្លះ ស្ទើរតែនឹង​ដូចគ្នារូបថត​កាលពីឆ្នាំ១៩៩៨ នៅពេល​ដែលលោក​បាន​ចាប់ផ្តើមប្រឡូកក្នុងអាជីពនេះ យ៉ាងដូច្នោះដែរ៕

Tag:
 ជីវព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com