RFI
អន្តរជាតិ
ភរិយា​មេម៉ាយ​របស់​លោក​ណាវ៉ាល់នី​ សន្យាបន្ត​បុព្វហេតុ​តស៊ូ​ដើម្បី​សេរីភាព​រុស្ស៊ី
22, Feb 2024 , 8:29 am        
រូបភាព
ភរិយា​មេម៉ាយ​របស់​លោក​ណាវ៉ាល់នី​ សន្យាបន្ត​ការ​​តស៊ូ​ដើម្បី​សេរីភាព​រុស្ស៊ី AP
ភរិយា​មេម៉ាយ​របស់​លោក​ណាវ៉ាល់នី​ សន្យាបន្ត​ការ​​តស៊ូ​ដើម្បី​សេរីភាព​រុស្ស៊ី AP
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
 
អ្នក​ស្រី​ជូលីយ៉ា ណាវ៉ាល់ណាញ៉ា ភរិយា​មេម៉ាយ​របស់​លោក​អាឡិចសី ណាវ៉ាល់នី បានប្រកាស​ប្តេជ្ញា​បន្ត​បុព្វហេតុ​នយោបាយ​របស់​ស្វាមី ក្នុង​ការ​​តស៊ូ​ប្រឆាំង​នឹង​លោក​វ្លាដេមៀ ពូទីន និង​បាន​អំពាវនាវ​ឱ្យសកម្មជន​ប្រឆាំង​ទាំងអស់​បន្ត​សកម្មភាព​ជាមួយ​អ្នក​ស្រី​ដើម្បី​សេរីភាព​ប្រទេស​រុស្ស៊ី។

 
នៅក្នុង​សារ​វីដេអូ៩នាទី​ បង្ហោះ​ផ្សាយ​នៅល្ងាច​ថ្ងៃ​ចន្ទទី​១៩ កុម្ភៈ អ្នក​ស្រី ជូលីយ៉ា ណាវ៉ាល់ណាញ៉ា ភរិយាមេម៉ាយ​របស់​លោក​អាឡិចសី ណាវ៉ាល់នី បាន​ស្បថសច្ចា​បន្ត​បុព្វហេតុ​តស៊ូ​ ដើម្បី​សេរីភាព​រុស្ស៊ី​ ជា​មួយ​សកម្មជន​ទាំង​ឡាយ៖ “យើង​ត្រូវ​តែ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​វាយ​ផ្តួល​លោក​ពូទីន និង​ក្រុមមិត្ត​ភឿន ពុករលួយ​ ព្រមទាំង​​ពួក​ចោរ​ឃាតករ​ដែល​ចង់បំផ្លាញ​ប្រទេស​”។ ដោយ​ត្រលប់​មក​រៀប​រាប់​អំពី​ប្រវត្តិ​និង​ទុក្ខវេទនា​របស់​ស្វាមី អ្នកស្រី​ចោទ​ដោយ​ត្រង់ៗ​ថា លោក​ពូទីន​ជា​អ្នក​សម្លាប់​លោកអាឡិចសី ណាវ៉ាល់នី ជា​ឪពុក​របស់​កូនៗ​គាត់ ហើយអាជ្ញាធរ​​​លាក់​សព​ ដើម្បី​បំបាត់​ដាន​នៃ​ការប្រើ​ថ្នាំ​គីមី​​បំពុលNovitchok។ ​តែ​អ្នក​ស្រី​​បាន​ធានាថា មិន​យូរ​ទេ​គេ​នឹង​រក​ឃើញ​ជនដៃដល់​​ប្រព្រឹត្ត​អំពីឧក្រិដ្ឋ​និង​លក្ខខណ្ឌ​នៃ​ការស្លាប់​របស់​លោក​ណាវ៉ាល់នី។ នេះ​បើ​តាម​សារ​វីដេអូ​ដដែល។
 
ភរិយា​មេម៉ាយ​របស់​លោក​ណាវ៉ាល់នី ក៏​បាន​ជំរុញ​ឱ្យ​សហភាពអឺរ៉ុប​កុំ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​នៅ​ថ្ងៃ​ទី​១៥-១៧មីនា​ដែល​លោក​ពូទីន​គ្រោង​ជាប់​ឆ្នោត​ជា​ថ្មី។ បើ​តាម​អ្នក​ស្រី ប្រធានាធិបតី​ដែល​សម្លាប់គូប្រជែង​នយោបាយ​ដ៏​ចម្បង​របស់​ខ្លួន​ មិន​សមជា​ប្រធានាធិបតី​ទេ។
 
ដោយ​មិន​បង្អង់ ​អ្នកនាំពាក្យ​វិមាន​ក្រេម​ឡាំង​បាន​បញ្ចេញ​ប្រតិកម្ម​ ច្រាន​ចោល​​ការ​ចោទ​ប្រកាន់​របស់​អ្នក​ស្រី​ជូលីយ៉ា ណាវ៉ាន់ណាញ៉ា ថា​គ្មាន​មូល​ដ្ឋាន​។ បើតាម​អ្នក​គ្រប់គ្រង​ពន្ធនាគារ លោក​អាឡិចស៊ី ណាវ៉ាល់នី បាន​ដួល​​បាត់​ស្មារតី​ហើយ​ស្លាប់​ នៅ​​ម៉ោង​ចេញ​ដើរ​លំហែក្នុង​គុក ហើយការ​វិភាគ​សាកសព​​ត្រូវ​ការ​ពេលយ៉ាងតិច​​១៤​ថ្ងៃ​ និង​​អាច​ពន្យារ​​ពេល​​ជា​ច្រើន​សប្តាហ៍​ទៀតដើម្បី​អង្កេត​។ នៅថ្ងៃ​អង្គារ​នេះ ម្តាយ​លោក​ណាវ៉ាល់នី អំពាវនាវ​ទៅ​កាន់​លោក​ពូទីន​ដោយ​ផ្ទាល់តែ​ម្តង​​ ឱ្យ​ប្រគល់​សព​កូន​ប្រុស​ដើម្បី​ធ្វើ​បុណ្យ​។ ប៉ុន្តែ​គ្មាន​ចម្លើយ​តប​សោះ។
 
សូម​បញ្ជាក់​ថា​មរណភាព​របស់​លោក​ណាវ៉ាល់នី បាន​បង្ក​ឱ្យ​ភាព​រំជើបរំជួល​ទាំងនៅក្នុង​ប្រទេស​រុស្ស៊ី និង​នៅ​បរទេស។ នៅម៉ូស្គូ​ ប៉ូលិស​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​យក​ផ្កា​ទៅ​បូជា​សព​មេ​បក្ស​ប្រឆាំង​នៅ​វិមាន​រឭកវិញ្ញាណក្ខន្ត​ជនរងគ្រោះ​នយោបាយ។ នៅអឺរ៉ុប បារាំង អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី​ ដាណឺម៉ាក ស៊ុយអែត បាន​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​មកជួប​តវ៉ាកាលពី​ថ្ងៃ​ចន្ទ ប៉ូឡូញ​ ស្លូវ៉ានី​បាន​កោះ​ហៅ​នៅថ្ងៃអង្គារ​នេះ។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​បារាំង​ស្នើ​សុំ​ឱ្យ​មាន​ការ​បើក​អង្កេត​ឯករាជ្យ​និង​ស៊ី​ជម្រៅ​រក​មូលហេតុ​នៃ​ការ​ស្លាប់​របស់​មេបក្ស​ប្រឆាំង​ណាវ៉ាល់នី​។

ប្រធានាធិបតី​អាមេរិក​ចូបៃដិន ថា​នឹង​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​បន្ថែមទៀត៕

© រក្សាសិទ្ធិដោយ thmeythmey.com