ជាតិ
បោះឆ្នោត
បក្ស៣បានចុះបញ្ជីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤
04, Mar 2024 , 11:44 am        
រូបភាព
បក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ឆ្នាំ២០២៤។
បក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ឆ្នាំ២០២៤។
ភ្នំពេញ៖ មានគណបក្ស៣ហើយ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ,ក្រុមប្រឹក្សាក្រុង -ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។

 
គ.ជ.ប បានបើកឱ្យបណ្ដាបក្សនយោបាយទាំងអស់ ដែលមានបំណងចង់ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ ចុះបញ្ជីគណបក្សឈរឈ្មោះ និងបេក្ខជន ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៦ មីនា។ ក្រោយការប្រកាសនេះ គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត បានទទួលពាក្យសុំចុះបញ្ជីបេក្ខជន ពីគណបក្សនយោបាយចំនួន៣ កាលពីថ្ងៃទី២មីនា ។ 
 
គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោះតជ្រើសរើសក្រុមប្រឹក្សាសរុប៨៦១៨រូប ក្នុងនោះ មានបេក្ខជនពេញសិទ្ធិ៤២០០នាក់ និងបម្រុង៤៤១៨នាក់។ បេក្ខជនទាំងនោះ បានឈរឈ្មោះនៅ២៥រាជធានីខេត្ត និងទូទាំង២០៩ ក្រុង ស្រុក ខណ្ឌ។ 
 
ចំណែកបក្សឆន្ទៈខ្មែរ ដាក់បេក្ខជនឈរឈ្មោះសរុប៧៤៩រូប ក្នុងនោះបេក្ខជនពេញសិទ្ធិ៣៧១នាក់ និងបម្រុង៣៧៨នាក់។ បក្សនេះ ដាក់បេក្ខជន ឈរឈ្មោះនៅមណ្ឌលរាជធានីខេត្តចំនួន៣ និងក្រុង ស្រុក ខណ្ឌ ចំនួន១៨។ 
 
រីឯ បក្សកម្លាំងជាតិ ចុះប​ញ្ជីបេក្ខជនឈរឈ្មោះសរុប៤២៧រូប ក្នុងនោះអ្នកពេញសិទ្ធិ២១៣នាក់ និងបម្រុង២១៤នាក់។ បក្សកម្លាំងជាតិ ឈរឈ្មោះនៅមណ្ឌលរាជធានីខេត្តចំនួន២ និងមណ្ឌលក្រុង ស្រុក ខណ្ឌ ចំនួន៩។ 
ចំពោះនីតិវិធីសម្រាប់ការបោះឆ្នោតវិញ គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត នឹងពិនិត្យ ហើយសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត យ៉ាងយូរ៥ថ្ងៃ ក្រោយទទួលបានពាក្យស្នើសុំនេះ។ គ.ជ.ប បន្ថែម។
 
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤  រួមទាំងការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលបណ្ដោះអាសន្ន នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ឧសភា៕ 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com