ជាតិ
គោលដៅរួម​របស់យើង៖ ការប្តេជ្ញាចិត្តចំពោះការដោះមីន នៅកម្ពុជា
22, Feb 2024 , 7:59 am        
រូបភាព
ដោយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំ​នៅព្រះរាជាណាចក្រកម្ពុជា
 
ដើម្បីអបអរទិវាជាតិ ២៤ កុម្ភៈ លើកទី ២៥ ស្តីពីការយល់ដឹងអំពីមីន សហរដ្ឋអាមេរិកសូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែងរបស់ខ្លួន ចំពោះសកម្មភាពមីនមនុស្សធម៌ នៅព្រះរាជាណាចក្រកម្ពុជា ដោយបានផ្តល់ថវិកាចំនួនជាង ២០៨ លានដុល្លារ សម្រាប់ដោះយុទ្ធភណ្ឌផ្ទុះសល់ពីសង្គ្រាម គិតតាំងពីឆ្នាំ ១៩៩៣ មក។ យើងមានកិត្តិយសក្នុងការបន្តការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះគោលដៅធ្វើឲ្យលែងមានគ្រាប់មីន​នៅកម្ពុជា នៅត្រឹមឆ្នាំ ២០២៥ ដោយផ្តល់ជំនួយបន្ថែមចំនួន ១២ លានដុល្លារ ជាជំនួយសម្រាប់ការដោះមីនសម្រាប់ឆ្នាំ ២០២៤។ ការប្តេជ្ញាចិត្តរបស់យើង បានជួយសង្គ្រោះជីវិត និងជួយប្រជាជនកម្ពុជា ឲ្យបន្តនូវការអភិវឌ្ឍ។

 
ជំនួយ​របស់សហរដ្ឋអាមេរិក បានគាំទ្រដល់ការខិតខំជារួម និងប្រកបដោយជោគជ័យ ក្នុងការធ្វើឲ្យប្រទេសកម្ពុជាមានសុវត្ថិភាព និងជាកន្លែងមានអំណោយផលល្អ សម្រាប់ពលរដ្ឋខ្លួន និងភ្ញៀវអន្តរជាតិ តាមរយៈការបោសសម្អាតមីន ការអប់រំពីគ្រោះថ្នាក់ និងការកម្ទេចអាវុធធុនតូច។ ថ្វីបើសហរដ្ឋអាមេរិក មិនដើរតួនាទីក្នុងការពង្រាយគ្រាប់មីន នៅក្នុងសង្គ្រាមរាប់ទសវត្ស​រ៍​នៅកម្ពុជាក្តី ក៏​ជំនួយថវិកាមនុស្សធម៌របស់សហរដ្ឋអាមេរិក បានជួយក្នុងការដោះមីនចំនួនជាង ១០០ ០០០ គ្រាប់ គិតតាំងពីឆ្នាំ ១៩៩៣ មក ដោយធ្វើឲ្យផ្ទៃដីចំនួន ១៥៧​ លានម៉ែត្រការ៉េ លែងមានគ្រាប់មីន សម្រាប់សហគមន៍។ លទ្ធផល​នេះបានលើកកម្ពស់ជីវិតរស់​នៅ​របស់ប្រជាជនកម្ពុជា ដោយបានបង្កើតឱកាស​សម្រាប់ការអភិវឌ្ឍន៍ និងសកម្មភាពសេដ្ឋកិច្ចជាបន្តទៀត។
 
កម្ពុជាគឺជាប្រទេសឈានមុខគេ ក្នុងការដោះមីន​នៅក្នុងប្រទេស ដែលជាស្នាដៃសម្រេចបានគួរឲ្យសរសើរ គាំទ្រដោយសហគមន៍​អន្តរជាតិ ដែលមានប្រទេសរាប់សិប មានការប្តេជ្ញាចិត្តចំពោះសកម្មភាពមីនមនុស្សធម៌ និងចំពោះប្រជាជនកម្ពុជា។ ប្រទេសរួមចំណែកធំៗ ចំពោះសកម្មភាពមីន​នៅកម្ពុជា ដោយរួមទាំងសហរដ្ឋអាមេរិកផងដែរ បានចំណាយប្រាក់សរុបចំនួន ៦០០ លានដុល្លារ តាំងពីឆ្នាំ ១៩៩៣ មក ដើម្បីដោះមីន ផ្តល់ការអប់រំ​ស្តីពីគ្រាប់មីន ផ្តល់គ្រឿងបរិក្ខារ ជួយជនរងគ្រោះ ដោយរួមទាំងផ្តល់ជើងសិប្បនិមិ្មតផងដែរ។
 
ប្រទេសកម្ពុជាបានងើបចេញពីសង្គ្រាមរាប់ទសវត្សរ៍ ហើយស្ថិត​ក្នុងចំណោមប្រទេសដែលមានគ្រាប់មីនច្រើនជាងគេ នៅក្នុងពិភពលោក ក្លាយជាប្រទេសឈានមុខគេ​ក្នុងការដោះមីន និងក្នុងការរួមវិភាគទាន ក្នុងពិភពលោក។ ព្រះរាជាណាចក្រកម្ពុជាបានបញ្ជូនអ្នកបច្ចេកទេសក្នុងការកម្ទេចយុទ្ធភណ្ឌផ្ទុះ ឲ្យចូលរួម​ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព​នៅអាហ្រ្វិក និងមជ្ឈិមបូព៌ា។ ក្រៅ​ពី​នេះ កម្ពុជាបានធ្វើការផ្លាស់ប្តូរចំណេះដឹង ជាមួយអ្នកដោះមីន និងអ្នកបច្ចេកទេសកម្ទេចយុទ្ធភណ្ឌផ្ទុះ នៅប្រទេសកូឡុំប៊ី អ៊ីរ៉ាក់ និងប្រទេសអង់ហ្គោឡា ហើយបានបង្រៀនសមភាគីរបស់គេ​នៅប្រទេសអ៊ុយក្រែន ដែលត្រូវបានប្រទេសរុស្ស៊ីប្រើគ្រាប់មីនប្រឆាំងមនុស្សខុសច្បាប់មកលើ បណ្តាលឲ្យជនស៊ីវិលរងរបួសនិងស្លាប់ ហើយបង្កការរាំងស្ទះដល់ផលិតកម្មស្បៀង។
 
ប្រទេសកម្ពុជានឹងធ្វើជាប្រធាន​នៃសន្និសីទលើកទី ៥ ស្តីពីការត្រួតពិនិត្យលើអនុសញ្ញាលើការហាមប្រាមគ្រាប់មីន នៅខែវិច្ឆិកា នាឆ្នាំ​នេះ ។ វាជាឱកាសសំខាន់សម្រាប់ប្រទេសមួយដែលធ្លាប់តែរងគ្រោះដោយចំការមីនជាច្រើន។ ដោយដឹកនាំ​ដោយអាជ្ញាធរមីន (CMAA) ការធ្វើជាប្រធាន​នៃព្រឹត្តិការណ៍​អន្តរជាតិ ឆ្នាំ ២០២៤ គឺជាលើកដំបូង​ហើយដែលប្រទេសអាស៊ីមួយ​នេះ ធ្វើជាម្ចាស់ផ្ទះផង និងធ្វើជាប្រធាន​ផង​ នៃសន្និសីទត្រួតពិនិត្យឡើងវិញ ចាប់តាំងពីអនុសញ្ញាហាមប្រាមគ្រាប់មីនប្រឆាំងមនុស្សបានចូលជាធរមាន នៅឆ្នាំ ១៩៩៩។
 
សហរដ្ឋអាមេរិក​នៅតែមានការប្តេជ្ញាចិត្តក្នុងការព្យាបាល និងការងើបចេញពីផលវិបាក​នៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ រួមទាំងគ្រាប់បែកចង្កោម ដោយផ្តល់ការគាំទ្រដល់គោលដៅដ៏សំខាន់​របស់កម្ពុជា ស្តីពីការធ្វើឲ្យលែងមានយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលភាគច្រើនមាន​នៅភាគខាងកើត​នៃប្រទេសកម្ពុជា។ សហរដ្ឋអាមេរិកបានជួយកាត់បន្ថយបរិមាណយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលកប់ក្នុងដី រួមទាំងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលមានប្រភពដើមពីសហរដ្ឋអាមេរិកផងដែរ  ក្នុងនាមជាប្រទេសផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនាំមុខគេ សម្រាប់អង្គភាពដោះមីនទី ៥ នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់​មីនកម្ពុជា​(CMAC) ដែលធ្វើការស្ទង់មើលផ្ទៃដីដែលអាចមានគ្រាប់បែកចង្កោមចំនួន ៣៥ លានម៉ែត្រការ៉េ ហើយចូលរួមយ៉ាងសកម្ម ក្នុងការដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ជាមួយ CMAC ឆ្លងកាត់រយៈពេល ៣ ទសវត្សរ៍​មកហើយ ហើយបានក្លាយជាកម្លាំងសម្រេច ក្នុងការលើកកម្ពស់ការងារសង្គ្រោះប្រជាជនកម្ពុជា។
 
ក្រៅពីការងាររបស់យើង ជាមួយស្ថាប័នយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងដោះមីនកម្ពុជា អាជ្ញាធរមីន (CMAA) ហើយនិង CMAC សហរដ្ឋអាមេរិក ជួយគាំទ្រ​ដៃគូអនុវត្តសកម្មភាពការងារ​ក្នុងស្រុក និងក្រុមអនុវត្តការងារអន្តរជាតិនានា ដែលមានជំនាញ ហើយធ្វើការនៅកន្លែងជួរមុខ ក្នុងការរាវរក និងដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលមានដូចជាអង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍កម្ពុជា (NPA) អង្គការហាឡូត្រាស្ត (HALO) អង្គការក្រុមផ្តល់ប្រឹក្សាអំពីមីន (MAG) មូលនិធិមនុស្សធម៌​ Golden West អង្គការជនពិការអន្តរជាតិ Humanity & Inclusion អង្គការដោះមីនកម្ពុជា​ (CSHD) ​និងអង្គការដទៃទៀត។ ខ្ញុំមានមោទនភាព​ចំពោះកិច្ចសហការគ្នាជាដៃគូទាំង​នេះ  ដែលជាការប្តេជ្ញាស៊ីជម្រៅរបស់សហរដ្ឋអាមេរិក ចំពោះសកម្មភាព​មីនមនុស្សធម៌ នៅកម្ពុជា និង​នៅទូទាំងពិភពលោក និងមានមោទនភាព​ដោយស្ថិត​នៅក្នុង​ចំណោមបណ្តាប្រទេសដែលធ្វើការដើម្បីឲ្យប្រជាជនកម្ពុជាចាកផុតពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៕

© រក្សាសិទ្ធិដោយ thmeythmey.com