RFI
អន្តរជាតិ
តុលាការ​យុត្តិធម៌អន្តរជាតិពិភាក្សាអំពីផល​ប៉ះពាល់ នៃការដាក់អាណានិគមអ៊ីស្រាអែលលើដីប៉ាឡេស្ទីន
21, Feb 2024 , 8:29 am        
រូបភាព
សំណង់អគារផ្ទះនិគមជនជ្វីហ្វអ៊ីស្រាអែល នៅ​តំបន់ Givat Ze
សំណង់អគារផ្ទះនិគមជនជ្វីហ្វអ៊ីស្រាអែល នៅ​តំបន់ Givat Ze'ev ក្នុងតំបន់ស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន។​ រូបថត ថ្ងៃទី ១៨ មិថុនា ២០២៣ AP - Ohad Zwigenberg
ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
 
ចាប់ពីថ្ងៃចន្ទ ទី​១៩កុម្ភៈ តុលាការយុត្តិធម៌អន្តរជាតិ​នៅទីក្រុងឡាអេ នឹងបើកសវនាការ ​ពិភាក្សា​អំពី​ផលប៉ះពាល់​ផ្នែកច្បាប់ ដែលបណ្តាល​មកពី​ការដាក់អាណានិគមអ៊ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីន​ គិតចាប់ពីឆ្នាំ​១៩៦៧​មក​។ សវនាការពិភាក្សានេះ គឺត្រូវបានធ្វើឡើង ដោយអនុលោមទៅតាម​សេចក្តីសម្រេចចិត្ត នៃ​មហា​សន្និបាត​​​របស់​​​អង្គការសហប្រជាជាតិ កាលពីថ្ងៃទី​៣១ធ្នូ​ឆ្នាំ​២០២២។ ចៅក្រម​តុលាការក្រុងឡាអេ នឹងស្តាប់អំណះអំណាង ពីតំណាង​ប្រទេសជាង​៥០ប្រទេស។



ក្នុងរយៈពេលពេញមួយសប្តាហ៍ តំណាង​ប្រទេស​ចំនួន​៥២ប្រទេស នឹងចូល​បន្តគ្នា ថ្លែងអំណះអំណាង​ចំពោះមុខចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ដោយ​មានទាំង​សហរដ្ឋអាមេរិក ចិន រុស្ស៊ីជាដើម​។ ក្នុង​សវនាគេ​នឹងពិភាក្សា អំពី​ផលប៉ះពាល់ផ្នែកច្បាប់​ទាំងឡាយ ដែលកើតចេញពី​ គោលនយោបាយ និងការអនុវត្តរបស់អ៊ីស្រាអែល នៅលើដែនដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែល​បានដាក់អាណានិគម តាំងតែពីឆ្នាំ​១៩៦៧មក​ ដោយរាប់ទាំងទីក្រុងហ្សេរុយសាឡឹមខាងកើតផង​។
 
សូមរំលឹកថា សវនាការ​​ពិភាក្សា ដែលតុលាការក្រុងឡាអេ បានចាប់ផ្តើមបើកជាផ្លូវការនេះ​ គឺជាលទ្ធផល​​នៃសេចក្តីសម្រេចចិត្តរបស់​អង្គមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី​៣១ធ្នូឆ្នាំ​២០២២។ ប្រទេសចំនួន​៨៧​បាន​បោះឆ្នោតយល់ព្រម ទល់នឹង​២៦ប្រឆាំង ហើយ​៥៣អនុប្បវាទ។ សេចក្តីសម្រេចចិត្តនេះ បាន​ស្នើឲ្យ​តុលាការយុត្តិធម៌អន្តរជាតិ ត្រូវពិនិត្យមើល​ឲ្យ​បានស៊ីជម្រៅ ទាក់ទិននឹង​​ផលប៉ះពាល់​ផ្នែកគតិយុត្តិ ដែលកើតចេញពី ការរំលោភបំពាន​ឥតស្រាកស្រាន្ត បង្កឡើងដោយអ៊ីស្រាអែល ទៅលើសិទ្ធិរបស់​ប្រជាជនប៉ាឡេស្ទីនការមានឯករាជ្យភាព។
 
សេចក្តីសម្រេចចិត្តអង្គការសហប្រជាជាតិនេះ គឺសំដៅ​ទៅ​លើ​ ការដាក់អាណានិគមយូរអង្វែង លើដែនដីប៉ាឡេស្ទីន គិតចាប់ពីឆ្នាំ​១៩៦៧។ តុលាការក្រុងឡាអេ នឹងពិនិត្យ​ផងដែរ អំពី​វិធានការទាំងឡាយទាំងពួងរបស់អាជ្ញាធរអ៊ីស្រាអែល ដែល​សំដៅធ្វើឲ្យ​ប្រែប្រួល​ដល់ល្បាយប្រជាជន ព្រមទាំងលក្ខន្តិកៈនៃ​ទីក្រុង​ហ្សេរិយសាឡឹម។ ហើយ​បន្ថែមពីនេះ អង្គការសហ​ប្រជាជាតិ បានស្នើទោ​ចៅក្រុមតុលាការក្រុងឡាអេ ត្រូវពិនិត្យ​លើ វិធានការផ្សេងទៀតរបស់អាជ្ញាធរ​អ៊ីស្រាអែល ដែលអាចលក្ខណៈជាវិធានការរើសអើងពូជសាសន៍ ធ្វើទៅលើប្រជាជនប៉ាឡេស្ទីន។
 
គួរបញ្ជាក់ថា សាលក្រម​របស់​តុលាការយុត្តិធម៌អន្តរជាតិ ដែលដោះស្រាយវិវាទរវាងប្រទេសនិងប្រទេស គឺមានតម្លៃចាប់បង្ខំ បើទោះបីជាតុលាការមិនសូវមានមធ្យោបាយ​ចាប់បង្ខំជាក់ស្តែងក៏ដោយ។ តែដោយឡែក នៅក្នុងសំណុំរឿង ដែលគេកំពុងបើកការពិភាក្សានេះ គឺ​សាលក្រម​តុលាការ នឹងមិនមានតម្លៃចាប់បង្ខំទេ គឺមានតម្លៃត្រឹមតែជាអនុសាសន៍តែប៉ុណ្ណោះ។

តាមការគ្រោងទុក តុលាការក្រុងឡាអេ នឹងអនុវត្តនីតិវិធីបន្ទាន់ ដោយ​សម្រេចចេញសាលក្រម ឲ្យ​បានមុនដាច់ឆ្នាំ​២០២៤។
 
អ៊ីស្រាអែលមិនចូលរួម​នៅក្នុង​សវនាការ​ពិភាក្សានេះទេ។ លោក​បេនចាមិន នេតាន់យ៉ាហ៊ូ ធ្លាប់​បាន​រិះគន់ខ្លាំងៗ ទៅលើ​សេចក្តីសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ​។ សូមរំលឹកថាដែរថា កាលពីឆ្នាំ​២០០៤ តុលាការក្រុងឡាអេ ធ្លាប់បានចេញសាលក្រមមួយរួចហើយ ដោយ​បាន​ចាត់ទុក ផ្នែកខ្លះនៃជញ្ជាំងបេតុង ដែលអ៊ីស្រាអែលបានសាងសង់ខណ្ឌចែក នៅលើដីប៉ាឡេស្ទីន ថាជាអំពើខុសច្បាប់​ ហើយ​ត្រូវតែរុះរើ​វាយ​រលំចោល​។​
 
បញ្ហា​ការដាក់អាណានិគមរបស់អ៊ីស្រាអែល នៅលើដែនដីប៉ាឡេស្ទីនតំបន់ស៊ីហ្សកដានី គឺជាចំណុចខ្ទាស់មួយយ៉ាងធំ​ និងដ៏ស្មុកស្មាញ​​ នៅក្នុង​ដំណើរការ​កសាងសន្តិភាព​​ឈានទៅប្រកាសរដ្ឋ​ប៉ាឡេស្ទីន​ ក្នុងថ្ងៃអនាគត​។​ ហើយ​បញ្ហានេះ ក៏ជាប្រភព​​ដែលតែងតែបង្កឲ្យ​មានភាពតានតឹង ផ្ទុះអំពើហិង្សា រវាង​ប្រជាជនប៉ាឡេស្ទីន និង​ប្រជាជនអ៊ីស្រាអែល៕

© រក្សាសិទ្ធិដោយ thmeythmey.com