កីឡាជាតិ
ជាតិ
ទោះមិនសង្ឃឹមលើកពានលីគ២ លោក ឈន សារ៉ាណេ ជំរុញឲ្យកីឡាករ រក្សាភាពស្ងៀមស្ងាត់
22, Feb 2024 , 10:28 am        
រូបភាព
កិច្ចប្រជុំជាមួយសមាជិកសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ។ រូបភាព៖ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ
កិច្ចប្រជុំជាមួយសមាជិកសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ។ រូបភាព៖ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ
មោឃភាពរាល់លទ្ធផលប្រកួតជាមួយអង្គរស៊ីធី (Angkor City) បានធ្វើឲ្យប៉ះពាល់ដល់ពិន្ទុរបស់សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ក្នុងការប្រជែងពានលីគលំដាប់ទី២ ជាមួយ Life FC ដែលឈរកំពូលតារាង។ លោក ឈន សារ៉ាណេ ប្រធានសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ប្រាប់ឲ្យគ្រូបង្វឹក កីឡាករ និងមន្ដ្រីការងារទាំងអស់រក្សាភាពស្ងៀមស្ងាត់ ហើយផ្ដោតទៅលើ ៣ប្រកួតចុងក្រោយ ដែលនៅសល់ក្នុងលីគ។



ក្រុម Angkor City រងពិន័យមិនឲ្យប្រកួត១ឆ្នាំ និងទឹកប្រាក់ចំនួន ១ ០០០ដុល្លា ព្រោះក្រុមនេះមិនមានថវិកាគ្រប់គ្រាន់ក្នុងការប្រកួតបន្ដក្នុងលីគ២។ បន្ទាប់ពីការដកចេញនៅក្រុម Angkor City ក្រុមហ៊ុនលីគកម្ពុជា (CPL) សម្រេចទុករាល់លទ្ធផលប្រកួតជាមួយក្រុមនេះ ជាមោឃៈ។ CPL មិនបានប្រកាសជាផ្លូវការលើផេក ឬគេហទំព័ររបស់ខ្លួននៅឡើយទេ ប៉ុន្ដែការដាក់ពិន័យ និងការធ្វើមោឃភាពនេះ  ត្រូវបានក្លិប Angkor City និងសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ បង្ហោះលើផេកហ្វេសប៊ុក នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
  
លោក ឈន សារ៉ាណេ ប្រធានសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ រូបពី សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ

យោងតាមការផ្សាយរបស់សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ មោឃភាពលទ្ធផលប្រកួតរបស់ Angkor City ជាមួយក្លិបលីគ២ទាំងអស់ ក្រុមហ៊ុន CPL មិនបានប្រជុំធ្វើបច្ចុប្បន្នភាពជាមួយបណ្ដាក្លិបក្នុងក្របខណ្ឌលីគ២ឡើយ។ ដោយឡែក ការសម្រេចនេះ បានធ្វើឲ្យប៉ះពាល់ដល់លទ្ធផល ដែលកំពុងប្រដេញគ្នារវាងក្លិប Life FC ឈរលេខ១ និងក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ ឈរលេខ២។ បើទោះជាបច្ចុប្បន្នភាព ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ ចាញ់ Life FC តែ១ពិន្ទុ ក៏ពិតមែន ប៉ុន្ដែការប្រកួតនៅសល់សម្រាប់ក្រុមក្រសួងមហាផ្ទៃ មានតែ៣ប៉ុណ្ណោះ ខណៈ ក្រុម Life FC នៅសល់៤ប្រកួត។ ជាលទ្ធផល បើទោះជា៣ប្រកួតចុងក្រោយ នៃលីគ២ ក្រុមក្រសួងមហាផ្ទៃ ឈ្នះទាំងអស់ ក៏មិនសង្ឃឹមថាអាចដណ្ដើមបានជើងឯកលីគ២ដែរ។
 
ដោយឡែក លោក ឈន សារ៉ាណេ ប្រធានសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ណែនាំឲ្យគ្រូបង្វឹក កីឡាករទាំងអស់ រក្សាភាពស្ងៀមស្ងាត់ ហើយបន្ដការហ្វឹកហាត់ ដោយផ្ដោតលើ ៣ប្រកួត ដែលនៅសល់។ ប្រធានសមាគមរូបនេះ ជំរុញឲ្យកីឡាករ ប្រឹងអស់ពីសមត្ថភាព និងហ្វឹកហាត់ឲ្យបានល្អ ដើម្បីត្រៀមខ្លួនចូលរួមជាមួយលីគកំពូលនៅរដូវកាលក្រោយ។ នេះបើយោងតាមការបង្ហោះរបស់សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ៕

Tag:
 បាល់ទាត់
  Cambodian League 2
  ឈន សារ៉ាណេ
© រក្សាសិទ្ធិដោយ thmeythmey.com