សង្គមអន្តរជាតិ​
អន្តរជាតិ
កូរ៉េខាងត្បូងលើកទឹកចិត្តប្រជាជនអាយុលើស ៦៥ឆ្នាំបោះចោលប័ណ្ណបើកបរ
20, Feb 2024 , 8:59 pm        
រូបភាព
ផ្លូវមានការកកស្ទះនៅភាគខាងត្បូងទីក្រុងសេអ៊ូល។ រូបភាព ៖ Yonhap
ផ្លូវមានការកកស្ទះនៅភាគខាងត្បូងទីក្រុងសេអ៊ូល។ រូបភាព ៖ Yonhap
កូរ៉េខាងត្បូងកំពុងផ្តល់ការលើកទឹកចិត្តដល់ប្រជាជនដែលមានអាយុលើសពី ៦៥ឆ្នាំឱ្យបោះបង់ប័ណ្ណបើកបររបស់ពួកគេ ដោយសារចំនួនគ្រោះថ្នាក់ដែលទាក់ទងនឹងក្រុមអាយុនេះបានកើនឡើង។

 
អាជ្ញាធរក្នុងស្រុក Jisan ទីក្រុង Busan កាលពីដើមខែកុម្ភៈ បានអនុវត្តគោលនយោបាយផ្តល់ប័ណ្ណលើកទឹកចិត្តដែលមានតម្លៃ ១០០ពាន់វ៉ុន (៧៥ដុល្លារ) ដល់ប្រជាជនដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងយល់ព្រមបោះបង់ប័ណ្ណបើកបរ។ Jisan បានក្លាយជាស្រុកដំបូងនៅក្នុងទីក្រុងដែលមានប្រជាជនច្រើនជាងគេទី២របស់កូរ៉េខាងត្បូងផ្តល់ការលើកទឹកចិត្តដល់អ្នកបើកបរវ័យចំណាស់ឱ្យបោះបង់ប័ណ្ណបើកបរ។ 
 
ទន្ទឹមនេះ ទីក្រុង Milyang ខេត្ត South Gyeongsang ធ្លាប់បានចេញប័ណ្ណលើកទឹកចិត្តចំនួន ១០០ពាន់វ៉ុន( ៧៥ដុល្លារ) ដល់អ្នកបើកបរអាយុចាប់ពី ៧០ឆ្នាំឡើងបោះចោលប័ណ្ណបើកបររបស់ពួកគេ។ ប៉ុន្តែឆ្នាំនេះ ប័ណ្ណលើកទឹកចិត្តនឹងកើនឡើងដល់ ២០០ពាន់វ៉ុន (១៥០ដុល្លារ)។
 
លើសពីនេះ ទីក្រុង Paju ខេត្ត Gyeonggi និងស្រុក Heonseong ខេត្ត Gangwon ក៏បានបង្កើនគោលនយោបាយដោយផ្តល់ប័ណ្ណលើកទឹកចិត្តដែលមានតម្លៃ ៣០០ពាន់វ៉ុន (២២០ដុល្លារ) ជំនួសឱ្យ ១០០ពាន់វ៉ុនកាលពីមុន។
 
ចំណាត់ការរបស់រដ្ឋាភិបាលក្នុងតំបន់នៅកូរ៉េខាងត្បូងបានកើតឡើង ស្របពេលចំនួនករណ៍គ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធនឹងអ្នកបើកបរដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅបានកើនឡើងជាបន្តបន្ទាប់។
 
នៅក្នុងខែតុលា ឆ្នាំ២០២៣ រដ្ឋបាលចរាចរណ៍ផ្លូវគោកកូរ៉េខាងត្បូងបាននិយាយថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ដែលទាក់ទងនឹងអ្នកបើកបរដែលមានអាយុលើសពី ៦៥ឆ្នាំបានកើនឡើងជារៀងរាល់ឆ្នាំពី ៣១ ០៧២ករណីក្នុងឆ្នាំ២០២២ ដល់ ៣៤ ៦៥២ករណីក្នុងឆ្នាំ២០២២។ ចំនួននេះផ្ទុយនឹងចំនួនគ្រោះថ្នាក់ចរាចរណ៍ជទូទៅដែលមានការថយចុះជារៀងរាល់ឆ្នាំពីចំនួន ២០៩ ៦៥៤ករណីក្នុងឆ្នាំ២០២០ មកត្រឹម ១៩៦ ៨៣៦ករណីក្នុងឆ្នាំ ២០២២។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Herald នៅថ្ងៃទី១៩ ខែកុម្ភៈ។  
 
ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីឆ្នាំមុនបានប្រកាសផែនការកម្រិតការបើកបរសម្រាប់អ្នកបើកបរដែលមានអាយុលើសពី៦៥ឆ្នាំ រួមមានរឹតបន្តឹងលើការបើកបរលើផ្លូវហាយវេ និងពេលយប់ ដំឡើងមុខងារសុវត្ថិភាពបន្ថែមលើរថយន្ត និងហាមបើកបរលើសពីល្បឿនកំណត់។ ទីភ្នាក់ងារនគរបាលជាតិ (NPA) កំពុងធ្វើការស្រាវជ្រាវទាក់ទងនឹងគោលនយោបាយនេះ ហើយមានបំណងប្រកាសនៅឆ្នាំ២០២៥។
 
រដ្ឋាភិបាលកូរ៉េបានលើកទឹកចិត្តដល់មនុស្សវ័យចំណាស់បញ្ឈប់ការបើកបរ ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​សម្រេច​ចិត្ត​បោះបង់​ប័ណ្ណ​បើកបរ។ ទិន្នន័យ NPA បង្ហាញថាក្នុងចំណោមមនុស្ស ៤,៣៨លាននាក់ដែលមានអាយុលើសពី ៦៥ឆ្នាំដែលមានអាជ្ញាប័ណ្ណបើកបរក្នុងឆ្នាំ២០២២ មានតែ ២,៦ភាគរយប៉ុណ្ណោះដែលបានប្រគល់ប័ណ្ណបើកបររបស់ពួកគេ។ 
 
តាមការស្ទង់មតិឆ្នាំ២០២៣ របស់អាជ្ញាធរដឹកជញ្ជូនផ្លូវគោកលើអ្នកបើកបរដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅបានរកឃើញថា ៣១,៧ភាគរយនៃអ្នកបើកបរទាំងនោះកំពុងពិចារណាបោះបង់ប័ណ្ណបើកបររបស់ពួកគេ។
 
នៅក្នុងការស្ទង់មតិក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ដោយក្រុមហ៊ុនធានារ៉ាប់រងរថយន្ត Axa Direct ចំពោះអ្នកបើកបរជនជាតិកូរ៉េចំនួន ១៤០០នាក់ មានតែ ២២,៩ប៉ុណ្ណោះដែលនិយាយថាពួកគេសុខចិត្តបោះបង់ប័ណ្ណបើកបរនៅពេលពួកគេឈានដល់អាយុ ៦៥ឆ្នាំ៕ 

Tag:
 កូរ៉េខាងត្បូង
  ប័ណ្ណបើកបរ
© រក្សាសិទ្ធិដោយ thmeythmey.com