កីឡាជាតិ
ជាតិ
កីឡាហោះហើរ៖ វ័យ៥៨ឆ្នាំ លោក លី សុខី ស្ពាយម៉ាស៊ីន Paramotor ហោះកម្ពស់១០០ម៉ែត្រ
20, Feb 2024 , 9:29 pm        
រូបភាព
លោក លី សុខី គ្រូបង្វឹក និងជាកីឡាករហោះហើរកម្ពុជា មិនញញឺតចំពោះការប្រើប្រាស់ម៉ាស៊ីន Paramotor ក្នុងការហោះហើរក្នុងរយៈកម្ពស់ ៥០-១០០ម៉ែត្រឡើយ។ បុរសវ័យ ៥៨ឆ្នាំរូបនេះ មានឆន្ទៈចង់ឲ្យកីឡាមួយនេះ រីកចម្រើននៅកម្ពុជា ជាពិសេសការបណ្ដុះធនធានកីឡាករ ចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ។




ក្រោមកម្ដៅថ្ងៃ នាម៉ោង ១ថ្ងៃត្រង់ ដល់ម៉ោង ៥ល្ងាច នៅជិតរមណីយដ្ឋានភ្នំរាប ស្ថិតក្នុងខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាទីកន្លែងដែលសហព័ន្ធកីឡាហោះហើរ បានបង្វឹកសិក្ខាកាមយ៉ាងសកម្ម ពីបច្ចេកទេសហោះហើរ រៀងរាល់ថ្ងៃអាទិត្យ។ លោក លី សុខី ដើរតួជាគ្រូបង្វឹកផង និងជាសិក្ខាកាម ដែលមានវ័យចាស់ជាងគេ នៅក្នុងកីឡាហោះហើរនេះ។ លោក សុខី ក៏បានចែករំលែកចំណេះដឹងខ្លះៗ ដែលបានហ្វឹកហាត់អស់រយៈពេល១ឆ្នាំ ហើយក៏មានបទពិសោធន៍ហោះហើរជាច្រើនលើកផងដែរ ទៅដល់សិក្ខាកាមដទៃទៀត។
 
រយៈកម្ពស់ ៥០-១០០ម៉ែត្រ គឺមិនទាបទេ រួមផ្សំជាមួយការស្ពាយ Paramotor នៅពីក្រោយខ្នង ដែលមានទម្ងន់ពី២៥-៣០គីឡូក្រាម រឹតតែពិបាកសម្រាប់អ្នកមិនមានស្មារតីក្លាហាន ។ ដើម្បីពង្រឹងស្មារតីទៅដល់សិក្ខាកាមដទៃទៀត បុរសវ័យ៥៨ឆ្នាំ លី សុខី បានបង្ហាញសម​ត្ថភាពហោះហើរលើអាកាសមុនគេ។ ស្នាមញញឹម និងសំណើចក្អាកក្អាយរបស់លោក សុខី នៅពេលហោះផុតពីដី បានធ្វើឲ្យសិក្ខាកាមក្មេងៗ ទះដៃអបអរ។ 
  


«យើង ត្រូវមានស្មារតីល្អរហូត ក្នុងពេលហោះឡើង ពេលហោះស្មើ និងពេលចុះមកវិញ គឺត្រូវមានស្មារតីទាំងអស់ ទើបអាចលេងកីឡានេះ បាន។ យើង ត្រូវទទួលខុសត្រូវលើសុវត្ថិភាពដោយខ្លួនឯង។ យើង ត្រូវរហ័សរហួន នេះ គឺជាចំណុច ដែលត្រូវទាមទារ ដែលជាភាពឆ្លាតវៃរបស់យើង ដែរ។»។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។
 
ក្រៅអំពីស្មារតីក្លាហាន និងមិនខ្លាចខ្ពស់ បុរសវ័យ៥៨ឆ្នាំរូបនេះ ក៏មានកាយសម្បទាមាំមួន អាចទប់ជាប់កម្លាំងទាញដ៏ខ្លាំងរបស់ខ្យល់ ដែលបុកផ្ទប់ជាមួយនិងឆ័ត្រយោងផងដែរ។ លោក សុខី មានមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រងឆ័ត្រយោងបានយ៉ាងល្អ។ ការហ្វឹកហាត់គ្រប់គ្រងឆ័ត្រ គឺជំហានដំបូងហើយ សម្រាប់អ្នកហ្វឹកហាត់ ព្រោះត្រូវការរៀនទប់លំនឹងឆ័ត្រ និងការដឹងពីទិសដៅនៃខ្យល់។ ប្រសិនជាមិនបានឆ្លងកាត់ជំហានដំបូងនេះឲ្យបានល្អទេ គ្រូបង្វឹកនឹងមិនអនុញ្ញាតឲ្យទៅហ្វឹកហាត់ពីរបៀបប្រើប្រាស់ម៉ាស៊ីន Paramotor ដែលជាជំហានបន្ទាប់ឡើយ។ 
  


ចំណែកជំហានចុងក្រោយ គឺការហ្វឹកហាត់ទប់លំនឹងឆ័ត្រ ដោយស្ពាយ Paramotor ពីក្រោយខ្នង។ សិក្ខាកាម ឆ្លងកាត់ការគ្របគ្រងឆ័ត្របានល្អ និងចេះប្រើប្រាស់ម៉ាស៊ីន ក្នុងពេលតែមួយ ទើបគ្រូបង្វឹកអនុញ្ញាតឲ្យហោះហើរបាន។
 
លោក លី សុខី បានប្រាប់សារព័ត៌មានថ្មីៗថា៖«ការហ្វឹកហាត់កីឡានេះ សំខាន់ គឺសុខភាព និងកាយសម្បទារឹងមាំ ហើយត្រូវមានបញ្ញាស្មារតីមាំមួន និងចំណង់ចំណូលចិត្តដែរ និងពេលវេលាគ្រប់គ្រាន់ ព្រោះកីឡានេះ គឺជាកីឡាមួយហោះហើរផុតចេញពីដី ហើយកីឡានេះ ត្រូវយកចិត្តទុកដាក់ហាត់ ព្រោះយើងបើកដោយខ្លួនឯង។»។
 
បើតាមគ្រូបង្វឹករូបនេះ មុនពេលហោះហើរ ត្រូវការពិនិត្យទាំងឆ័ត្រ និងម៉ាស៊ីន។ ការពិនិត្យមើលឆ័ត្រ ត្រូវគយគន់ឲ្យលម្អិតលើខ្សែ និងផ្ទៃឆ័ត្រយោង ព្រោះខ្លាចមានរហែកត្រង់ណាមួយ រីឯម៉ាស៊ីន គឺពិនិត្យគ្រប់ប្រព័ន្ធទាំងអស់ មានប្រព័ន្ធភ្លើង និងសាំង។ សម្រាប់សិក្ខាកាម ក៏ត្រូវបញ្ឆេះម៉ាស៊ីនសាកល្បងផងដែរ មុនពេលហោះហើរ ដើម្បីធានាបាននៅសុវត្ថិភាព១០០ភាគរយ។



ដោយឡែក អាកាសធាតុ ក៏ជាបញ្ហាមួយក្នុងការហ្វឹកហាត់កីឡានេះ។ កីឡាករវ័យចំណាស់រូបនេះ បានបន្ថែមថា នៅក្នុងរដូវភ្លៀង គឺមិនសូវបានហោះហើរទេ ហើយការហ្វឹកហាត់ភាគច្រើននៅរដូវប្រាំង ដែលស្ងួត។
 
លោក សុខី មានឆន្ទៈចង់ឲ្យកម្ពុជា មានធនធានកីឡាករ-កីឡាការិនីក្នុងប្រភេទកីឡានេះ អាចមានសមត្ថភាពចូលរួមប្រកួតលើឆាកអន្ដរជាតិ ដូចជាប្រទេសផ្សេងទៀត។
 
«ខ្ញុំ ចង់ឲ្យកម្ពុជា មានធនធានកីឡាករផ្នែកកីឡានេះ ដូចប្រទេសដទៃទៀតដែរ។ អ៊ីចឹងនៅថ្ងៃក្រោយ ពេលយើងមានព្រឹត្តិការណ៍ជាតិ ឬព្រឹត្តិការណ៍អន្ដរជាតិធំៗ យើងអាចយកធនធានកីឡាករក្នុងសហព័ន្ធយើង ទៅប្រើប្រាស់បាន។ យើង មិនបាច់ចំណាយលុយហៅគេមកពីក្រៅ ឲ្យជួល ហើយបានប្រើធនធានក្នុងស្រុកទៀត។»។ លោក លី សុខី មានសុទិដ្ឋិនិយមដូច្នេះ៕

Tag:
 កីឡាហោះហើរ
  លី សុខី
  Paramotor
© រក្សាសិទ្ធិដោយ thmeythmey.com