អន្តរជាតិ
អង់គ្លេសដើរចេញពីសន្ធិសញ្ញាធម្មនុញ្ញថាមពល ដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុ
22, Feb 2024 , 5:29 pm        
រូបភាព
អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខថាមពលចក្រភពអង់គ្លេស និងអព្យាក្រឹតកាបូន លោក Graham Stuart។ រូបភាព AFP
អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខថាមពលចក្រភពអង់គ្លេស និងអព្យាក្រឹតកាបូន លោក Graham Stuart។ រូបភាព AFP
អង់គ្លេស នៅថ្ងៃទី២២ ខែកុម្ភៈ បានលើកឡើងថា ពួកគេនឹងដើរតាមគន្លងប្រទេសអឺរ៉ុបផ្សេងៗ ទៀត ដើម្បីចាកចេញពីសន្ធិសញ្ញាអន្តរជាតិមួយដែលត្រូវបានរងការរិះគន់ថារាំងស្ទះកិច្ច ខិតខំទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដោយសារសន្ធិសញ្ញានេះបានការពារការវិនិយោគ លើថាមពលឥន្ធនៈផូស៊ីល។

 
សន្ធិសញ្ញាធម្មនុញ្ញថាមពលឆ្នាំ ១៩៩៨ បានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនប្ដឹងរដ្ឋាភិបាលលើគោល នយោបាយដែលធ្វើឱ្យខូចខាតដល់ការវិនិយោគរបស់ពួកគេ ហើយក្នុងប៉ុន្មានឆ្នាំចុងក្រោយ ច្បាប់នេះជារបាំងមួយសម្រាប់គោលនយោបាយដែលតម្រូវឱ្យបិទរោងចក្រ
ឥន្ធនៈហ្វូស៊ីល។ 
 
អង់គ្លេសបាននិយាយថា ការធ្វើកំណែទម្រង់លើសន្ធិសញ្ញាធម្មនុញ្ញថាមពលឆ្នាំ ១៩៩៨ ឱ្យត្រូវគ្នានឹងកិច្ចខិតខំទប់ស្កាត់បម្រែបម្រួលអាកាសធាតុ គឺរងការបរាជ័យហើយ។ 
 
«សន្ធិសញ្ញាធម្មនុញ្ញថាមពលគឺហួសពេលវេលា ហើយស្ថិតក្នុងតម្រូវការបន្ទាន់ក្នុងការកែទម្រង់។ យ៉ាងណាមិញ កិច្ចពិភាក្សាត្រូវបានជាប់គាំង ហើយការបន្តទៅមុខមើលទៅក៏មិនអាចទៅរួចដែរ» ។ អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខថាមពលចក្រភពអង់គ្លេស និងអព្យាក្រឹតកាបូន លោក Graham Stuart មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយបែបនេះរួចបន្តថា ការបន្តជា សមាជិកនឹងមិនគាំទ្រការផ្លាស់ប្តូររបស់ពួកគេទៅកាន់ថាមពលដែលស្អាតជាង និងថោកជាង នេះទេ ហើយថែមទាំងអាចរារាំងការព្យាយាមឈានមុខគេក្នុងពិភពលោក ក្នុងការទទួលបាន កម្រិតការបញ្ចញកាបូនសូន្យផងដែរ។
 
ទន្ទឹមនេះ រដ្ឋាភិបាលសម្គាល់ថា បន្ទាប់ពីពិចារណាលើទស្សនៈរបស់ក្រុមហ៊ុនឯកជន ឧស្សាហកម្ម និងសង្គមស៊ីវិល ពួកគេទាំងអស់នេះនឹងជួយជំរុញឱ្យមានការដកខ្លួនរបស់អង់គ្លេសដែលនឹងចូលជាធរមានបន្ទាប់ពីមួយឆ្នាំ ហើយការការពារសម្រាប់ការវិនិយោគថ្មី នឹងត្រូវបានលុបចោលបន្ទាប់ពីការសម្រេចបានជាផ្លូវការ។
 
កាលពីខែកក្កដាកន្លងទៅ គណៈកម្មការអឺរ៉ុបបានស្នើឱ្យបណ្តាប្រទេសសហភាពអឺរ៉ុបរួមគ្នា ចាកចេញពីសន្ធិសញ្ញានេះ។ ប្រទេសសមាជិកសហភាពអឺរ៉ុបចំនួនប្រាំបួនរួមមាន បារាំង អាល្លឺម៉ង់ អេស្ប៉ាញ និងហូឡង់ ជាដើម បានដកខ្លួនរួចហើយ៕
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com