ជាតិ
សេដ្ឋកិច្ច
កម្ពុជា ត្រូវការថវិកាជាង៣៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន ១៧៤គម្រោង
20, Feb 2024 , 10:29 pm        
រូបភាព
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម កំពុងផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី២០កុម្ភៈ។ រូបថត៖ លោក ស៊ុន ចាន់ថុល​
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម កំពុងផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី២០កុម្ភៈ។ រូបថត៖ លោក ស៊ុន ចាន់ថុល​
រដ្ឋាភិបាលត្រូវការថវិកាប្រមាណ៣៦,៦ពាន់លានដុល្លារអាម៉េរិក ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនចំនួន១៧៤គម្រោងនៅកម្ពុជា​ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ បានបង្ហាញថា ក្នុងនោះរដ្ឋមានតម្រូវការប្រាក់១៩ ៩២៦លានដុល្លារ សម្រាប់អនុវត្តគម្រោងរយៈពេលខ្លី និងមធ្យម ពីឆ្នាំ២០២៣-២០២៧។

 
ក្នុងចំណោមគម្រោងអទិភាពទាំង១៧៤ ដែលរដ្ឋាភិបាលបានកំណត់នៅក្នុងផែនការគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា រយៈពេល១០ឆ្នាំនោះ មាន៩៤ជាគម្រោងផ្លូវថ្នល់​។ ក្រៅពីនេះ មានគម្រោងផ្លូវដែកចំនួន៨, គម្រោងដឹកជញ្ជូនតាមទន្លេ មាន២៣ , គម្រោងដឹកជញ្ជូនតាមសមុទ្រ មាន២០, គម្រោងផ្លូវអាកាស មាន១០, គម្រោងប្រព័ន្ធឡូជីស្ទីក មាន១៥ និងគម្រោងបន្ថែមផ្សេងទៀត​ចំនួន៤។ 
 
គម្រោងខាងលើនេះ ក៏មានបញ្ជូលនូវគម្រោងតភ្ជាប់ពីមធ្យាបាយដឹកជញ្ជូនមួយ ទៅមធ្យាបាយដឹកជញ្ជូនមួយទៀត  ​និងទៅកាន់មជ្ឈមណ្ឌលឡូជីស្ទីក ព្រមទាំងបែងចែកជារយៈពេលខ្លី​ និងមធ្យមចំនួន៩០គម្រោង និងរយៈវែងចំនួន៩១គម្រោង។ នេះបើតាមផែនការមេ ដែលរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។​
 
ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនទាំង១៧៤គម្រោង​ រដ្ឋាភិបាលត្រូវការហិរញ្ញប្បទាន ក្នុងទំហំ​៣៦ ៦៧៩លានដុល្លារ។ ក្នុងនោះ​ តម្រូវការរយៈពេលខ្លី​ និងមធ្យម ពីឆ្នាំ២០២៣-២០២៧ មានចំនួន១៩ ៩២៦លានដុល្លារ ។ បើគិតជាមធ្យមក្នុងមួយឆ្នាំ កម្ពុជាត្រូវការហិរញ្ញប្បទាន ៣​ ៩៨៥លានដុល្លារ។ 
 
ជាមួយគ្នានេះ រដ្ឋាភិបាល​ កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់គម្រោងវិនិយោគសាធារណៈ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន រួមទាំងប្រភពហិរញ្ញប្បទានពីក្រៅប្រទេសជាដើម។ ​
 
«ដើម្បីឱ្យ១៧៤គម្រោងទៅមុខបានតាមផែនការ គឺយើងត្រូវតែផ្សព្វផ្សាយផែនការរបស់យើង ឱ្យបានទូលំទូលាយនៅទូទាំងពិភពលោក។  បើផ្នែកឯកជនចាប់អារម្មណ៍លើគម្រោងណា សុំអញ្ជើញមកសហការជាមួយកម្ពុជា​ ​ដើម្បីកសាង ឬអភិវឌ្ឍន៍លើគម្រោង១៧៤នេះ»។ លោក ស៊ុន ចាន់ថុល​ អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម បានលើកឡើងបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងកិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សាជាតិភស្ដុភារកម្ម ដើម្បីពិនិត្យវឌ្ឍនភាពនៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣  នាថ្ងៃទី២០កុម្ភៈ។ 
 
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ឡូជីស្ទីក ជាប្រព័ន្ធដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគ ក្នុងការយកទំនិញ ឬផលិតផល និងកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។​
 
បើតាមលោកឧបនាយករដ្ឋមន្ត្រីរូបនេះ គម្រោង«ព្រែកជីកហ្វូណនតេជោ»តម្លៃ១​៧០០លានដុល្លារ ដែលនឹងត្រូវបើកការដ្ឋានសាងសង់ នៅចុងឆ្នាំ២០២៤ ក៏ស្ថិតក្នុងគម្រោងទាំង១៧៤ នៃផែនការមេរដ្ឋាភិបាលដែរ។ «ព្រែកជីកហ្វូណនតេជោ»នេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។
 
ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នេះ ក្រសួងសាធារណការបានបែងចែកជា២ដំណាក់កាល។ ក្នុងនោះដំណាក់កាលទីមួយ គឺជាការសិក្សាបឋម ប្រើរយៈពេល១៤ខែ និងដំណាក់កាលទីពីរ ជាការសិក្សាសមិទ្ធិលទ្ធភាព ប្រើរយៈពេល១២ខែ។​
 
គម្រោង​ព្រែកជីកនេះ ត្រូវបានក្រសួងសាធារណការ សិក្សាជាមួយក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ​(CRBC) និងក្រុមហ៊ុន CCCC Transportation Consultants Co., Ltd របស់ប្រទេសចិន៕​

Tag:
 ប្រព័ន្ធដឹកជញ្ជូន
© រក្សាសិទ្ធិដោយ thmeythmey.com