កីឡាអន្តរជាតិ
អន្តរជាតិ
Haaland ជួយ Man City ឡើងលេខ២ ដោយតាមពីក្រោយ Liverpool ១ពិន្ទុ
21, Feb 2024 , 10:59 am        
រូបភាព
មួយគ្រាប់របស់ Erling Haaland បានជួយម្ចាស់ការពារតំណែងជើងឯក Manchester City ឈ្នះ Brentford ១-០ ដណ្តើមបានចំណាត់ថ្នាក់ទី២ ពី Arsenal នៃលីគកំពូលអង់គ្លេស Premier League។ Man City តាមពីក្រោយក្រុមកំពូលតារាង Liverpool តែមួយពិន្ទុប៉ុណ្ណោះពីការប្រកួត២៥លើកដូចគ្នា។



នៅជំនួបលីគសប្តាហ៍ទី២៥ នៅរាត្រីថ្ងៃទី២០ ខែកុម្ភៈ ខ្សែប្រយុទ្ធឆ្នើម Haaland ជាអ្នកសម្រេចទីគ្រាប់ជ័យជម្នះនៅនាទី៧១​ តាមរយៈការបញ្ជូនយ៉ាងល្អពីមិត្តរួមក្រុម Julian Alvarez។ 
 
ជ័យជម្នះ ១-០ លើ Brentford បានជួយម្ចាស់ការពារជើងឯកកើន៥៦ពិន្ទុ ដណ្តើមចំណាត់ថ្នាក់ទី២ក្នុងតារាងលីគកំពូលអង់គ្លេសពីគូប្រជែង Arsenal ដែលមាន៥៥ពិន្ទុ និងតាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន១ពិន្ទុ។
 
១គ្រាប់របស់ Haaland បានជួយឱ្យខ្សែប្រយុទ្ធអន្តរជាតិន័រវែសនេះកើនគ្រាប់ស៊ុត ចំនួន១៧គ្រាប់ នាំមុខគេនៅក្នុងលីគរដូវកាលនេះ បន្ទាប់ពីអាក់ខានប៉ុន្មានប្រកួតដោយសាររបួស។

Mohamed Salah ខ្សែប្រយុទ្ធហង្សក្រហមរកបាន១៥គ្រាប់ តាមពីក្រោយដោយ Dominic Solanke ខ្សែប្រយុទ្ធ Bournemouth ១៤គ្រាប់ និង Ollie Watkins របស់ Aston Villa ១៣គ្រាប់។
 
ដោយឡែក Brentford ធ្លាក់ទៅលេខ១៤ មាន២៥ពិន្ទុ ដោយនៅពីលើក្រុមស្ថិតនៅតំបន់គ្រោះថ្នាក់៥លេខ និង៥ពិន្ទុប៉ុណ្ណោះ។ Luton Town ធ្លាក់ទៅលេខ១៨ តំបន់ត្រូវកាត់ចោល ក្រោយចាញ់ Manchester United ដោយរកបាន២០ពិន្ទុ ស្មើក្រុម Everton ដែលឡើងទៅតំបន់សុវត្ថិភាពវិញក្នុងចំណាត់ថ្នាក់ទី១៧។
 
Aston Villa នៅចំណាត់ថ្នាក់ទី៤ មាន៤៩ពិន្ទុ នាំមុខក្រុមលេខ៥ Tottenham Hotspur ២ពិន្ទុ និង Man Utd ដែលនៅលេខ៦ ចំនួន៥ពិន្ទុ៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com