អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយក​រដ្ឋមន្ត្រី​ថៃ ​បើករថយន្ត​អគ្គិសនី របស់​​កូន​ស្រី​ទៅ​ធ្វើ​ការ
21, Feb 2024 , 5:59 pm        
រូបភាព
 រូបភាព ៖  បណ្តាញសង្គម X/@Thavisin
រូបភាព ៖ បណ្តាញសង្គម X/@Thavisin
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបើកបររថយន្តអគ្គិសនីពណ៌បៃតងខ្ចី របស់កូនស្រីពីផ្ទះទៅកាន់វិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក។

 
នាយករដ្ឋមន្រ្តីថៃ បានទៅបំពេញការងារនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ដោយបើករថយន្តអគ្គិសនីម៉ូដែល Fiat Abarth 500 ពណ៌បៃតងខ្ចី។ លោកបានបើកឡាននេះ ពីផ្ទះនៅតំបន់ Asok Sukhumvit ទៅកាន់វិមានរដ្ឋាភិបាល ដើម្បីធ្វើជាប្រធានកិច្ចប្រជុំស្តីពីគោលនយោបាយរថយន្តអគ្គិសនី។
 
«ចំណង់ចំណូលចិត្តរបស់ខ្ញុំគឺការបើកបរម្តងម្កាល។ ខ្ញុំតែងតែបើកឡានដោយខ្លួនឯងនៅពេលខ្ញុំជាអ្នកជំនួញ។ រថយន្តអគ្គិសនីនេះជារបស់កូនស្រីខ្ញុំ មានពណ៌ដ៏ស្រស់ស្អាត និងគួរឱ្យស្រលាញ់។ ខ្ញុំចូលចិត្តវាខ្លាំងណាស់» ។ នេះបើតាមសំណេរលោក សេដ្ឋា នៅលើបណ្តាញសង្គម X ។
 
រូបភាពពី X/ @Thavisin

តម្លៃទីផ្សាររបស់រថយន្តអគ្គិសនី Fiat Abarth 500 ប្រហែល ៦៦៥០០ដុល្លារ។ ម៉ូដែលរថយន្តនេះប្រើប្រាស់ម៉ូទ័រអេឡិចត្រិចដែលមានកម្លាំង ១៥៥សេះ។ នេះបើតាមសារព័ត៌មាន Bangkok Post ។ 
 
បន្ទាបពីកិច្ចប្រជុំបញ្ចប់ រដ្ឋាភិបាលថៃបានប្រកាសពីការអនុម័តវិធានការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនដឹកជញ្ជូនផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនី ក៏ដូចជាការឧបត្ថម្ភធនសម្រាប់ក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនី។
 
គោលនយោបាយនេះ ត្រូវបានរំពឹងថានឹងពង្រឹងជំហររបស់ថៃដែលជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីនៅក្នុងតំបន់ ខណៈការកាត់បន្ថយការបំពុលពីវិស័យដឹកជញ្ជូន និងផលិតកម្ម បានជួយឱ្យអាជីវកម្មសម្រេចបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័ន។
 
ថៃដាក់គោលដៅផ្លាស់ប្តូរ ៣០ភាគរយនៃរថយន្ត ២,៥លានគ្រឿងជារៀងរាល់ឆ្នាំទៅជារថយន្តអគ្គិសនីនៅឆ្នាំ ២០៣០ ។ បច្ចុប្បន្នប្រទេសនេះ ជាទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍៕ 
 

Tag:
 រថយន្តអគ្គីសនី
  ថៃ
  សេដ្ឋា ថាវីស៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com