ជាតិ
សង្គមជាតិ
ភាសាខ្មែរ ប្រឹងរស់ប្រឈមនឹងឥទ្ធិពលភាសាបរទេស
24, Jan 2024 , 7:32 pm        
រូបភាព
 ភាសាខ្មែរ បើទោះបីជាមានការប្រែប្រួលទៅតាមសម័យកាលខ្លះ និងទទួលរងឥទ្ធិពលពីភាសាបរទេសយ៉ាងណាក្តី ក៏ភាសាខ្មែរនៅបន្តចាក់ឫសយ៉ាងជ្រាលជ្រៅនៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរ។ ក្នុងចន្លោះឆ្នាំ១៨៦៣-១៩៥៣ ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណានិគមនិយមបារាំង ដូច្នេះ ចង់មិនចង់ភាសាបារាំងមានវត្តមាន និងឥទ្ធិពលមកលើសង្គម និងរដ្ឋបាលខ្មែរនាសម័យនោះ ហើយបន្តឥទ្ធិពលរបស់វារហូតមកដល់សព្វថ្ងៃនេះក្នុងចំណោមបញ្ញាវន្តខ្មែរ។ រីឯភាសាអង់គ្លេស ដែលត្រូវបានគេចាត់ទុកជាភាសាសកលលោក ក៏មានឥទ្ធិពលមកលើប្រទេសកម្ពុជាក្នុងអតីតកាល និងបច្ចុប្បន្នកាលដែរ។ តើកូនខ្មែរត្រូវចេះភាសាខ្មែរច្បាស់លាស់ជាមុន ឬត្រូវចេះភាសាបរទេស ដូចជា បារាំង ចិន ឬអង់គ្លេសជាមុន?



ភាសាបរទេស ដូចជា ភាសាបារាំង ចិន ឬអង់គ្លេស គឺជាភាសាសំខាន់សម្រាប់ទីផ្សារការងាររបស់កូនខ្មែរទាំងនៅក្នុង និងក្រៅប្រទេស។ រីឯ ភាសាខ្មែរ ក៏ជាភាសាផ្លូវការនៃសង្គមខ្មែរដែលកូនខ្មែរត្រូវតែចេះឲ្យច្បាស់លាស់ដែរ ទាំងនិយាយ និងសរសេរ។ ដោយសារតែភាសាបរទេសក៏សំខាន់ ហើយភាសាខ្មែរក៏រឹតតែសំខាន់ដែរនោះ ដូច្នេះ កូនខ្មែរត្រូវតែរៀនឲ្យចេះទាំងព្រមជាគោលការណ៍ តែជាក់ស្តែង វាមិនមែនរឿងងាយស្រួលឡើយ។ មានន័យថា បើចេះភាសាបរទេសច្បាស់ ពេលនោះ អ្នកសិក្សាជារឿយៗ ខ្សោយភាសាខ្មែរ ហើយបញ្ច្រាសមវិញ។

តើភាសាខ្មែរទទួលរងឥទ្ធិពលនៃភាសាណាខ្លះ? ក្នុងការសិក្សា តើកូនខ្មែរពិបាកសម្រេចចិត្តយ៉ាងដូចម្តេចខ្លះក្នុងការជ្រើសរើសយកភាសាខ្មែរមុន ឬភាសាបរទេសមុន? ឬក៏ពួកគេត្រូវជ្រើសរើសយកភាសាទាំងពីរព្រមពេលជាមួយគ្នា?



 
មែនទែនទៅ ប្រទេសកម្ពុជាធ្លាប់ស្ថិតនៅក្រោមអាណាព្យាបាលបារាំង៩០ឆ្នាំ ពោលគឺពីឆ្នាំ១៨៦៣ដល់១៩៥៣។ ទាំងនៅក្រោមអាណានិគម និងក្រោយអាណានិគមបារាំង, បញ្ញាវន្តខ្មែរមួយភាគធំនៅតែបន្តប្រើប្រាស់ភាសាបារាំងដូចជាភាសាផ្លូវការរហូតមកដល់ទសវត្សរ៍៩០។ ប៉ុន្តែចាប់ពីដើមឆ្នាំ២០០០មក ការប្រើប្រាស់ភាសាបារាំងនៅក្នុងប្រទេសកម្ពុជាមានការថយចុះគួរអោយកត់សម្គាល់។ លោកស្រី រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភឿង សកុណា បានរម្លឹកកាលពីថ្ងៃទី២១ខែមករាឆ្នាំ២០២៤ នៅក្នុងព្រឹត្តិការណ៍«សំណេរអង្គរ»ថា ក្នុងសម័យអាណាព្យាបាលបារាំង បារាំងមាននិន្នាការចង់កែប្រែអក្សរខ្មែរឲ្យទៅជាអក្សរឡាតាំង។ ប៉ុន្តែ ប្រជាពលរដ្ឋ និងព្រះសង្ឃកាលនោះ មិនព្រម និងខិតខំថែរក្សាអក្សរខ្មែររហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោកស្រីរដ្ឋមន្រ្តីបានបញ្ជាក់នៅចំពោះមុខបេក្ខជនប្រឡងប្រជែងសរសេរតាមអាននៃកម្មវិធី«សំណេរអង្គរ»ចំនួន៧០០នាក់ថា៖«អក្សរ គឺជាអត្តសញ្ញាណជាតិ។វត្តមានរបស់បេក្ខជននៅក្នុងព្រឹត្តិការណ៍សំណេរអង្គរ គឺបង្ហាញការដឹងគុណចំពោះដូនតា ជាពិសេស បុព្វបុរសរបស់យើង»។

ស្របពេលដែលភាសាបារាំងថយឥទ្ធិពលនៅក្នុងសង្គមខ្មែរ ភាសាអង់គ្លេសក៏ហក់ចូលមកជំនួសវិញ។ ក្នុងដំណើរការចរន្តសកលភារូបនីយកម្ម ភាសាអង់គ្លេស បង្កើនវត្តមានរបស់ខ្លួនកាន់តែខ្លាំងនៅកម្ពុជា ព្រោះ កម្ពុជា គឺជាសមាជិកអាស៊ាន។ អាស៊ាន គឺប្រើប្រាស់ភាសាអង់គ្លេសជាផ្លូវការ។


 
ក្នុងចំណោមសមាជិកអាស៊ានទាំង១០ប្រទេស ក្នុងនោះ មានប្រទេសចំនួន៤ ដូចជា សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ បានប្រើប្រាស់ភាសាអង់គ្លេសយ៉ាងទូលំទូលាយរួចស្រេចទៅហើយ។ ក្រៅពីភាសាអង់គ្លេស ភាសាចិន ភាសាកូរ៉េ ភាសាថៃ វៀតណាម និងរុស្ស៊ី ក៏ជ្រៀតចូលមកក្នុងសង្គមខ្មែរផងដែរ។ គួររម្លឹកថា នាទសវត្សរ៍ឆ្នាំ៨០ កម្មវិធីសិក្សារដ្ឋតម្រូវអោយមានភាសាវៀតណាម និងភាសារុស្ស៊ី និងក្រោយមកក្នុងទសវត្សរ៍៩០ ភាសាបារាំង និងភាសាអង់គ្លេសត្រូវបានបើកចំហរទាំងនៅក្នុងកម្មវិធីសិក្សារបស់រដ្ឋ និងទាំងនៅតាមសាលាឯកជននានា។ ក្នុងទសវត្សរ៍៧០ ភាសាបារាំង និងអង់គ្លេសក៏ធ្លាប់ត្រូវបានរដ្ឋាភិបាលសម័យនោះដាក់បញ្ចូលក្នុងកម្មវិធីសិក្សាក្នុងសាលាមួយចំនួនដែរ មុនពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាចនៅក្នុងឆ្នាំ១៩៧៥។

ក្នុងទសវត្សរ៍ចុងក្រោយនេះ ដោយសារតែឥទ្ធិលំហូរពាណិជ្ជកម្ម និងវិនិយោគ អ្នកវិនិយោគស្ទើរតែទាំងអស់នៅក្នុងប្រទេសកម្ពុជាសុទ្ធតែប្រើប្រាស់ភាសាអង់គ្លេស ឬចិនជាគោល រីឯ ភាសាបារាំង ថមថយឥទ្ធិពល។

ចំពោះភាសាចិនវិញ ដោយសារតែប្រវត្តិនយោបាយ និងវប្បធម៌ដ៏យូរលង់រវាងកម្ពុជា និងចិននោះ កូនខ្មែរខ្សែស្រឡាយចិនមួយចំនួននៅបន្តនិយាយភាសាចិននៅក្នុងគ្រួសារ និងរៀនភាសានេះនៅតាមសាលារៀនភាសាចិនថែមទៀតផង។ ភាសាចិន, ដោយសារតែឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួន, បានពង្រីកវត្តមានទៅកាន់ពិភពលោកកាន់តែធំ និងកាន់តែរហ័ស ក្នុងនោះ កម្ពុជាក៏មិនអាចចៀសផុតពីចរន្តនេះបានឡើយ។


 
យុវជនខ្មែរអ្នកសិក្សាស្ទើរតែជាង៩០ភាគរយទៅហើយបាននាំគ្នារៀនភាសាអង់គ្លេស ឬភាសាចិន។ កាលពីអតីតកាលនិស្សិតតែងតែជ្រើសរើសរៀនភាសាអង់គ្លេស បូកនឹងភាសាបារាំង។ ប៉ុន្តែឥឡូវនេះ និស្សិត ឬអ្នកជំនួញជ្រើសរើសរៀនភាសាអង់គ្លេស បូកនឹងភាសាចិនវិញ។

មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែអ្នកចេះភាសាបារាំងក៏ត្រូវបង្ខំចិត្តរៀនភាសាអង់គ្លេស ឬភាសាចិនបន្ថែមទៀតដែរ បើមិនដូច្នោះទេ ពួកគេត្រូវប្រឈមនឹងការលំបាកក្នុងទំនាក់ទំនងជាលក្ខណៈជាតិ និងអន្តរជាតិ។ បើផ្អែកលើឥទ្ធិពលសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ ភាសាខ្មែរទទួលរងសម្ពាធពីភាសាបរទេសជាច្រើន។ តែទោះជាយ៉ាងណា ភាសាខ្មែរនៅតែរក្សាវត្តមានរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួននៅក្នុងសង្គមខ្មែរ។

នៅពេលបច្ចុប្បន្ននេះ តើការប្រើប្រាស់ភាសាខ្មែរសំខាន់ជាងភាសាបរទេស ឬភាសាបរទេសសំខាន់ជាងភាសាខ្មែរ?

ទាក់ទងទៅនឹងសំណួរនេះ គេមិនអាចឆ្លើយតែមួយម៉ាត់បានឡើយ។ បើនិយាយពីទសវត្សរ៍១៩៩០, ២០០០ ឬដើមឆ្នាំ២០១០ អ្នកចេះភាសាបរទេស ដូចជា បារាំង អង់គ្លេស ឬចិន ងាយស្រួលក្នុងការស្វែងរកការងារធ្វើទាំងនៅក្នុងជំនួញ អង្គការ ឬនៅក្នុងរដ្ឋាភិបាល ព្រោះ តួអង្គពាក់ព័ន្ធជាមួយរដ្ឋាភិបាលកម្ពុជានាពេលនោះ ច្រើនតែប្រើប្រាស់ភាសាបរទេសជាគោល។ ដូច្នេះ អ្នកចេះភាសាបរទេសដែលមានចំនួនតិចផងនាសម័យនោះ មានឱកាស និងអាទិភាពជាងអ្នកមិនចេះ។

និន្នាការនេះបានជំរុញឲ្យឪពុកម្តាយជាច្រើនបានបញ្ជូនកូនចៅឲ្យទៅរៀននៅសាលាបរទេស ទាំងក្នុង និងក្រៅប្រទេសដើម្បីឲ្យកូនចៅចេះភាសាបរទេស ជាពិសេស ភាសាអង់គ្លេស ឬបារំាង ដោយបំភ្លេចចោលបន្តិចភាសារខ្មែរ។ ជាលទ្ធផល បច្ចុប្បន្ននេះ យុវជនមួយចំនួនអាយុក្រោម៣០ឆ្នាំ ឬលើស៣០ឆ្នាំ ដែលបានទៅសិក្សានៅក្រៅប្រទេស ឬសិក្សានៅសាលាអន្តរជាតិ ពិតជាចេះភាសាអង់គ្លេស និងទទួលបានចំណេះជំនាញប្រសើរមែន។ ប៉ុន្តែ ស្របពេលជាមួយគ្នា ពួកគេក៏ប្រឈមឧបសគ្គក្នុងការប្រើប្រាស់ភាសាខ្មែរច្បាស់លាស់ ជាពិសេស ក្នុងសំណេរទៅវិញ។


 
កូនខ្មែរចេះភាសាអង់គ្លេស គឺជាមោទកភាព។ ប៉ុន្តែ កូនខ្មែរ មិនសូវចេះនិយាយភាសាខ្មែរ ឬសរសេរភាសាខ្មែរត្រឹមត្រូវក្នុងការងារ ក៏ជារឿងគួរឲ្យលំបាក និងខ្មាសអៀនដែរនៅក្នុងសង្គមខ្មែរ។ យុវជនខ្មែរដែលចេះភាសាអង់គ្លេស ហើយមិនសូវចេះភាសាខ្មែរ ជាពិសេស ក្នុងសំណេរ ពួកគេត្រូវចំណាយពេលជាច្រើនឆ្នាំសារឡើងវិញដើម្បីរៀនសរសេរភាសាខ្មែរឲ្យត្រឹមត្រូវក្នុងការងារ។

សូមបញ្ជាក់ថា នាទសវត្សរ៍ចុងក្រោយនេះ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់។ ជំនួញភាគច្រើនបង្កើតឡើងដោយជនជាតិខ្មែរកាន់តែច្រើនក្នុងរយៈពេលចុងក្រោយនេះ ដូច្នេះ ការងារមួយចំនួនត្រូវបានគេប្រើប្រាស់ជាភាសាខ្មែរ។ អ្នកចេះភាសាខ្មែរត្រូវបានគេយកចិត្តទុកដាក់ និងទទួលបានការងារធ្វើមិនចាញ់អ្នកចេះភាសាបរទេសឡើយ បើទោះបីជាភាសាអង់គ្លេស ឬចិននៅតែពេញនិយមក៏ដោយក្តី។

ដោយសារតែភាសាខ្មែរកាន់តែមានតម្លៃ ដូច្នេះ អាណាព្យាបាលខ្មែរមួយចំនួនកាន់តែពិបាកសម្រេចចិត្តថាតើពួកគេត្រូវបញ្ជូនកូនចៅទៅសាលាខ្មែរ ឬទៅសាលាបរទេស ឬទៅសាលាដែលបង្រៀនទាំងពីរភាសា ភាសាខ្មែរផង និងភាសាបរទេសផង។ ឲ្យកូនចៅចេះភាសាសខ្មែរផង និងភាសាបរទេសផង គឺជាបំណងប្រាថ្នារបស់អាណាព្យាបាលគ្រប់រូប ប៉ុន្តែ បំណងនេះ មិនងាយ និងពិបាកក្លាយជាការពិត។ បើកូនចៅរៀននៅសាលាអន្តរជាតិ ពួកគេប្រាកដជាចេះភាសាបរទេសច្រើនជាងភាសាខ្មែរ ហើយបញ្ច្រេសមកវិញ។ អាណាព្យាបាលខ្លះ បានត្អូញត្អែរថា កូនចៅរបស់ពួកគេ ទាមទារចង់រៀននៅសាលាបរទេស ព្រោះ ពួកគេគិតថា ភាសាបរទេសងាយសិក្សាជាងភាសាខ្មែរ។

ស្ថិតនៅចំពោះមុខស្ថានភាពនេះ ឪពុកម្តាយខ្លះសប្បាយចិត្តនឹងឃើញកូនចៅចេះនិយាយ និងចេះសរសេរភាសាអង់គ្លេសច្បាស់លាស់។ តែពួកគេក៏កំពុងតែពិបាកចិត្តដែរ ព្រោះកូនចៅរបស់ពួកគេខ្សោយ ឬមិនសូវចេះសរសេរភាសាខ្មែរ។ បើពិនិត្យលើស្ថានភាពជាក់ស្តែង កុមារា កុមារី យុវជន យុវនារី ចេញពីគ្រួសារធូរធា នាសម័យបច្ចុប្បន្ននេះ ចេះភាសាបរទេស ជាពិសេស ភាសាអង់គ្លេស ច្រើនជាងភាសាខ្មែរ។ ល្អ តែពួកគេប្រឈមខ្លាំងជាងអ្នកសម័យមុនទៅទៀត ព្រោះ សង្គមខ្មែរនាពេលនេះ ឲ្យតម្លៃលើភាសាជាតិកាន់តែខ្លាំងឡើងៗពីមួយថ្ងៃៗទៅមួយថ្ងៃ ខុសពី២០ឆ្នាំមុន។ ជាក់ស្តែង លិខិតបទដ្ឋាននានា កិច្ចការផ្សេងៗក្នុងស្ថាប័នរដ្ឋ ឯកជន ឬអង្គការ ត្រូវបានសរសេរ និងប្រើប្រាស់ជាភាសាខ្មែរជាគោល ខុសពីជាង១០មុនដែលឯកសារមួយចំនួនត្រូវបានគេសរសេរ ឬទំនាក់ទំនងគ្នាជាភាសាបរទេស។


 
មានឧបសគ្គមួយទៀតបានកើតឡើងរួចស្រេចហើយចំពោះកូនខ្មែរនៅក្រៅប្រទេស។  ក្រោយពីឪពុកម្តាយរបស់ពួកគេបានគេចចេញពីសង្រ្គាមក្រោយសម័យប៉ុលពតទៅរស់នៅបរទេស កូនខ្មែរដែលកើតនៅស្រុកខ្មែរ ឬកើតនៅក្រៅប្រទេស ដូចជា នៅប្រទេសបារាំង ឬប្រទេសអាមេរិក ភាគច្រើន ពួកគេគ្រាន់តែអាចយល់ភាសាខ្មែរបានខ្លះ តែពួកគេមិនអាចប្រើប្រាស់ភាសាខ្មែរដើម្បីធ្វើការងារជាផ្លូវការបានឡើយ។ អ្នកខ្លះ បានសាកល្បងមកធ្វើការងារផ្សេងៗនៅក្នុងប្រទេសកម្ពុជាវិញដែរ តែពួកគេប្រឈមនឹងការប្រើប្រាស់ភាសាខ្មែរមិនល្អ និងពិបាកសម្របខ្លួនទៅនឹងវប្បធម៌ខ្មែរដែលខ្លួនមិនសូវបានប្រតិបត្តិអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

បើផ្អែកលើកទឡ្ហីករណ៍ខាងលើ និងនិន្នាការថ្មីនៃសង្គមខ្មែរ ការសិក្សាភាសាខ្មែរឲ្យចេះច្បាស់លាស់ គឺជារឿងចាំបាច់ បន្ទាប់មក ចេះភាសាបរទេស គឺជារឿងសំខាន់បំផុតសម្រាប់ការងារ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ជាពិសេស សម្រាប់ការងារក្នុងទំនាក់ទំនងជាលក្ខណៈអន្តរជាតិ៕

© រក្សាសិទ្ធិដោយ thmeythmey.com