RFI
អន្តរជាតិ
ភូមា​ដាក់ទោស​ប្រហារ​ជីវិត​ឧត្តមសេនីយ៍​បីនាក់​ពីបទ​ចុះ​ចាញ់​ក្រុមឧទ្ទាម
20, Feb 2024 , 7:39 pm        
រូបភាព
​ភូមា​ដាក់ទោស​ប្រហារ​ជីវិត​ឧត្តមសេនីយ៍​បីនាក់​ពីបទ​ចុះ​ចាញ់​ក្រុមឧទ្ទាម DR
​ភូមា​ដាក់ទោស​ប្រហារ​ជីវិត​ឧត្តមសេនីយ៍​បីនាក់​ពីបទ​ចុះ​ចាញ់​ក្រុមឧទ្ទាម DR
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
 
របប​សឹក​ភូមា​បាន​សម្រេច​ផ្តន្ទាទោសប្រហារ​​ជីវិត​​មេដឹកនាំ​ជាន់​ខ្ពស់​យោធា​បី​នាក់​ ដែល​បាន​ធ្វើ​សង្គ្រាម​ចាញ់​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​នៅ​ជិត​ព្រំប្រទល់​ចិន។​ នេះ​បើ​តាម​ប្រភព​យោធា​ពីរ​សុំ​មិន​បញ្ចេញឈ្មោះ។ កាលពីដើម​​ខែមុន កង​ទ័ព​រដ្ឋាភិបាល​សឹក​បានស្គាល់​បរាជ័យ​យ៉ាង​ជូរ​ចត់​ ដោយសម្រេច​ចិត្ត​បោះ​បង់​ក្រុង​​ឡូកី (Loukkai) ក្រុង​យុទ្ធសាស្ត្រនៅ​ភាគ​ខាង​ជើង​ប្រទេស។

 
បើ​តាម​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ព្រោះគ្មាន​សិទ្ធិ​​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន មេដឹកនាំ​យោធា​ជាន់​ខ្ពស់​ពាក់​សក្តិជា​ឧត្តមសេនីយ៍​បី​នាក់ ក្នុង​នោះម្នាក់​ជា​មេបញ្ជាការ​កងទ័ព​ប្រចាំ​ក្រុង​ឡូកី បាន​រង​ការ​ផ្តន្ទាទោស​ប្រហារ​ជីវិត​។ ​បី​នាក់​ផ្សេង​ទៀត មានឋានៈ​ជា​ឧត្តមសេនីយ៍​ហើយ​ពាក់ព័ន្ធ​នឹង​ការ​ចាញ់​សង្គ្រាម​នៅ​សមរភូមិ​ឡូកី​ដែរ ត្រូវ​កាត់​​ទោសឱ្យ​​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ នេះ​បើ​ប្រភព​ដដែល​ដែល​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បញ្ជាក់​អំពី​កាលបរិច្ឆេទ​នៃ​ការ​បើក​សាលក្រម​ឡើយ។ តែ​​​ច្បាប់សឹក​ភូមាបាន​ចែង​យ៉ាង​ច្បាស់​ថា ក្នុង​ករណី​បោះបង់​ ឬ​រត់​ចោលទីតាំង​យោធា ទាហាន​ត្រូវ​មាន​​ទោស​ប្រហារជីវិត។
 
សូម​រំលឹក​ថា កាលពី​ដើម​ខែ​មករា ក្រុង​ឡូកី (Laukkai) ក្នុង​រដ្ឋស្ហាន ដែលស្ថិតនៅ​ជាប់ព្រំដែនចិន បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់ក្រុម​ឧទ្ទាម​​ប្រដាប់អាវុធ​ជនជាតិភាគតិច​៣ក្រុម។ ​​ក្រុមយោធា អារ៉ាកា កងកម្លាំង​សម្ព័ន្ធប្រជាធិបតេយ្យ​ជាតិភូមា MNDAA​និង​យោធា​រំដោះជាតិ​តាអាង TNLA ​បាន​ចង​សម្ព័ន្ធ​ភាព​គ្នាប្រយុទ្ធ​តតាំង​នឹង​រដ្ឋាភិបាល​សឹក​ភូមា ដោយ​បាន​ចាប់ខ្លួន ដកហូតអាវុធពី​មន្រ្តីយោធា ហើយ​​កងទ័ពភូមាប្រមាណ​ជិត​២ពាន់​នាក់​បាន​យល់ព្រម​ទម្លាក់អាវុធ ចុះចាញ់ មុន​ចាក​ចេញ​ពី​ក្រុង​ជាមួយ​ក្រុមគ្រួសារ។ ក្រោយពី​ទទួល​ស្គាល់​បរាជ័យ​នៅ​​ក្រុង​ឡូកី​​ អ្នក​នាំពាក្យ​របប​សឹក​បាន​បញ្ជាក់​ថា​មាន​ឧត្តម​សេនីយ៍​៦​រូប​ត្រូវ​ចាប់​ខ្លួន​យក​ឃុំ​ឃាំង។
 
របូតបាត់​ទីក្រុង​ឡូកី ជា​បរាជ័យ​ដ៏​ជូរ​ចត់​បំផុត​មិន​ធ្លាប់​មាន​ទេ សម្រាប់​កង​កម្លាំង​ប្រដាប់​អាវុធ​ភូមា ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ ព្រោះ​ឡូកី​ជា​ក្រុង​យុទ្ធសាស្ត្រ​ ល្បី​ខាង​មាន​បន​ល្បែង បន​ស្រីពេស្យា និង​ជាមណ្ឌល​ឆបោក​អនឡាញ​​ ជា​ច្រកផ្លូវ​ដ៏​សំខាន់​មួយ សម្រាប់​ពាណិជ្ជកម្ម​នាំចេញ​របស់​ភូមា​ទៅ​កាន់​ប្រទេស​ចិន។
 
បី​ឆ្នាំ​ក្រោយ​រដ្ឋប្រហារ របប​សឹក​ភូមា​ដឹកនាំ​ដោយ​លោក​ មីនអ៊ុងឡាំង លេច​សញ្ញា​​ចុះ​ខ្សោយ​។ កងទ័ពរដ្ឋាភិបាល​ចាប់​ទន់​ដៃ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ក្រុមប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច​ និង​​កងកម្លាំង​ការពារ​ប្រជាជន ដែលជា​យុវជន​ប្រជាធិបតេយ្យ​​រត់​ចូល​ព្រៃ​កាន់​អាវុធ​ប្រឆាំង​នឹង​ការធ្វើរដ្ឋប្រហារ​នៅភូមា។ ប្រឈម​នឹង​ការ​លំបាក​នៅ​តាម​សមរភូមិ របប​សឹក​បាន​ប្រកាស​ប្រើ​ច្បាប់​ចាប់បង្ខំ​ឱ្យយុវនារី​​អាយុ១៨ទៅ​២៧​ឆ្នាំ និង​ដល់​៣៥​ឆ្នាំ​សម្រាប់​បុរស​បំពេញ​​កាតព្វកិច្ច​យោធា។ កាលពី​ឆ្នាំ​២០២២ ភូមា​ក៏​បាន​ប្រហារ​ជីវិត​ ជា​លើក​ទីមួយ​អ្នក​ជាប់​ទោស​ប្រហារ​ជីវិត​បួន​នាក់ ក្នុង​នោះ​២​នាក់​ជា​សកម្មជនប្រជាធិបតេយ្យ៕

© រក្សាសិទ្ធិដោយ thmeythmey.com