កីឡាជាតិ
ជាតិ
កម្មវិធីបាល់ទះ ៤ទល់៤ បង្កើតដើម្បីលុបបំបាត់ការលេងខុសស្តង់ដាបច្ចេកទេស
22, Feb 2024 , 6:59 pm        
រូបភាព
ពានរង្វាន់កីឡាបាល់ទះ ៤ទល់៤ បង្កើតឡើងក្នុងគោលបំណងលុបបំបាត់ការលេងបាល់ខុសស្តង់ដាបច្ចេកទេស ដូចជា ប៉ះស្អិត ចាប់បោះលើកបោក ដែលជាកង្វល់របស់ស្ថាប័នគ្រប់គ្រងកន្លងមក។ នេះជាការលើកឡើងរបស់លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា (VFC)។




​«មូលហេតុតែមួយគត់លេងអត់ស្តង់ដា គឺខ្ញុំហាមកីឡាករជម្រើសជាតិទាំងអស់ មិនអាចលេងបាល់ខុសស្តង់ដានោះទេ។ ព្រោះការបង្កើត ៤x៤ ខ្ញុំបានជជែងគ្នារួចហើយគឺលេងទៅតាមស្តង់ដា យើងចង់លុបបំបាត់ការលេងបាល់ដោយខុសបច្ចេកទេស ជាពិសេសគឺប៉ះស្អិត លើកបោក ដែលបានឃើញលេងហើយបង្ហោះនៅលើបណ្តាញសង្គមយើងរាល់ថ្ងៃ»។ លោក សេរីពិសិដ្ឋ អះអាងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានការរៀបចំការប្រកួតពានរង្វាន់បាល់ទះ Wurkz Special Volleyball Challenge Cup 2024 នាថ្ងៃទី២០ ខែកុម្ភៈ។ អគ្គលេខាធិការ VFC សារភាពថា ខ្លួនខ្មាសគេក្នុងនាមជាសមាជិកសហព័ន្ធបាល់ទះអាស៊ីអាគ្នេយ៍ចំពោះកត្តាទាំងនេះ នៅពេលគេសួរទៅរូបលោកម្តងៗ។
 
ពានរង្វាន់បាល់ទះ ៤ទល់៤ ត្រូវបានបង្កើតឡើងដោយសហព័ន្ធបាល់ទះកម្ពុជា តាំងពីឆ្នាំ ២០២១ មក ហើយការប្រកួតឆ្នាំ ២០២៤ នឹងធ្វើឡើងនៅតាមបណ្តាភូមិភាគទូទាំងប្រទេសកម្ពុជាលើកដំបូង ដោយមានក្រុមចូលរួមប្រកួតចំនួន ៤២ក្រុម។ 
  


ចាប់ផ្តើមការប្រកួតពីថ្ងៃទី២៤ ខែកុម្ភៈ ខេត្តបាត់ដំបង នឹងក្លាយជាភូមិភាគទី១ ក្នុងការរៀបចំបើកឆាកការប្រកួត មុនពេលត្រូវរៀបចំបន្តនៅខេត្តសៀមរាប ជាភូមិទី២, ខេត្តកំពង់ចាម ភូមិភាគទី៣, ខេត្តព្រៃវែង​ ភូមិភាគទី៤ និងខេត្តព្រះសីហនុ ជាភូមិភាគទី៥។ 
 
នៅតាមភូមិភាគនីមួយៗ នឹងមានការប្រមូលផ្តុំក្រុមមកពីខេត្តជុំវិញនោះដើម្បីប្រកួតប្រជែងដណ្តើមកៅអីមកប្រកួតជុំផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ដែលរៀបចំពីថ្ងៃទី២២-២៨ ខែមីនា។
  


ចំពោះការប្រកួតបាល់ទះ ៤ទល់៤ នឹងធ្វើឡើងនៅតាមបណ្តាខេត្តលើកដំបូង អគ្គលេខាធិការបាល់ទះ បានបញ្ជាក់ថាដើម្បីផ្តល់ឱកាសកាន់តែធំទូលាយទៅកាន់មនុស្សដែលមានសមត្ថភាពបាល់ទះពិតប្រាកដ ឱ្យចូលរួមប្រកួតប្រជែង និងបង្ហាញសមត្ថភាព។ ចំពោះច្បាប់នៃការប្រកួតទៀតសោត សហព័ន្ធបាល់ទះក៏នឹងប្រើប្រាស់ក្បួនច្បាប់កីឡា ដូចទៅនឹងប្រព័ន្ធសហព័ន្ធបាល់ទះពិភពលោក FIVB ដូចបាល់ទះក្នុងសាល ឬក៏ឆ្នេរខ្សាច់។
 
លោក អាំង សេរីពិសិដ្ឋ លើកឡើងដូច្នេះថា៖«កាលពីមុនយើងសឹងតែរក ១០ក្លិប មកប្រកួតមិនបានផង ប៉ុន្តែការប្រកួតលើកនេះយើងមានក្រុមចូលរួមដល់ទៅ ៤២ក្រុម នឹងធ្វើឡើងនៅតាមខេត្តលើកដំបូង។ យើងបាននាំយកវិស័យបាល់ទះរបស់យើងទៅដល់ភូមិឋានប្រជាជនពលរដ្ឋតែម្តង ទៅដល់ភូមិឋានរបស់អត្តពលិក និងអ្នកដែលស្រលាញ់កីឡាបាល់ទះតែម្តង។

ខុសពីលើកមុនយើងមានសមត្ថភាពតែខ្វះលទ្ធភាពមិនបានបង្ហាញដើម្បីក្លិបចាប់អារម្មណ៍ តែពេលនេះអ្នកមានសមត្ថភាពពិតប្រាកដមានឱកាសកាន់តែធំ។»៕






Tag:
 បាល់ទះ
  អាំង សេរីពិសិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com