អន្តរជាតិ
ហ្វាំងឡង់ថា ជនអន្តោប្រវេសន៍ជាច្រើន ព្យាយាមចូលប្រទេសតាមព្រំដែនជាមួយរុស្ស៊ី
21, Feb 2024 , 11:44 am        
រូបភាព
រូបភាព AP
រូបភាព AP
រដ្ឋមន្ត្រីមហាផ្ទៃហ្វាំងឡង់ លោកស្រី Mari Rantanen បានប្រាប់សន្និសីទសារព័ត៌មាន នៅថ្ងៃទី២០ ខែកុម្ភៈថា ហ្វាំងឡង់មានព័ត៌មានពាក់ព័ន្ធជនភៀសខ្លួនមកពីប្រទេសទីបី រាប់ពាន់នាក់ ដែលជាប់នៅរុស្ស៊ីកំពុងរង់ចាំឆ្លងព្រំដែនទៅកាន់ប្រទេសអឺរ៉ុបខាងជើង (Nordic)។

 
ហ្វាំងឡង់បានបិទព្រំដែនភាគខាងកើតរបស់ខ្លួនជាមួយរុស្ស៊ីកាលពីចុងឆ្នាំមុន ស្របពេលមាន កំណើនជនចំណាកស្រុកដោយគ្មានឯកសារត្រឹមត្រូវ ដែលចង់ចូលទៅក្នុងសហភាពអឺរ៉ុប។ ហ្វាំងឡង់បានចោទទីក្រុងមូស្កូពីការជំរុញឱ្យមានការធ្វើចំណាកស្រុកទៅកាន់ប្រទេសទីបី ដើម្បីដាក់សម្ពាធលើអឺរ៉ុប។ ប៉ុន្តែការចោទប្រកាន់បែបនេះ ត្រូវបានរុស្ស៊ីបដិសេធ។ 
 
«យើងមានព័ត៌មានថាមនុស្សរាប់ពាន់នាក់នៅរុស្ស៊ីកំពុងរង់ចាំឆ្លងទៅហ្វាំងឡង់»។ រដ្ឋមន្ត្រីមហាផ្ទៃហ្វាំងឡង់ លោកស្រី Mari Rantanen ថ្លែងបែបនេះ នៅថ្ងៃទី២០ ខែកុម្ភៈ ដោយទុកបញ្ហាមួយនេះ ជាការគំរាមកំហែងដល់សង្គម។ យ៉ាងណាមិញ រដ្ឋមន្ត្រីមហាផ្ទៃរូបនេះមិនបានបញ្ជាក់លម្អិតអំពីរបៀប ដែលអាជ្ញាធរហ្វាំងឡង់ទទួលបានព័ត៌មានឡើយ។
 
បន្ថែមពីនេះ ក្រសួងមហាផ្ទៃហ្វាំងឡង់ នៅថ្ងៃទី១៩ ខែកុម្ភៈ បានបង្ហាញថា ខ្លួននឹងពន្លឿនការធ្វើ សេចក្តីព្រាងច្បាប់ឱ្យបានឆាប់រហ័ស ដើម្បីពង្រឹងសន្តិសុខតាមព្រំដែន។ រដ្ឋាភិបាលនឹងបង្ហាញសំណើ របស់ខ្លួនទៅកាន់សភានៅខែក្រោយ។
 
តាមអាជ្ញាធរព្រំដែនហ្វាំងឡង់ អ្នកស្វែងរកសិទ្ធិជ្រកកោនជាង ១៣០០នាក់មកពី ប្រទេសដូចជា យេម៉ែន សូម៉ាលី និងស៊ីរី បានចូលទៅហ្វាំងឡង់ពីរុស្ស៊ីនៅចន្លោះខែសីហា និងខែធ្នូឆ្នាំមុន។ អាជ្ញាធរអន្តោប្រវេសន៍របស់ហ្វាំងឡង់កាលពីខែមករាបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ខ្លួនមិនអាចកំណត់ទីតាំងជនចំណាកស្រុកប្រហែល ១៦០ នាក់បានទេ ហើយពួកគេទំនងជាបានបន្តទៅកាន់ប្រទេសអឺរ៉ុបមួយផ្សេងទៀត៕

Tag:
 រុស្ស៊ី
  ហ្វាំងឡង់
© រក្សាសិទ្ធិដោយ thmeythmey.com