ជាតិ
ក្មេងស្រីម្នាក់ទៀតនៅខេត្តកំពត ឆ្លងជំងឺផ្តាសាយបក្សី
21, Feb 2024 , 4:15 pm        
រូបភាព
ភ្នំពេញ៖  ក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ទៀត មានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 ដែលត្រូវបាន​បញ្ជាក់​ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នាថ្ងៃទី២០កុម្ភៈ ឆ្នាំ២០២៤។ ​បើ​តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ក្មេងស្រីរូបនេះ មានរោគសញ្ញា គ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។

 
ក្មេងស្រីដែលឆ្លងនូវជំងឺផ្តាសាយបក្សីនេះ មានទីលំនៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នស្ថានភាពរូបគេ បានធូរស្រាល និងកំពុងទទួល បានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ 
 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា ប្រហែលមុន៥ថ្ងៃ ដែលក្មេងស្រីនេះ ចាប់ផ្តើមឈឺនៅផ្ទះរបស់នាង គឺមានមាន់ងាប់ចំនួន៧ក្បាល។ 
 
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល កំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន ដើម្បីស្រាវជ្រាវលើការកើតឡើងជំងឺផ្តាសាយបក្សី និងឆ្លើយតបទៅតាមវិធីសាស្ត្រ និងបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស ។ ជាពិសេសស្វែងរកករណី​សង្ស័យ​និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រម​ទាំងចែកជូនឱសថតាមឺហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការ​អប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិ​កើតហេតុខាងលើ។
 
​«ជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង»។ នេះ​ជា​ការរំឭករបស់​ក្រសួង​សុខាភិបាល មុននឹងបន្តអំពាវនាវឱ្យពលរដ្ឋបង្កើនការ ប្រុងប្រយ័ត្ន និងប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ បើមានអាការៈក្តៅខ្លួន ក្អក ហៀរ​សំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិ​ប៉ះពាល់ជាមួយមាន់ទាឈឺ​ឬងាប់។
 
ដើម្បី​បង្ការការឆ្លង ក្រសួង​សុខាភិបាល បានប្រាប់ពលរដ្ឋឱ្យរក្សាអនាម័យឱ្យខ្ជាប់ខ្ជួន មុន​ពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់ សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់ បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ៕
 

Tag:
 H5N1
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com