កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង ស៊ើបប្រធាន KFA ដែលហ៊ានជួលគ្រូ Klinsmann ក្នុងតម្លៃថ្លៃ
21, Feb 2024 , 3:49 pm        
រូបភាព
ប៉ូលីសកូរ៉េខាងត្បូង បានបើកការស៊ើបអង្កេតលោក Chung Mong-gyu ប្រធានសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA) ជុំវិញការជួលគ្រូបង្វឹកលោក Jurgen Klinsmann ដោយខ្លួនឯង ដែលមានតម្លៃឈ្លួនថ្លៃ ហួសពីសមត្ថភាពសម្រាប់ក្រុមជម្រើសជាតិ។



កាសែតកូរ៉េខាងត្បូង Chosun Ilbo បានរាយការណ៍នៅថ្ងៃទី២០​ ខែកុម្ភៈ ថាប៉ូលីសកូរ៉េខាងត្បូងអាចចោទលោក Chung ពីបទធ្វើអាជីវកម្មលើការតែងតាំងគ្រូសញ្ជាតិអាល្លឺម៉ង់លោក Klinsmann ជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដោយខ្លួនឯង។
 
មុនការស៊ើបអង្កេតនេះ គណៈកម្មាធិការសុខុមាលភាពសាធារណៈ (PWC) របស់កូរ៉េខាងត្បូង បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រធាន KFA ម្តងរួចមកហើយ។ PWC បានចោទប្រកាន់លោក Chung ដែលជាអ្នកជំនួញកូរ៉េខាងត្បូងដ៏ល្បីឈ្មោះ ពីបទជ្រៀតជ្រែកក្នុងការងាររបស់មន្ត្រី KFA ដោយបង្ខំពួកគេយល់ព្រមឱ្យ Klinsmann ជាគ្រូបង្វឹកថ្មីរបស់កូរ៉េខាងត្បូង។
 
ការបង្ហាញខ្លួនមិនបានល្អរបស់ក្រុមកូរ៉េខាងត្បូង ដោយធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Asian Cup ក្រោមថ្វីជើងហ្សកដានី ក្រោមការដឹកនាំរបស់ Klinsmann ក៏បណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំងលើលោកប្រធាន KFA ផងដែរ។ ក្រោយរងការរិះគន់ ចំពោះការដឹកនាំមិនបានល្អ និងមានការប៉ះទង្គិចគ្នារវាងប្រធានក្រុម Son Heung-min និង Lee Kang-in ស្ថាប័ន KFA ក៏បាន​បញ្ចប់តំណែងលោក Klinsmann ភ្លាមៗ បន្ទាប់ពីមានកិច្ចប្រជុំមួយរបស់មន្ត្រីសហព័ន្ធ។
 
បញ្ចប់តំណែងមុនកិច្ចសន្យា KFA បានបង់សំណងទៅ Klinsmann  ដល់ទៅ៧,៥លានដុល្លារថែមទៀត។ តាមរយៈសំណងនេះ បានរងការរិះគន់ពីអ្នកគាំទ្រកូរ៉េខាងត្បូងជាថ្មីទៀត ដោយពួកគេបានចោទសួរថា ហេតុអ្វីបានជាលោក Chung និង KFA ហ៊ានផ្តល់ប្រាក់ឈ្នួលខ្ពស់ទៅឱ្យ Klinsmann បែបនេះ?​ ហើយដោយសារមូលហេតុនេះ ទើបធ្វើឱ្យមានការស៊ើបអង្កេតកើតឡើយ។
 
មិនត្រឹមតែរិះគន់ឡើយ ប៉ុន្មានថ្ងៃកន្លងមកនេះ បាតុករមួយចំនួនធំ ដែលជាអ្នកគាំទ្រក្រុមបាល់ទាត់កូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការកណ្តាល KFA ដើម្បីស្នើសុំឱ្យលោក Chung ចុះចេញពីតំណែងទៀតផង៕
 

Tag:
 Jurgen Klinsmann
© រក្សាសិទ្ធិដោយ thmeythmey.com