សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើប្រទេសណាផលិតប្រេងឆៅធំជាងគេលើពិភពលោក ?
20, Feb 2024 , 9:59 pm        
រូបភាព
ការបូមប្រេងឆៅនៅរដ្ឋ California អាម៉េរិក ។ រូបភាព AFP
ការបូមប្រេងឆៅនៅរដ្ឋ California អាម៉េរិក ។ រូបភាព AFP
ជាង ៣ទសវត្សរ៍មកនេះ អាម៉េរិក អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានប្តូរវេនគ្នាកាន់តំណែងនាំមុខក្នុងការផលិតប្រេងឆៅ ប៉ុន្តែភាពខុសគ្នាមានតិចតួចបំផុត។ យ៉ាងណាមិញ អាម៉េរិកបានវ៉ាដាច់គេដោយមានចំណែក ១៤,៧ភាគរយនៃផលិតកម្មប្រេងពិភពលោកនៅឆ្នាំ ២០២២។

 
នៅទសវត្សរ៍ឆ្នាំ១៩៩០ អារ៉ាប៊ីសាអូឌីតបានគ្រប់គ្រងពិភពលោកនៅចំណែកទិន្នផលប្រេងឆៅដោយសារទុនបម្រុងប្រេងដ៏ច្រើនរបស់ខ្លួន។ ពេលនោះ វិស័យប្រេង និងឧស្ម័នបានចូលរួមចំណែកជិត ៤២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈបាននាំចំណូលប្រមាណ ៨៧ភាគរយនៃថវិកាជាតិសរុប និង ៩០ភាគរយនៃប្រាក់ចំណូលពីការនាំចេញរបស់ប្រទេសនេះ។ 
 
យ៉ាងណាមិញ នៅក្នុងទសវត្សរ៍ឆ្នាំ២០០០ ប្រទេសមជ្ឈិមបូព៌ាមួយនេះត្រូវបានវ៉ាដាច់ដោយរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីទីក្រុងម៉ូស្គូបានបង្កើនការវិនិយោគជាយុទ្ធសាស្រ្តនៅក្នុងហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ន។ ប្រេងរុស្ស៊ីភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ក្នុងតំបន់អឺរ៉ុប ៦០ភាគរយ និងចិនប្រហែល ២០ភាគរយ។
 
ស្របគ្នានេះ អាម៉េរិកបានចាប់ផ្តើមបង្កើនការផលិតរបស់ខ្លួនគួរឱ្យកត់សម្គាល់នៃផលិតកម្មប្រេងក្នុងស្រុក ភាគច្រើនចាប់ពីរដ្ឋ Texas រហូតដល់ North Dakota ។ នៅឆ្នាំ ២០១៨ប្រទេសនេះបានក្លាយជាប្រទេសផលិតប្រេងធំជាងគេបំផុតរបស់ពិភពលោក។ នៅឆ្នាំ ២០២២ អាម៉េរិកមានចំណែក ១៤,៧ភាគរយនៃផលិតកម្មប្រេងពិភពលោក ខណៈអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីមាន ១៣,១ភាគរយនិង ១២,៧ភាគរយរៀងគ្នា។
 
នៅឆ្នាំ ២០២២ អាម៉េរិកផលិតប្រេងឆៅបាន ១១,៩លានប៉ារែលក្នុងមួយថ្ងៃ ខណៈអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ផលិតបាន ១០,៦លានប៉ារ៉ែល និង១០,៣លានប៉ារ៉ែលក្នុងមួយថ្ងៃរៀងគ្នា។ នេះបើតាមរដ្ឋបានព័ត៌មានថាមពលអាម៉េរិក។ 
 
ក្នុងរយៈពេលបីទសវត្សរ៍មកនេះ អាម៉េរិក អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានផ្លាស់ប្តូរវេនគ្នាកាន់តំណែងនាំមុខគេ ប៉ុន្តែមានគម្លាតគ្នាមិនច្រើននោះទេ។
 ក្រាហ្វិកខាងក្រោមបង្ហាញពីដំណើរដែលអាម៉េរិកវ៉ាដាច់ប្រទេសផ្សេងទៀតក្នុងផលិតកម្មប្រេង ដោយប្រើទិន្នន័យពីក្រសួងថាមពលអាម៉េរិក។
 


Tag:
 អាម៉េរិក
  ប្រេង
 ​ ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com