សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន​ទម្លាក់​អត្រា​ការប្រាក់ ​ដើម្បី​ស្តារ​ទីផ្សារ​អចលនទ្រព្យ​ឡើងវិញ​
21, Feb 2024 , 9:59 pm        
រូបភាព
អតិថិជនមើលគំរូលំនៅឋាននៅក្នុងពិព័រណ៍​អចលនទ្រព្យ​ទីក្រុង Nantong ខេត្ត Jiangsu ភាគ​ខាង​កើត​ប្រទេស​ចិន។ រូបភាព ៖ AFP
អតិថិជនមើលគំរូលំនៅឋាននៅក្នុងពិព័រណ៍​អចលនទ្រព្យ​ទីក្រុង Nantong ខេត្ត Jiangsu ភាគ​ខាង​កើត​ប្រទេស​ចិន។ រូបភាព ៖ AFP
ធនាគារប្រជាជនចិន (PboC) បានទម្លាក់អត្រាការប្រាក់កម្ចីមូលដ្ឋានរយៈពេល ៥ឆ្នាំជាលើកដំបូងចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យរស់ឡើងវិញ។

 
ធនាគារប្រជាជនចិននៅថ្ងៃទី២០ ខែកុម្ភៈ បានកាត់បន្ថយអត្រាការប្រាក់កម្ចីមូលដ្ឋានរយៈពេល ៥ឆ្នាំ។ នេះ​ជា​សញ្ញា​មួយ​ដែល​រដ្ឋាភិបាល​ចិន ​កំពុង​បង្កើន​ការ​គាំទ្រ​ដល់​វិស័យ​អចលន​ទ្រព្យ ដើម្បីស្តារ​ទំនុក​ចិត្ត​របស់​ប្រជាជន និង​អ្នក​វិនិយោគ​លើ​ការជំរុញ​សេដ្ឋកិច្ច។
 
បើតាមធនាគារ PBoC អត្រាការប្រាក់កម្ចីមូលដ្ឋានរយៈពេល ៥ឆ្នាំបានកាត់បន្ថយ ០,២៥ភាគរយមកនៅត្រឹម ៣,៩៥ភាគរយ។ នេះជាលើកទីមួយដែល PBoC បានកាត់បន្ថយអត្រាការប្រាក់ប្រភេទនេះ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ ដោយកាត់បន្ថយក្នុងអត្រាខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០១៩។ ធនាគារ PboC រំពឹងថានឹងអនុញ្ញាតឱ្យទីក្រុងជាច្រើន កាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះអប្បបរមា ដែលជំរុញឱ្យតម្រូវការនៅក្នុងទីផ្សារអចលនទ្រព្យងើបឡើងវិញ។
 
«ចំពោះអតិថិជនគោលដៅ ការចំណាយនឹងទាបជាងមុនច្រើន»។ លោក William Ma នាយកផ្នែកវិនិយោគនៃក្រុមហ៊ុន GROW Investment Group បានប្រាប់សារព័ត៌មាន CNBC ដោយបន្ថែមថា សេចក្តីប្រកាសនេះរដ្ឋាភិបាលចិនចង់ប្រាប់ទៅអ្នកវិនិយោគថា ធនាគារកំពុងដំណើរការល្អ។  
 
ខណៈការទន្ទឹងរង់ចាំវិធានការគាំទ្រទីផ្សារអចលនទ្រព្យឱ្យមានប្រសិទ្ធភាពឡើងវិញ អ្នកវិនិយោគតែងរង់ចាំចំណាត់ការច្បាស់លាស់ពីទីក្រុងប៉េកាំងដើម្បីជំរុញកំណើន។ ជាពិសេស ការលើកកម្ពស់ទំនុកចិត្ត និងតម្រូវការរបស់អ្នកប្រើប្រាស់ ,ការរក្សាសន្ទុះចាយប្រាក់ ដែលសម្រេចបានក្នុងពិធីបុណ្យចូលឆ្នាំកន្លងមក គឺជាជោគជ័យមួយផ្នែក ដែលមន្រ្តីចិនចង់បាន។ 
 
យ៉ាងណាមិញ ចិននៅតែមានក្តីរំពឹង ដើម្បីទាញវិស័យអចលនទ្រព្យឲ្យរស់ឡើងវិញ ក្នុងពេលឆាប់ៗ។ បើតាមនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង រដ្ឋាភិបាលនឹងធ្វើសកម្មភាពកាន់តែខ្លាំង និងប្រកបដោយប្រសិទ្ធភាព ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ និងអ្នកវិនិយោគ កាន់តែមានទំនុកចិត្តលើទស្សនវិស័យនៃសេដ្ឋកិច្ច នៅឆ្នាំនេះ៕ 

Tag:
 ចិន
  អត្រាការប្រាក់
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com