ជាតិ
កូនផ្សោតមួយក្បាល បានងាប់ដោយសារជាប់មង នៅខេត្តក្រចេះ
21, Feb 2024 , 10:29 am        
រូបភាព
រូបតំណាង។ រូបភាព៖ Wonders of the Mekong
រូបតំណាង។ រូបភាព៖ Wonders of the Mekong
ភ្នំពេញ៖ កូន​ផ្សោតឈ្មោលមួយក្បាល ទម្ងន់១៤គីឡូក្រាម បានងាប់ដោយសារជាប់មង របស់អ្នកនេសាទ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ស្ថិតក្នុងភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។



យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែកុម្ភៈ កូនផ្សោតឈ្មោលនេះ មានប្រវែង១,០៤ម៉ែត្រ និង​ទម្ងន់​១៤គីឡូក្រាម ត្រូវបានប្រទះឃើញងាប់ក្នុងភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានចម្ងាយប្រមាណ១៦គីឡូម៉ែត្រ ពីអន្លង់កាំពី។ តាមការធ្វើកោសល្យវិច្ច័យ មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF បានសន្និដ្ឋានថា ផ្សោតនេះងាប់ដោយជាប់មង ព្រោះមានមានស្លាកស្នាមក្រឡាមងលើដងខ្លួនផ្នែកខាងក្រោយ។ 
 
ជុំវិញករណីនេះ រដ្ឋបាលជលផល ព្រមានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស និងដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តល្មើស តាមច្បាប់ស្តីពីជលផល។ ទន្ទឹមនឹងនេះ រដ្ឋបាលជលផល ក៏ប្រកាសផ្ដល់រង្វាន់ដល់ពលរដ្ឋ និងប្រជានេសាទ ដែលផ្ដល់ព័ត៌មានដល់សមត្ថកិច្ចអំពីបទល្មើសនេសាទ ​ដូចជាប្រើមង និងឧបករណ៍ឆក់នៅក្នុងអន្លង់ផ្សោត។ 
 
ទិន្នន័យរបស់ WWF នៅឆ្នាំ២០២៣ ផ្សោតកើតថ្មីបាន៨ក្បាល និងងាប់៥ក្បាល ក្នុងនោះកូនផ្សោតងាប់២ក្បាល ជំទង់២ក្បាល និងងាប់ដោយសារវ័យចាស់១ក្បាល។  រយៈពេល៤ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានផ្សោតកើតថ្មី ២៨ក្បាល និងងាប់ទៅវិញ៣៤ក្បាល។ ២០២២ ជាឆ្នាំដែលមានសត្វផ្សោតងាប់ច្រើនជាងគេ រហូតដល់១១ក្បាល និងកើតថ្មីត្រឹមតែ៦​ក្បាលប៉ុណ្ណោះ។ 
 
របាយការណ៍នៃការសិក្សាតាមដានសត្វផ្សោត ទន្លេមេគង្គក្នុងឆ្នាំ២០២០ បានបង្ហាញថា សត្វផ្សោតទន្លេមេគង្គមានតែ៨៩ក្បាលប៉ុណ្ណោះ។ ក្នុងរដូវប្រាំង ចាប់ពីខែមករា ដល់ខែឧសភា នៅពេលដែលកម្រិតទឹកធ្លាក់ចុះ សត្វផ្សោតប្រមូលផ្តុំគ្នារស់នៅក្នុងអន្លង់ទឹកជ្រៅចំនួនប្រាំបី តាមដងទន្លេមេគង្គលាតសន្ធឹងពីខេត្តក្រចេះ ទៅដល់ព្រំប្រទល់ប្រទេសឡាវ នៅខេត្តស្ទឹងត្រែង ក្នុងចម្ងាយ១៨០គីឡូម៉ែត្រ។
 
សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាសត្វផ្សោតមួយប្រភេទក្នុងចំណោមសត្វផ្សោតទឹកសាបតែ៦ប្រភេទគត់ នៅក្នុងពិភពលោក ហើយវាត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតប្រភេទនេះ រស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួនបីប៉ុណ្ណោះក្នុងពិភពលោក រួមមានទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូណេស៊ី)៕

Tag:
 កសិកម្ម
  ផ្សោត
  រដ្ឋបាលជលផល
  WWF
© រក្សាសិទ្ធិដោយ thmeythmey.com