ជាតិ
បញ្ជូនសំណុំរឿងទៅតុលាការ ករណីមន្ត្រីប៉េអឹមម្នាក់នៅក្រចេះ «ជិះឡានបាញ់កុក»
31, Jan 2024 , 8:53 am        
រូបភាព
តាមរយៈឃ្លីបវីដេអូខ្លីមួយដែលបង្ហោះនៅលើបណ្តាញសង្គម កងរាជអាវុធហត្ថខេត្តក្រចេះ ឈានដល់ការឃាត់ខ្លួនមន្ត្រីម្នាក់ពាក់ព័ន្ធនឹងសកម្មភាពជិះរថយន្ត ប្រមាញ់សម្លាប់សត្វកុកមួយក្បាល។ បច្ចុប្បន្ន ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់មន្ត្រីប៉េអឹមស្រុកចិត្របុរីរូបនោះ ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីសាងសំណុំរឿងទៅតុលាការ។



ឃ្លីបវីដេអូខ្លី បានបង្ហាញពីសកម្មភាពរបស់បុរសម្នាក់ ពាក់អាវយឺតដែលមានអក្សរ «អ.ហ» ពីក្រោយ ហើយបានចុះពីរថយន្តកាមរីបាឡែន សុំសម្លាប់សត្វកុកមួយក្បាល ដោយប្រើកាំភ្លើងខ្យល់។ រូបភាពភ្ជាប់ជាមួយវីដេអូ ក៏បង្ហាញពីឃើញសត្វកុកដែលបានងាប់ និងសកម្មភាពបុរសនោះ បាញ់ស៊ីបពីរថយន្តថែមទៀតផង។

បើតាមរដ្ឋបាលខេត្តក្រចេះ ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែមករា នៅទីតាំងបឹងរំលាច ស្ថិតក្នុងភូមិស្រែល្ពៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

«បុគ្គលនោះឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី»។ នេះជាការអះអាងរបស់លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយបញ្ជាក់ផងដែរថា មន្ត្រីរូបនោះ ក៏មានស្លាកសញ្ញាសម្គាល់រថយន្តចេញចូលទីបញ្ជាការ «អ.ហ» ផងដែរ។

ដោយអនុវត្តតាមការណែនាំរបស់លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានបញ្ជាក់ថា ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។

ចំពោះករណីនេះ រដ្ឋបាលខេត្តក្រចេះ បានអរគុណដែលសាធារណជន ហើយសន្យាទទួលរាល់ព័ត៌មាន និងមតិស្ថាបនា ជាពិសេសតាមបណ្តាញផ្សព្វផ្សាយសង្គម៕



© រក្សាសិទ្ធិដោយ thmeythmey.com