ជាតិ
សុខភាព
កុមារាអាយុ៩ឆ្នាំនៅខេត្តក្រចេះ ស្លាប់ដោយសារជំងឺផ្តាសាយបក្សី
09, Feb 2024 , 3:44 pm        
រូបភាព
ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែកុម្ភៈ នេះ បានប្រកាសពីករណីក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី ពោលគឺមួយថ្ងៃបន្ទាប់ពីក្មេងប្រុសរងគ្រោះរូបនេះ ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ។



អត្ថបទទាក់ទង


តាមសេចក្តីប្រកាសព័ត៌មាន កុមារានោះ មានទីលំនៅក្នុងភូមិកាប៉ូ១ ឃុំអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ទោះជាមានការយកចិត្ត ទុកដាក់ថែទាំនិងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ ដោយសារស្ថានភាពកុមារមានសភាពធ្ងន់ធ្ងរ រួមមានគ្រុនក្តៅ ពិបាកដកដង្ហើម ហត់ ក្អក និងសន្លប់ កុមារបានស្លាប់នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

«នៅផ្ទះអ្នកជំងឺមានមាន់ ៥ក្បាល និងទា ៣ក្បាល បានងាប់ហើយបានយកមាន់ទា នោះមកធ្វើម្ហូបបរិភោគ»។ ក្រសួងសុខាភិបាលបានអះអាងយ៉ាងដូច្នេះ ដោយបន្ថែមថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួង បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម។
 
ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ស្ថាប័នជំនាញចែកជូនឱសថតាមឺហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ៕



© រក្សាសិទ្ធិដោយ thmeythmey.com