RFI
អន្តរជាតិ
រុស្ស៊ីចាប់ខ្លួនស្រ្តីជនជាតិអាមេរិកដើមកំណើតរុស្ស៊ីម្នាក់ពីបទក្បត់ជាតិ
21, Feb 2024 , 10:29 pm        
រូបភាព
លោក Alexander Bortnikov នាយកស្ថាប័នសន្តិសុខជាតិហៅកាត់ FSB AFP
លោក Alexander Bortnikov នាយកស្ថាប័នសន្តិសុខជាតិហៅកាត់ FSB AFP
ដោយ៖​ កែវ ឆាយា/RFI ខេមរភាសា
 
នៅ​ក្នុងប្រទេស​រុស្ស៊ី ស្ថាប័នសន្តិសុខជាតិហៅកាត់ FSB បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ ទី២០ កុម្ភៈ​នេះពី​ការ​ឃាត់ខ្លួន​ស្រ្តីជនជាតិអាមេរិកាំងមាន​ដើម​កំណើត​​រុស្ស៊ី​ម្នាក់នៅក្រុង Ekaterinbourg។ មាន​អាយុ ៣៣ឆ្នាំ ស្រ្តីជនជាតិ​អាមេរិកាំងដើមកំណើត​រុស្ស៊ីដែល​រស់នៅ​ក្រុង Los Angeles រូបនេះ​ត្រូវ​បាន FSB ចោទ​ពី​បទ​ក្បត់ជាតិ​ដោយ​បាន​អង្គាស​លុយ​សម្រាប់ផ្គត់ផ្គង់​ឲ្យ​កងទ័ព​អ៊ុយក្រែន។​​​

 
ស្ថាប័នសន្តិសុខជាតិរុស្ស៊ី FSB បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​របស់​ខ្លួនពី​ការ​ខណ្ឌបញ្ចប់សកម្មភាពខុសច្បាប់ប្រព្រឹត្តដោយស្ត្រីជនជាតិ​អាមេរិកាំង​ដើម​កំណើត​រុស្ស៊ី​ម្នាក់​​នៅក្រុង Ekaterinbourg។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ FSB ដដែល ស្ត្រីជនជាតិ​អាមេរិកាំង​ដើម​កំណើត​រុស្ស៊ី​មាន​អាយុ ៣៣ឆ្នាំ រស់នៅក្រុង Los Angeles សហរដ្ឋអាមេរិក និង​មាន​កាន់​លិខិតឆ្លងដែនរុស្ស៊ី ហើយអាមេរិក។
 
តែ SFB មិន​បានទម្លាយ​ឲ្យ​ដឹង​នូវ​ឈ្មោះ​ស្ត្រីនោះ​ទេ និង​ថា ការ​ចាប់​ខ្លួន​រូប​គេ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌនៃការស៊ើបអង្កេតពី​បទ​ក្បត់ជាតិ ព្រោះ​តាំង​ពី​រុស្ស៊ីបានលើកទ័ព​ចូល​ឈ្លានពាន​អ៊ុយក្រែនក្នុង​ថ្ងៃ ទី ២៤ កុម្ភៈ ឆ្នាំ ២០២២ មក ស្ត្រីជនជាតិ​អាមេរិកាំង​ដើម​កំណើត​រុស្ស៊ី​រូប​នោះ​តែង​បាន​អង្គាស​លុយសម្រាប់ផ្តល់ទៅឲ្យអង្គការអ៊ុយក្រែនមួយ។ បន្ទាប់​មក អង្គការអ៊ុយក្រែន​នេះ​បាន​ប្រើ​លុយ​ទាំង​នោះ​ដើម្បីទិញថ្នាំពេទ្យ សម្ភារៈបរិក្ខារ អាវុធ និងគ្រាប់​កាំភ្លើង​សម្រាប់​ផ្គត់ផ្គង់​ ដល់​កងទ័ព​អ៊ុយក្រែន។
 
FSB ក៏បានស្តីបន្ទោសស្ត្រីរូបនោះថា​តែងបានចូលរួមច្រើនលើក​ច្រើន​សារ​នៅ​ក្នុង​សកម្មភាពសាធារណៈដែលគាំទ្រដល់របបក្រុងកៀវនៅ​សហរដ្ឋអាមេរិក។ នៅ​ក្នុង​រូបភាពវីដេអូផ្សាយដោយទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ RIA Novosti ស្ត្រីចាប់ខ្លួន​រូប​នោះ​មាន​ពាក់អាវរងារ និង​មួកការពារត្រជាក់ពណ៌សដោយ​មាន​ដៃ​ជាប់ខ្នោះរបស់ភ្នាក់ងារ FSB ម្នាក់ដែលបាំងមុខជិត។
 
គួរ​បញ្ជាក់​ថា មានពលរដ្ឋអាមេរិកជាច្រើនរូប​បាន​​ជាប់ឃុំឃាំងនៅរុស្ស៊ី  ដូច​​ករណីអ្នកកាសែត​លោក Evan Gershkovitch ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ជិត ១ឆ្នាំ​មុននៅក្រុង Ekaterinbourg ពី​បទចារកិច្ច។ ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​លោក Evan Gershkovitch សាច់ញាតិរបស់​លោក និង​កាសែត The Wall Street Journal ដែល​លោក​ធ្វើ​ការ រួម​ទាំង​រដ្ឋបាល​អាមេរិក​​ច្រានចោលយ៉ាង​ដាច់​អហង្ការ។
 
ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីនបានបង្ហើបឲ្យដឹងពី​ការ​ចង់ចរចា​ ដោះដូរ​អ្នកទោសជាមួយសហរដ្ឋអាមេរិក​ដោយ​បាន​លើក​​ករណី បុរសម្នាក់​ដែល​បាន​កាត់​ទោស​ពី​បទប្រព្រឹត្ត​ឃាតកម្មតាម​បញ្ជា​របស់​រុស្ស៊ី និង​ដែល​កំពុង​ជាប់​ក្នុងពន្ធនាគារនៅអាល្លឺម៉ង់។
 
ដោយឡែក អ្នកកាសែត​អាមេរិកលោក Evan Gershkovitch ដែលកំពុង​ជាប់ឃុំ​នៅរុស្ស៊ី​នឹង​អាចត្រូវ​ពន្យារ​ពេល​ឃុំបន្តទៀត​នៅ​ក្នុង​អង្គសវនាការ​ដែលពិនិត្យបណ្តឹងឧទ្ធរណ៍របស់គាត់ក្នុង​ថ្ងៃ​អង្គារ ទី២០ កុម្ភៈ​ក្នុងក្រុងមូស្គូ។ ចំណែកអតីតទាហានជើងទឹកអាមេរិកលោក Paul Whelan ដែលបានជាប់ក្នុងពន្ធនាគាររុស្ស៊ីតាំងពីឆ្នាំ ២០១៨ ក៏សង្ឃឹម​នឹង​ទទួល​បាន​ការដោះដូរអ្នកទោសជាមួយរុស្ស៊ីដែរ។ លោក Whelan ​បាន​ច្រានចោល​ការ​ចោទប្រកាន់​លើរូបគាត់ពីបទចារកិច្ចដែល​បាន​ទទួល​ទោស​ជាប់​ក្នុង​ពន្ធនាគាររហូត​ដល់ ១៦ ឆ្នាំ។
 
រីឯស្ត្រីអ្នកកាសែតអាមេរិកដើមកំណើតរុស្ស៊ីឈ្មោះ Alsu Kurmasheva  ជា​បុគ្គលិកធ្វើការឲ្យវិទ្យុ Radio Free Europe / Radio Liberty ដែល​មាន ទីស្នាក់ការនៅក្រុង Prague និង​ទទួល​បាន​ហិរញ្ញប្បទានពី រដ្ឋសភា​អាមេរិក​ត្រូវបានរដ្ឋអំណាច​រុស្ស៊ី​ចាប់ខ្លួនកាលពីខែតុលា ឆ្នាំ ២០២៣។ តាម​ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី លោកស្រី Alsu Kurmasheva បាន​ជាប់ចោទពី​បទ​ផ្សាយព័ត៌មានក្លែងបន្លំអំពី​កងទ័ពរុស្ស៊ីនៅអ៊ុយក្រែនដែល​ជា​ឧក្រិដ្ឋកម្ម​អាច​ទទួល​ទោសជាប់គុក៕

© រក្សាសិទ្ធិដោយ thmeythmey.com