ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុប ៨២៨,៥៤៦ ដុល្លារ ដល់ស្ថាប័នចំនួន៣ សម្រាប់ការបោសសម្អាតមីននៅកម្ពុជា សាងសង់អគារសិក្សានៅក្នុងស្រុកបវេល និងកែលម្អប្រតិបត្តិ ការក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រោមគ្រោងការណ៍ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា នាថ្ងៃទី១៥កុម្ភៈ ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំង៣ ដែលមានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មន្ទីរអប់រំខេត្តបាត់ដំបង និងមន្ទីរកសិកម្មខេត្តរតនគិរី។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នឹងទទួលបានជំនួយចំនួន ៥១៥,០៦០ ដុល្លារ សម្រាប់គម្រោងបោសសម្អាតមីនក្នុងខេត្តចំនួន៣ ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ថវិកាជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីពន្លឿន និងបង្កើនប្រសិទ្ធភាព នៃសកម្មភាពបោសសម្អាតមីន ដោយដំឡើងកម្មវិធីសម្រាប់ប្រព័ន្ធសកម្មភាពមីន ផ្អែកលើបញ្ញាសិប្បនិម្មិត(AI)។ គ្រាប់មីននៅតែបន្តមាននៅក្នុងប្រទេសកម្ពុជា ដូចជានៅតំបន់កំពុងអភិវឌ្ឍន៍សម្រាប់កសិកម្ម កន្លែងទេសចរណ៍ និងតំបន់សម្រាប់រោងចក្រខ្នាតធំៗ។ បច្ចុប្បន្ន គ្រាប់មីនត្រូវបានរកឃើញ ដោយសារការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តសៀមរាប។ គម្រោងនេះមានគោលបំណងនាំមកនូវសុវត្ថិភាពសម្រាប់ការអភិវឌ្ឍសង្គម និងប្រជាពលរដ្ឋប្រមាណ ២ម៉ឺននាក់ក្នុងខេត្តទាំង៣ ដោយការលុបបំបាត់គ្រាប់មីនក្នុងផ្ទៃដីសរុប ០,៩៦គីឡូម៉ែត្រការ៉េ។
ថវិកាចំនួន ៨៨,៩០០ដុល្លារ នឹងត្រូវផ្តល់ទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង សម្រាប់សាងសង់អគារសិក្សា១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម នៅសាលាបឋមសិក្សាពីងពង់ ក្នុងស្រុកបវេល។ អគារសិក្សាឈើ និងគ្រឿងសង្ហារឹមធ្វើអំពីឈើ នៅសាលានេះ បច្ចុប្បន្នមានមានសភាពទ្រុឌទ្រោម ដែលបង្កការលំបាកដល់ការសិក្សារបស់សិស្ស។ គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន។
ចំណែកឯមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី នឹងទទួលបានថវិកាចំនួន ១៥,០៦០ដុល្លារ សម្រាប់គម្រោងកែលម្អប្រតិបត្តិការក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទី ក្នុងខេត្តរតនគិរី។ ថវិកាជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ឃ្លាំង កន្លែងសម្ងួត និងដំឡើងឧបករណ៍វាស់សំណើម និងម៉ាស៊ីនចាត់ថ្នាក់សម្រាប់សហគមន៍កសិកម្មចំនួន៤ ក្នុងខេត្តរតនគិរី។ គម្រោងនេះ ត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់កសិករប្រមាណ ២០០នាក់ ដោយការពង្រឹងខ្សែសង្វាក់តម្លៃក្នុងការផលិតគ្រាប់ស្វាយចន្ទី ក៏ដូចជាការលើកកម្ពស់ប្រាក់ចំណូលរបស់កសិករ។
នៅក្នុងពិធីចុះហត្ថលេខានេះដែរ លោក អិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានរំឭកថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បាននិងបន្តផ្តល់ជំនួយឥតសំណងគូសាណូណិ នៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលកំពុងអនុវត្តគម្រោង។ គូសាណូណិ មានន័យថា “ឬសស្មៅ” ក្នុងភាសាជប៉ុន។
«នៅក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុន បានចូលរួមចំណែកក្នុងគម្រោងចំនួន ៦៩១ នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងគូសាណូណិ។ យើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន»។ លោក អិណុ អាត់ស៊ូស៊ី បន្ថែមដូច្នេះ ជាមួយនឹងការប្តេជ្ញាបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈម ដែលប្រទេសកម្ពុជាកំពុងប្រទះ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន៕