ជាតិ
មុននាំចេញរ៉ែ ក្រសួងតម្រូវឱ្យបង់ប្រាក់តម្កល់យ៉ាងតិច៥ភាគរយ នៃថ្លៃសួយសារ
22, Feb 2024 , 5:00 pm        
រូបភាព
ការដ្ឋានចម្រាញ់រ៉ែមាស របស់ក្រុមហ៊ុនឯកជនមួយ នៅកម្ពុជា
ការដ្ឋានចម្រាញ់រ៉ែមាស របស់ក្រុមហ៊ុនឯកជនមួយ នៅកម្ពុជា
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងរ៉ែនិងថាមពល កំណត់ឱ្យអ្នកនាំចេញរ៉ែ បង់ប្រាក់តម្កល់អប្បបរមា៥ភាគរយ នៃថ្លៃសួយសារលើផលិតផលរ៉ែ តាមបរិមាណកូតា ដែលត្រូវបានអនុញ្ញាត។ នេះបើតាមប្រការ៤ នៃប្រកាសអន្តរក្រសួងស្ដីពី បែបបទ និងនីតិវិធីនៃការបង់កាតព្វកិច្ចហិរញ្ញវត្ថុមិនមែនសារពើពន្ធ សម្រាប់ការនាំចេញផលិតផលរ៉ែ។

 
ប្រកាសចេញថ្ងៃទី២១កុម្ភៈ មាន១៤ប្រការ ។ ក្នុងនោះប្រការ៤ បានចែងថា
ក្រៅពីត្រូវបង់ប្រាក់តម្កល់អប្បបរមា៥ភាគរយ មុនពេលនាំចេញហើយ អ្នកនាំចេញក៏ត្រូវបង់ប្រាក់ធានាកាត់កង សម្រាប់ការកាត់កងកាតព្វកិច្ចហិរញ្ញវត្ថុមិនមែនសារពើពន្ធ តាមការនាំចេញជាក់ស្ដែងដែរ។ 
 
ការកំណត់បែបបទ និងនីតិវិធីនៃការបង់កាតព្វកិច្ចហិរញ្ញវត្ថុមិនមែនសារពើពន្ធ សម្រាប់ការនាំចេញផលិតផលរ៉ែ រៀបចំឡើង ដើម្បីធានាការប្រមូលចំណូលប្រកបដោយតម្លាភាព ប្រសិទ្ធភាព បញ្ចៀស ការកើតមានបំណុលជាយថាហេតុ និងជួយសម្រួលលំហូរសាច់ប្រាក់របស់អ្នកនាំចេញផលិតផលរ៉ែ។ 
 
ប្រកាសដដែល បានបញ្ជាក់ថា អ្នកនាំចេញរ៉ែ អាចដាក់ពាក្យស្នើសុំទៅក្រសួងរ៉ែ ដើម្បីដកប្រាក់ តម្កល់អប្បបរមា ក្រោយបញ្ចប់ការនាំចេញជាស្ថាពរ និងក្នុងលក្ខខណ្ឌ ដែលនាំចេញផលិតរ៉ែ បានបំពេញកាតព្វកិច្ចត្រឹមត្រូវហើយ។ ក្រោយទទួលបានពាក្យស្នើសុំនេះ ក្រសួងនឹងស្នើទៅក្រសួងសេដ្ឋកិច្ច ដើម្បីបង្វែរប្រាក់តម្កល់អប្បបរមាទៅអ្នកនាំចេញវិញ។ 
 
ក្នុងករណីអ្នកនាំចេញរ៉ែ មិនបំពេញកាតព្វកិច្ចហិរញ្ញវត្ថុមិនមែនសារពើពន្ធ ឬកាតព្វកិច្ចផ្សេងទៀត,  រងការបិទបញ្ចប់ការនាំចេញជាអចិន្ត្រៃយពីក្រសួងរ៉ែ ក្នុងករណីល្មើសច្បាប់, គោលការណ៍កំណត់កូតាអនុញ្ញាតឱ្យនាំចេញរ៉ែ បានដកហូត និងអាជ្ញាបណ្ណធនធានរ៉ែ ត្រូវដកហូតនោះ ប្រាក់តម្កល់អប្បបរមារបស់អ្នកនាំចេញរ៉ែ នឹងត្រូវរឹបអូសទុកជាប្រយោជន៍ជាតិ។ 
 
ចំណែក ប្រាក់ធានាកាត់កងវិញ អ្នកនាំចេញពុំមានសិទ្ធិដកប្រាក់ ដែលនៅសល់ឡើយ។ ប្រាក់ធានាកាត់កង ដែលនៅសល់នោះ ក្រសួងនឹងបូកយោង សម្រាប់យកទូទាត់ជាមួយនឹងកាតព្វកិច្ចហិរញ្ញវត្ថុ មិនមែន​សារពើពន្ធ តាមបរិមាណនៃគោលការណ៍កំណត់កូតាអនុញ្ញាត
ឱ្យនាំចេញផលិតផលរ៉ែបន្ទាប់៕

Tag:
 រ៉ែ
© រក្សាសិទ្ធិដោយ thmeythmey.com